អន្តរជាតិ
ពូ​ទីន និង​ត្រាំ អាច​ជួបពិភាក្សា​ទ្វា​ភាគី​លើកដំបូង​ក្រៅ​កិច្ចប្រជុំ​ប្រទេស​២០ នៅ​អាល្លឺម៉ង់​
29, Jun 2017 , 9:19 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បានបញ្ជាក់​ថា​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក ដូ​ណា​ល់ ត្រាំ អាច​នឹង​ជួប​ពិភាក្សាគ្នា​ពី​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​និង​បញ្ហាសំខាន់​ផ្សេងទៀត​នៅក្រៅ​កិច្ចប្រជុំ​ប្រទេស ២០​នៅ​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់​សប្តាហ៍​ក្រោយ​។

 


​ក្នុង​ស​ន្និ​សី​សារព័ត៌មាន​ជាមួយ​សម​ភាគី​អាល្លឺម៉ង់​លោក Sigmar Gabriel នៅ​ថ្ងៃ​ពុធ​ទី ២៨ ខែមិថុនា​នៅ​ក្រុង Krasnodar ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បង្ហើប​ពី​ឱកាស​នៃ​ការជួប​សំណេះសំណាល​គ្នា​រវាង​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​។​

​លោក Lavrov បាន​លើកឡើងថា វា​ជា​រឿង​ដែល​អាច​កើតឡើង​ព្រោះ​លោក ដូ​ណា​ល់ ត្រាំ និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ស្ថិតនៅក្នុង​កិច្ចប្រជុំ​ប្រទេស ២០ រួមគ្នា ហើយ​វា​ជា​រឿង​ដែល​អាច​រំពឹងទុក​មុន​បានដែរ​។​

​សារព័ត៌មាន​រុស្ស៊ី RT បាន​ស្រង់​សម្តី​លោក Lavrov ដូច្នេះ​៖« យើង​អាចសន្និដ្ឋាន​ជាមុន​បាន​ថា​ការជជែក​ពិភាក្សាគ្នា​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​នឹង​កើតឡើង ព្រោះ​មេដឹកនាំ​ទាំងពីរ​នឹង​ស្ថិតនៅក្នុង​ទីក្រុង​តែមួយ អាគារ​រួមគ្នា និង​កន្លែង​ប្រជុំ​តែមួយ​ផង​។ គិតថា​ខ្ញុំ​រំពឹង​ខុស​ទៅ​ចុះ បើសិន​អុ្ន​ក​ទាំងពី​នៅតែ​មិនអាច​ជួប​ជជែក​គ្នា​ពី​បញ្ហា​ប្រឈម​ជាច្រើន​នោះ​»​។​

​បន្ទាប់ពី​លើកឡើង​ពី​លទ្ធភាព​នៃ​ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​លោក  Lavrov បាន​បន្ថែម​ផងដែរ ក្នុងករណី​ដែលមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​ប្រទេស​២០ លោក ត្រាំ និង​លោក ពូ​ទីន នឹងមាន​ឱកាស​ជជែក​ពី​បញ្ហា​ច្រើន​។ មិន​ត្រឹមតែ​រឿង​ស៊ី​រី និង​អ៊ុយ​ក្រែ​ន​ដែលជា​បញ្ហា​ក្តៅ​ទេ មេដឹកនាំ​ទាំងពីរ​នឹង​ផ្តោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា​ចំពោះមុខ​ដោយ​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​សិន ព្រោះ​វា​សំខាន់​។

«​ជំហាន​ដំបូង​បំផុត យើង​គួរតែ​ព្យាយាម​ស្តារ​កិច្ចសន្ទនា​ទ្វេភាគី​ឲ្យ​បាន​ជោគជ័យ​សិន  ដោយ​កិច្ចសន្ទនា​ទ្វេភាគី​នោះ​ផ្អែក​សំខាន់​លើ​ផលប្រយោជន៍​ស្នូល​របស់​ប្រទេស​ទាំងពីរ​ដែរ​»​។ លោក Lavrov បានបញ្ជាក់​ដូច្នេះ​។​

​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​ក៏បាន​ស្វាគមន៍​ផងដែរ បើសិនជា​កិច្ចសន្ទនា​រវាង​មេដឹកនាំ​កំពូល​មហាអំណាច​ទាំងពីរ​កើតឡើង​នៅពេល​ខាងមុខ​មែន​នោះ​។ 

​តាមពិតទៅ​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​នៅតែ​ល្អក់កករ​ខ្លាំង ទោះបីជា​លោក ដូ​ណា​ល់ ត្រាំ មាន​ជំហរ​ចង់​ស្តារ​ទំនាក់ទំនង​នោះ​ឡើងវិញ​ក៏ដោយ​។ ចលនា​ប្រឆាំង​រុស្ស៊ី​កើតឡើង​យ៉ាង​ផុសផុល​នៅ​អាមេរិក​ជាពិសេស​គេ​ចោទប្រកាន់ថា រុស្ស៊ី​បាន​លូកលាន់​ការបោះឆ្នោត​អាមេរិក​និង​ជួយ​ឲ្យ ត្រាំ​ជាប់ឆ្នោត​ផង​។ ប៉ុន្តែ​ទាំង​រដ្ឋបាល​ត្រាំ និង​វិមាន​ក្រេ​ម​ឡាំង​បដិសេធ​ការចោទប្រកាន់​នេះ​។

​ក្រៅពី​បញ្ហា​នេះ អាមេរិក និង​រុស្ស៊ី​កាន់តែ​ប្រឈមមុខគ្នា​ខ្លាំង​នៅក្នុង​ជម្លោះ​ស៊ី​រី ចាប់ពី​មានការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ខែមេសា​កន្លងមក​ដែល​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាងហោចណាស់ ៨០​នាក់​ស្លាប់​។ អាមេរិក​ចោទប្រកាន់​រដ្ឋាភិបាល​ស៊ី​រី​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី ហើយ​លោក ត្រាំ បាន​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល​ជិត ៦០ គ្រាប់​ចូល​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី Shayrat ដែល​បំផ្លាញ​យន្តហោះ​ចម្បាំង​ស៊ី​រី​អស់​ជាច្រើន​គ្រឿង​ផង​។  

​មកដល់​ខែមិថុនា​នេះ ទំនាក់ទំនង​កាន់តែ​ធ្លាក់ចុះ ហើយ​រុស្ស៊ី​បានសម្រេច​កាត់​ផ្តាច់ការ​ប្រាស្រ័យ​ទាក់ទង​បញ្ចៀស​ការប៉ះទង្គិច​ពេល​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​នៅ​ស៊ី​រី​ផង ឆ្លើយតប​ការបាញ់​ទម្លាក់​យន្តហោះ​រដ្ឋាភិបាល​ស៊ី​រី​ដែល​កំពុង​ទម្លាក់​គ្រាប់​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នោះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Sergei Lavrov
© រក្សាសិទ្ធិដោយ thmeythmey.com