អន្តរជាតិ
លោក ឌូ​ទើ​តេ បើកដៃ​ឲ្យ​ទាហាន​សម្លាប់​ពួក​ភេរវជន ទោះជា​ត្រូវ​លះបង់​ជីវិត​ជនស្លូតត្រង់​ក៏ដោយ​
29, Jun 2017 , 8:19 pm        
រូបភាព
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងទៅកាន់ទាហានហ្វីលីពីន (រូបភាពវិមានប្រធានាធិបតី)
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងទៅកាន់ទាហានហ្វីលីពីន (រូបភាពវិមានប្រធានាធិបតី)
​បន្ទាប់ពី​បាត់​មុខជា​សាធារណៈ​អស់​ពេល​ជិត​មួយ​សប្ដាហ៍ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ចេញមក​ចូលរួម​កម្មវិធី​ផ្សេង​វិញ​ហើយ​។ នៅ​ថ្ងៃទី​២៨ ខែមិថុនា លោក ឌូ​ទើ​តេ បាន​ចូលរួម​ក្នុង​ខួប​ទី​១២០ ថ្ងៃ​បង្កើត​កងការពារ​ប្រធានាធិបតី ហើយ​លោក​ក៏បាន​ប្រាប់​ឲ្យ​ទាហាន​ទាំងអស់​សម្លាប់​ពួក​ភេរ​វករ ដោយ​មិនចាំបាច់​រើសមុខ​ឡើយ ទោះជា​ត្រូវ​លះបង់​ជីវិត​ប្រជាជន​ក្ដី​។ លោក​និយាយ​ដូចនេះ ខណៈ​ទាហាន​ហ្វីលីពីន​កំពុង​វាយ​ប្រយុទ្ធ​ជាមួយ​ពួក​ភេរវ​ករ​នៅ​ទីក្រុង​ម៉ា​រ៉ាវី​។​



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានចេញ​បញ្ជា​ឲ្យ​កងទ័ព​ហ្វីលីពីន​កម្ទេច​ពួក​ជ្រុលនិយម​ឲ្យ​អស់ ដោយ​មិនចាំបាច់​ខ្វល់​ពី​ជីវិត​ប្រជាជន​ឡើយ​។ លោក ឌូ​ទើ​តេ ក៏​ធានា​ការពារ​ពួកគេ ប្រសិនបើ​ពួកគេ​សម្លាប់​ជីវិត​ជនស្លូតត្រង់ អំឡុងពេល​បំពេញការងារ​របស់ខ្លួន​។ នៅពេលនេះ ទាហាន​ហ្វីលីពីន​កំពុងបើក​យុទ្ធនាការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ទីក្រុង​ម៉ា​រ៉ាវី នៅ​ភាគខាងត្បូង​សម្បូរ​ជន​មូស្លីម​។​

​ចំពោះមុខ​កងការពារ​ប្រធានាធិបតី​នៅ​ថ្ងៃទី​២៨ ខែមិថុនា លោក ឌូ​ទើ​តេ បាន​ប្រាប់​ទាហាន​ហ្វីលីពីន​កុំ​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​សម្លាប់​ពួកឧក្រិដ្ឋជន​ដោយ​គ្រាន់តែ​ឃើញ​មាន​ប្រជាជន​ឲ្យ​សោះ​។ ប្រធានាធិបតី​រូបនេះ​និយាយថា វា​ជាកា​ត្វ​កិច្ច​របស់​ប្រជាជន​ដែល​ត្រូវ​រត់គេច ឬរ​ត់រក​កន្លែង​មាន​សុវត្ថិភាព​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler ដែល​បន្តថា លោក ឌូ​ទើ​តេ នឹង​ជួយ​ការពារ​ទាហាន​ពី​ការកាត់ទោស​ទាំងឡាយ ពេល​អនុវត្តតាម​បញ្ជា​របស់លោក​។​

​ប្រធានាធិបតី​មាត់ឆៅ​រូបនេះ​ពន្យល់ថា​៖ «​យើង​នឹង​ប្រឈមមុខ​ការចោទប្រកាន់​ដូចជា​ការសម្លាប់​រង្គាល​ជាដើម​។ ដូច​ដឹង​ហើយ គ្រាប់កាំភ្លើង​តែង​រត់​ទម្លុះ​វត្ថុ​គ្រប់យ៉ាង ហើយ​ពេល​កេះ​មួយដង ចេញបី​បួន​គ្រាប់​ឯណោះ​។ ប៉ុន្តែ​អ្នក​បន្ត​បាញ់​រហូត​ទៅ ទោះជា​គ្រាន់​កាំភ្លើង​រត់​តម្រង់​នរណា​ក៏ដោយ​»​។ បើតាម​សម្ដី​លោក ឌូ​ទើ​តេ ហេតុការណ៍​ដែល​កើតឡើង គឺជា​រឿង​ចៃដន្យ គ្មាន​នរណា​ចង់​ឲ្យ​កើត​ទេ តែ​លោក​នឹង​ការពារ​ទាហាន​របស់ខ្លួន​ដាច់ខាត​។​

​ការដាក់​បទបញ្ជា​រប​ស់លោក ឌូ​ទើ​តេ ធ្វើឡើង​ស្របពេល​ដែល​ការប្រយុទ្ធ​រំដោះ​ទីក្រុង​ម៉ា​រ៉ាវី​កំពុង​បន្ត​នៅឡើយ ខណៈ​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងជា​លំដាប់​។ មកទល់ពេលនេះ មនុស្ស​ច្រើនជាង​៤០០​នាក់​បាន​បាត់​បង់ជីវិត​ក្នុងការ​វាយ​ប្រយុទ្ធ​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ក្រុម​សកម្មជន​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​។ នៅ​ថ្ងៃទី​២៨ ខែមិថុនា ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​ចំនួន​១៧ នៅ​តំបន់​ដែល​ទាហាន​រដ្ឋាភិបាល​ទើប​ដណ្ដើម​គ្រប់គ្រង​។

​លោក ឌូ​ទើ​តេ បានប្រកាស​ដាក់​តំបន់​ភាគ​ត្បូង​នេះ​ឲ្យ​ស្ថិតក្រោម​ច្បាប់អាជ្ញាសឹក បន្ទាប់ពី​ក្រុម​ជ្រុលនិយម​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​ម៉ា​រ៉ាវី កាលពី​ថ្ងៃទី​២៣ ខែមិថុនា ខណៈ​លោក​កំពុង​ទស្សនកិច្ច​នៅ​រុស្ស៊ី​នៅឡើយ​។ ទោះជា​ការប្រកាស​ច្បាប់អាជ្ញាសឹក​នេះ​នៅ​ចម្រូងចម្រាស់​ក្ដី លោក ឌូ​ទើ​តេ បាន​ប្ដេជ្ញា​ដណ្ដើម​ទីក្រុង​ម៉ា​រ៉ាវី​មកវិញ និង​បោសសម្អាត​ពួក​ភេរ​វករ​ឲ្យ​អស់​។ ប៉ុន្តែ​ការព្យាយាម​របស់​កងទ័ព​រដ្ឋាភិបាល​នៅ​មិនទាន់​ទទួលជោគជ័យ​នៅឡើយ​ទេ​៕


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com