អន្តរជាតិ
អង់គ្លេស​ថា «​នាវា​រុស្ស៊ី​ឡើង​ចាស់​» តែ​រុស្ស៊ី​ឌឺ​វិញ​ថា «​នាវា​អង់គ្លេស​ធំ​តែ​មាឌ​»
30, Jun 2017 , 9:19 am        
រូបភាព
នាវាដឹកយន្តហោះរុស្ស៊ី Admiral Kuznetsov និងនាវាដឹកយន្តហោះអង់គ្លេស HMS Queen Elizabeth
នាវាដឹកយន្តហោះរុស្ស៊ី Admiral Kuznetsov និងនាវាដឹកយន្តហោះអង់គ្លេស HMS Queen Elizabeth
​អង់គ្លេស និង​រុស្ស៊ី បាន​រិះគន់​គ្នា​ទៅវិញទៅមក​រឿង​សមត្ថភាព​របស់​នាវា​ដឹក​យន្តហោះ​របស់​ប្រទេស​នីមួយៗ​។ ការឆ្លើយ​ឆ្លង​នេះ ធ្វើឡើង​ក្រោយ​អង់គ្លេស​បញ្ចេញ​នាវា​ដឹក​យន្តហោះ​ធំជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​កាលពីដើម​សប្ដាហ៍​នេះ​។ ប្រមុខ​ការពារជាតិ​អង់គ្លេស​និយាយថា រុស្ស៊ី​ច្រណែន​អង់គ្លេស​ដែលមាន​នាវា​ដឹក​យន្តហោះ​ដ៏​ធំ​អស្ចារ្យ ព្រោះ​រុស្ស៊ី​មានតែ​នាវា​ដឹក​យន្តហោះ​កញ្ចាស់ ប៉ុន្តែ​រុស្ស៊ី​ក៏​ឆ្លើយ​វិញ​ថា នាវា​អង់គ្លេស​ធំ​មែន តែ​ងាយស្រួល​វាយប្រហារ​ណាស់​។​



​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ចេញមក​ឆ្លើយតប​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អង់គ្លេស Michael Fallon ដែល​និយាយ​បង្អាប់​នាវាចម្បាំង​រុស្ស៊ី បន្ទាប់ពី​អង់គ្លេស​ទើប​ផលិត​បាន​នាវា​ដឹក​យន្តហោះ​ថ្មី HMS Queen Elizabeth ដែលមាន​ទម្ងន់​ដល់​ទៅ​៦៥០០០​តោន​ឯណោះ និង​ជានា​វា​ធំជាងគេ​របស់​កងទ័ព​ជើង​ទឹក​អង់គ្លេស​។ លោក Fallon និយាយថា រុស្ស៊ី​នឹង​ច្រណែន​អង់គ្លេស​មិន​ខាន​ពេល​ឃើញ​នាវា​អង់គ្លេស​។

​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន Telegraph នៅ​ថ្ងៃទី​២៧ ខែមិថុនា ថា ពេលដែល​ឃើញ​នាវា​ដឹក​យន្តហោះ​រុស្ស៊ី Admiral Kuznetsov ដែល​ចាស់​ទ្រុឌទ្រោម ធ្វើដំណើរ​ឆ្លើង​កាត់​សមុទ្រ Channel កាលពី​ប៉ុន្មាន​ខែ​មុន លោក​គិតថា​រុស្ស៊ី​ប្រាកដ​មានចិត្ត​ច្រណែន​នឹង​នាវា​ថ្មី​របស់​អង់គ្លេស​។ យ៉ាងណាក្ដី ក្រសួងការពារជាតិ​បាន​ហៅ​ការលើកឡើង​របស់លោក Fallon ជា​រឿង​អួតអាង ដោយ​មិនបាន​ស្វែងយល់​ពី​វិទ្យាសាស្ត្រ​អ្វី​ឡើយ​។  

​បើតាម​សារព័ត៌មាន RT អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ប្រៀបធៀប​នាវា​ដឹក​យន្តហោះ​ថ្មី​របស់​អង់គ្លេស​ទៅនឹង​សម្បុក​ឃ្មុំ ដែល​មិនអាច​ការពារ​ខ្លួន​បានទេ​។ លោក Igor Konashenkov ជា​អ្នកនាំពាក្យ​និយាយ​ដឺ​ដង​ទៀតថា នាវា HMS Queen Elizabeth អាច​បញ្ចេញ​យន្តហោះ​ចម្បាំង​បាន តែ​ត្រូវ​ការការពារ​ពី​នាវា​ផ្សេងទៀត​ដូចជា​នាវា​ប្រយុទ្ធ នាវា​ដឹកជញ្ជូន និង​នាវាមុជទឹក​ជាដើម​។ បើតាម​អ្នកនាំពាក្យ​ដដែល​នេះ នាវា​អង់គ្លេស​គ្រាន់តែ​ជា​គោលដៅ​វាយប្រហារ​ដ៏​ស្រួល​មួយ​ប៉ុណ្ណោះ​។​

​ទន្ទឹមនឹង​ការនិយាយ​ឌឺដង​អង់គ្លេស​នោះ ក្រសួងការពារជាតិ​រុស្ស៊ី​ក៏បាន​អួតអាង​ពី​សមត្ថភាព​នាវា​ដឹក​យន្តហោះ Admiral Kuznetsov ដែលជា​នាវា​ចាស់វស្សារ​បស់​ខ្លួន​។ មន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​ខាងលើ​អួតថា នាវា​ដឹក​យន្តហោះ​រុស្ស៊ី​មាន​កាំភ្លើង​ប្រឆាំង​យន្តហោះ មី​ស៊ី​ល​ប្រឆាំង​នាវាមុជទឹក ក៏ដូចជា​មី​ស៊ី​ល​ប្រឆាំង​កប៉ាល់ចម្បាំង Granit ដ៏​មាន​ឥទ្ធិពល​ទៀតផង​។ ប៉ុន្តែ​នាវា​ទើប​ផលិត​ថ្មី​របស់​អង់គ្លេស​មិនមាន​សមត្ថភាព​បែបនេះ​ទេ​។

​សូមបញ្ជាក់ថា អង់គ្លេស​បាន​ចំនាយ​ទឹកប្រាក់​ដល់​ទៅ​៦​ពាន់​លាន​ផោន​ដើម្បី​សាងសង់​នាវា​ដឹក​យន្តហោះ HMS Queen Elizabeth ។ នាវា​ដឹក​យន្តហោះ​ដែលមាន​ទំហំ​ស្មើ​តារាបាល់ទាត់​ចំនួន​៣ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​សមុទ្រ​ដើម្បី​សាកល្បង​សមត្ថភាព មុននឹង​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​។ ចំណែក​នាវា​ដឹក​យន្តហោះ Admiral Kuznetsov គឺជា​នាវា​ប្រើ​ប្រេង​ដ៏​ចំណាស់ បន្សល់ទុក​តាំងពី​យូរ​មកហើយ និង​ជានា​វា​ដឹក​យន្តហោះ​តែមួយគត់​របស់​រុស្ស៊ី​៕       


Tag:
 អង់គ្លេស​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com