អន្តរជាតិ
អាមេរិក​និង​កូរ៉េខាងត្បូង ដើរ​លើផ្លូវ​តែមួយ​ដើម្បី​បញ្ចប់​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
29, Jun 2017 , 5:03 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ចាប់ដៃស្វាគមន៍សមភាគីកូរ៉េខាងត្បូង Kang Kyung-wha (រូបភាពក្រសួងការបរទេសអាមេរិក)
រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ចាប់ដៃស្វាគមន៍សមភាគីកូរ៉េខាងត្បូង Kang Kyung-wha (រូបភាពក្រសួងការបរទេសអាមេរិក)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បាន​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង Kang Kyung-wha នៅ​ថ្ងៃទី​២៨ ខែមិថុនា មុន​ជំនួប​កំពូល​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ។ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅតែ​ជា​ប្រធាន​សំខាន់​រវាង​មេដឹកនាំ​សម្ព័ន្ធមិត្ត​ទាំងពីរ​។ បើតាម​ការលើកឡើងរ​ប​ស់លោក ធី​ល័​រ​សិន អាមេរិក​និង​កូរ៉េខាងត្បូង​ស្ថិត​លើផ្លូវ​តែមួយ​ក្នុងការ​បញ្ចប់​មហិច្ឆតា​កូរ៉េខាងជើង​។​



​អាមេរិក និង​កូរ៉េខាងត្បូង បាន​ឯកភាពគ្នា​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង តាមរយៈ​ការបង្កើន​សម្ពាធ​ឲ្យ​ខ្លាំង​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បោះបង់​មហិច្ឆតា​របស់ខ្លួន​។ នៅមុននេះ បើទោះជា​មាន​គោលដៅ​ដូចគ្នា​មែន អាមេរិក​ហាក់​មានការ​ប្រញាប់ប្រញាល់​ខ្លាំង​ក្នុងការ​បញ្ចប់​វិបត្តិ​នេះ​ឲ្យ​ចប់​ក្នុង​រយៈពេល​ខ្លី តែ​ខុសពី​កូរ៉េខាងត្បូង​ដែល​ចង់​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ជា​ជំហានៗ​វិញ​។​

​យ៉ាងណាក៏ដោយ ទាំង​អាមេរិក និង​ទាំង​កូរ៉េខាងត្បូង បាន​រួមដៃគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នេះ​ឲ្យ​បាន​។ ក្នុងជំនួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង Kang Kyung-wha នៅ​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន និយាយថា សម្ព័ន្ធមិត្ត​ទាំងពីរ​បាន​ដើរ​លើផ្លូវ​តែមួយ ក្នុង​គោលដៅ​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​រក្សា​សន្តិភាព​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ដែរ​។​

​លោកស្រី Kang Kyung-wha បាន​ទៅដល់​អាមេរិក​នៅ​ថ្ងៃទី​២៨ ខែមិថុនា ដោយបាន​អមដំណើរ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន នា​ទស្សនកិច្ច​នៅ​អាមេរិក​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ លោក មូ​ន និង​លោក ត្រាំ នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២៩ និង​ទី​៣០ ខែមិថុនា ដោយមាន​បញ្ហា​កូរ៉េខាងជើង ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រធាន​សំខាន់​។ លើ​បញ្ហា​កូរ៉េខាងជើង លោក ត្រាំ ចង់​ដាក់​សម្ពាធ​ឲ្យ​ខ្លាំងក្លា តែ​លោក មូ​ន ចង់​ដោះស្រាយ​តាម​ការចរចា និង​កិច្ចសហប្រតិបត្តិកា​រវិ​ញ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រមុខ​ការទូត​ទាំងពីរ បាន​យល់ព្រម​ដាក់ចេញ​យុទ្ធសាស្ត្រ​រួមគ្នា​ដើម្បី​បញ្ឈប់​មហិច្ឆតា​កូរ៉េខាងជើង ដោយ​រក្សា​គោលការណ៍​រួម​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ក៏​រំពឹងថា សម្ព័ន្ធភាព​រវាង​អាមេរិក និង​កូរ៉េខាងត្បូង នឹង​ដើរតួនាទី​សំខាន់​ក្នុង​បញ្ហា​នេះ ខណៈ​កូរ៉េខាងត្បូង​ក៏​ធ្លាប់បាន​អះអាង​ដែរ​ថា ខ្លួន​មិនចាំបាច់​ធ្វើតាម​អាមេរិក​គ្រប់​រឿង​នោះឡើយ​។​

​ជាមួយគ្នានេះ ទាំង​លោក ធី​ល័​រ​សិន ទាំង​លោកស្រី Kang បានលើកឡើង​ដូចគ្នា​ថា​នឹង​ប្រឹងប្រែង​ដើម្បី​ឲ្យ​ជំនួប​រវាង​លោក ត្រាំ និង​លោក មូ​ន សម្រេចបាន​លទ្ធផល​គាប់ប្រសើរ​។ នេះ​ក៏​ព្រោះតែ​វា​ជំនួប​កំពូល​ទល់មុខ​លើកដំបូង​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​ចាប់តាំងពី​ការចូល​កាន់តំណែង​មក​នោះ​។ គេ​រំពឹង​ទៀតថា ក្រៅពី​បញ្ហា​កូរ៉េខាងជើង ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល THAAD អាច​ត្រូវ​លើកឡើង​ដែរ ក្រោយ​កូរ៉េខាងត្បូង​សម្រេចចិត្ត​ផ្អាក​ផែនការ​នេះ​បណ្ដោះអាសន្ន​ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​សិន​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com