អន្តរជាតិ
ជំនួប​កំពូល G-20 នៅ​អាល្លឺម៉ង់​នឹង​អាចជា​ជំនួប​សោះកក្រោះ​?
30, Jun 2017 , 7:39 pm        
រូបភាព
​មេដឹកនាំ​សមាជិក​អឺរ៉ុប​សំខាន់ៗ​មានបារាំង អេ​ស្ប៉ា​ញ ហូ​ឡង់ អង់គ្លេស ន័​រ​វ៉េ​ស និង​អ៊ីតាលី បាន​ជួបប្រជុំគ្នា​នៅ​រដ្ឋធានី​បែរ​ឡាំង​នៅ​ថ្ងៃទី​២៩ ខែមិថុនា ដែល​គេ​មើលឃើញថា​ជាការ​ប្រុងប្រៀប​របស់​អឺរ៉ុប​សម្រាប់​ជំនួប​កំពូល​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G-20) នៅ​សប្ដាហ៍​ក្រោយ​។ មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប​ទាំង​៦ បាន​ពិភាក្សា​រក​ជំហរ​ការពារ​ផលប្រយោជន៍​រួមគ្នា​លើ​ផ្នែក​ពាណិជ្ជកម្ម បម្រែបម្រួល​អាកាសធាតុ និង​សន្តិសុខ​។ ជំនួប G-20 លើក​នេះ ទំនង​ជាការ​ជំនួប​ដ៏​សោះកក្រោះ​មួយ ព្រោះ​ចំពេល​សមាជិក​ខ្លះ​មាន​នយោបាយ​ផ្ទុយគ្នា ឯ​ខ្លះទៀត​មាន​ទំនាក់ទំនង​មិនល្អ​ទៅទៀត​។​



​មុន​ជំនួប​ប្រទេស G-20 នៅ​ថ្ងៃទី​៧ និង​ថ្ងៃទី​៨ ខែកក្កដា មេដឹកនាំ​រដ្ឋាភិបាល​ស​មា​ជិ​ក​អឺរ៉ុប​ចំនួន​៦ បាន​ជួបគ្នា​ជាមួយ​អធិការបតី​អាល្លឺម៉ង់ ដើម្បី​ត្រៀម​ជំនួប​សំខាន់​នេះ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស ហូ​ឡង់ អ៊ីតាលី អេ​ស្ប៉ា​ញ ន័​រ​វ៉េ​ស និង​ប្រធានាធិបតី​បារាំង សុទ្ធ​តែមាន​វត្តមាន​ក្នុងជំនួប​នៅ​រដ្ឋធានី​បែរ​ឡាំង​។ អធិការបតី​អាល្លឺម៉ង់ Angela Merkel ដែលជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ G-20 ទំនងជា​ត្រូវ​ឈឺក្បាល​ខ្លាំង ព្រោះ​កិច្ចប្រជុំ​លើក​នេះ​ខុសប្លែក និង​លំបាក​ជាង​កិច្ចប្រជុំ​សព្វមួយដង​។​

​បញ្ហាសំខាន់ៗ​ច្រើន​នឹង​ក្លាយជា​ឧបសគ្គ​សម្រាប់​ជំនួប G-20 ដែល​ធ្វើ​នៅ​ទីក្រុង Hamburg នៅ​សប្ដាហ៍​ក្រោយ​។ នយោបាយ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដូចជា​ការដកខ្លួន​ចេញ​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ ការ​រឹតត្បិត​ការធ្វើដំណើរ និង​នយោបាយ​គាំពារ​និយម​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម បាន​ក្លាយជា​ចម្រូងចម្រាស និង​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​ខកចិត្ត​យ៉ាងខ្លាំង ព្រោះ​អាមេរិក​គិតតែ​ប្រយោជន៍​ខ្លួនឯង​ជាង​ប្រយោជន៍​រួម​។​

១. អាល្លឺម៉ង់ និង​បារាំង ចាប់ដៃគ្នា​ការពារ​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​

​ការដើរ​ចេញ​របស់​អា​មេ​រិ​ក​ពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ គឺជា​ប្រធានបទ​សំខាន់​សម្រាប់​ជំនួប​កំពូល G-20 ។ គេ​រំពឹងថា​មេដឹកនាំ​ប្រទេស​ផ្សេងទៀត នឹង​បញ្ចុះបញ្ចូល​អាមេរិក​ឲ្យ​ពិចារណា​ម្ដងទៀត​លើ​កិច្ចព្រមព្រៀង​នេះ ជាជាង​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ទោះជា​អាមេរិក​មិន​ចូលរួម​កិច្ចព្រមព្រៀង​នេះ​វិញ​ក៏ដោយ បារាំង និង​អាល្លឺម៉ង់ ឯកភាពគ្នា​ហើយ​ថា​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​នឹង​នៅតែ​បន្ត​ទៅមុខ​ដដែល​។​

​អធិការបតី​អាល្លឺម៉ង់ Angela Merkel និង​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាស​រួមគ្នា​នៅ​សន្និសីទកាសែត​ថ្ងៃទី​២៩ ខែមិថុនា ក្នុងការ​ការពារ​កិច្ចព្រមព្រៀង​ប៉ារីស បើទោះជា​អាមេរិក​ដកខ្លួន​ក៏ដោយ​។ យ៉ាងណាក្ដី លោក ម៉ា​ក្រុង ហាក់​មាន​ជំហរ​ទន់ភ្លន់​ដាក់​អាមេរិក​ជាង​លោកស្រី Merkel ។ ជាមួយនឹង​ការសង្ឃឹម​ថា​អាមេរិក​នឹង​ពិចារណ​ម្ដងទៀត​នោះ លោក ម៉ា​ក្រុង ក៏​មិន​ទុក​ឲ្យ​លោក ត្រាំ ឯកោ​ក្នុង​កិច្ចប្រជុំ​នៅ​សប្ដាហ៍​ក្រោយ​ដែរ​។​

​ខុសពី​ប្រធានាធិបតី​បារាំង លោកស្រី Merkel មាន​ជំហរ​តឹង​រ៉ឺ​ង​ដាក់​អាមេរិក​តាំងពីដើម​មក​។ លោកស្រី Merkel បាន​ផ្ញើ​សារ​ច្បាស់ៗ​ហើយ​ថា លោកស្រី​នឹង​តទល់​ជាមួយ​លោក ត្រាំ លើ​កិច្ចព្រមព្រៀង​បម្រែបម្រួល ពាណិជ្ជកម្ម និង​អន្តោប្រវេសន៍​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អធិការបតី​អាល្លឺម៉ង់​បាន​និយាយ​ឌឺ​ថា បញ្ហា​សកល​មិនអាច​ដោះស្រាយ​តាម​ការផ្ដាច់​ខ្លួន​នៅតែ​ឯង និង​ការ​គាំពារ​និយម​ឡើយ​។​

២. អាល្លឺម៉ង់ នឹង​បើកដៃ​ឲ្យ​មានការ​ជួបជុំ​ធ្វើបាតុកម្ម​ប្រឆាំង​មេដឹកនាំ​បរទេស​

​រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​បើក​សិទ្ធិ​ឲ្យ​មានការ​ធ្វើបាតុកម្ម​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល G-20 នៅ​ទីក្រុង​កំពង់ផែ Hamburg ។ មន្ត្រី​រដ្ឋាភិបាល​អាល្លឺម៉ង់​បញ្ជាក់ថា ការជួបជុំ​ជា​សិទ្ធិ​ប្រជាជន និង​មានចែង​ក្នុង​គោលការណ៍​ប្រជាធិបតេយ្យ​ផងដែរ ដូចនេះ​រដ្ឋាភិបាល​នឹងមិន​រារាំង​ការជួបជុំ​នេះឡើយ​។ អ្វី​កាន់តែ​សំខាន់​នោះ ការបើក​សិទ្ធិ​ឲ្យ​មានការ​ធ្វើបាតុកម្ម​នេះ គឺជា​សារ​សម្រាប់​មេដឹកនាំ​ផ្សេងៗ​ដូចជា​លោក ត្រាំ ប្រធានាធិបតី​តួ​ក​គី និង​ប្រធានាធិបតី​រុស្ស៊ី​ជាដើម​។​

​ជាធម្មតា ជំនួប​សំខាន់​បែបនេះ តែង​រៀបចំ​នៅ​កន្លែង​ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​របស់​សាធារណជន ហើយ​ងាយស្រួល​ការពារ​សុវត្ថិភាព ប៉ុន្តែ​កិច្ចប្រជុំ​នៅ​ទីក្រុង Hamburg នៅ​ឆ្នាំនេះ ខុសប្លែក​ពី​ឆ្នាំមុន​។ រដ្ឋាភិបាល​អាល្លឺម៉ង់ បែរ​ជ្រើសរើស​កន្លែង​ប្រជុំ​នៅ​កណ្ដាល​ទីក្រុង ដែល​បង្ក​ការងាយស្រួល​សម្រាប់​ក្រុមបាតុករ​ទៅវិញ ហើយ​លំបាក​សម្រាប់​ក្រុមប៉ូលិស​។ ប៉ូលិស​ពីរម៉ឺន​នាក់ ព្រមទាំង​សេះ ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង និង​របាំង​ដែក នឹងត្រូវ​ពង្រាយ​នៅក្បែរ​កន្លែង​ប្រជុំ​។​

​មន្ត្រីប៉ូលិស​និយាយថា ក្រុមបាតុករ​ជិត​មួយ​ម៉ឺន​នាក់ នឹង​ប្រមូល​ផ្ដុំគ្នា​ដើម្បី​តវ៉ា​នយោបាយ​របស់​ប្រទេស G-20 ក៏ដូចជា​បង្កើតជា​ឧបសគ្គ​ផ្សេង​ដល់​កិច្ចប្រជុំ​ផងដែរ​។ គេ​រំពឹង​ដែរ​ថា ក្រុមបាតុករ​ជនជាតិ​ឃើ​ដ នឹង​មក​ប្រឆាំង​វត្តមាន​របស់​ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ចំពោះ​នយោបាយ​ប្រឆាំង​ជនជាតិ​ឃើ​ដ​របស់លោក ខណៈ​ជនជាតិ​តួ​ក​គី​ខ្លះ​ក៏​មក​ប្រមូលគ្នា​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​លោក អ៊ែរ​ដូ​ហ្កា​ន់ ផ្ទាល់​ផងដែរ​។​

៣. ជំនួប G-20 ដ៏​សោះកក្រោះ​

​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Merkel ត្រូវ​ទទួល​មេដឹកនាំ​ធំៗ​ចំនួន​១៩ ផ្សេងទៀត​មកពី​ជុំវិញ​ពិភពលោក ក៏ដូចជា​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​សំខាន់​ក្នុង​ទីក្រុង Hamburg ។ បញ្ហា​អាកាសធាតុ អន្តោប្រវេសន៍ និង​ពាណិជ្ជកម្ម នឹង​គ្រប់​ដណ្ដប់​កិច្ចប្រជុំ​នេះ ហើយ​ច្បាស់​ណាស់​ថា ការខ្វែងគំនិត​គ្នា​នឹង​កើតមាន​មិន​ខាន​។ លោកស្រី Merkel ដែលជា​ម្ចាស់​កិច្ចប្រជុំ​នឹង​ប្រកាន់​ជំហរ​ដាច់ខាត​ខ្លាំង​ដើម្បី​ការពារ​ប្រយោជន៍​សកលលោក​។  

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ទំនាក់ទំនង​រវាង​លោកស្រី Merkel ជាមួយ​មេដឹកនាំ​ជា​ភ្ញៀវ​មាន​តួ​ក​គី រុស្ស៊ី និង​អាមេរិក មិនល្អ​ឡើយ​។ ជាមួយ​អាមេរិក លោកស្រី Merkel ប្រកាន់​ជំហរ​ជំទាស់​ដាច់​ណាត់​នយោបាយ​របស់លោក ត្រាំ មិន​កិច្ចព្រមព្រៀង​ប៉ារីស ឬក៏​នយោបាយ​ពាណិជ្ជកម្ម​អ្វី​ឡើយ​។ ដោយឡែក​ជាមួយ​រុស្ស៊ី​វិញ អាល្លឺម៉ង់ នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​ដដែល ក្នុង​គោលដៅ​បង្ខំ​ឲ្យ​រុស្ស៊ី​ប្រគល់​តំបន់​គ្រី​មៀ និង​បញ្ចប់​វិបត្តិ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។

​ចំណែក​រឿង​ថ្មីៗ​នេះ​វិញ អាល្លឺម៉ង់ និង​តួ​ក​គី ក៏​មិនត្រូវ​គ្នា​ដែរ ពាក់ព័ន្ធ​ការប្រើប្រាស់​មូលដ្ឋាន​កង​ទ័ព​តួ​ក​គី​ពី​សំណាក់​អាល្លឺម៉ង់​។ រឿងរ៉ាវ​មើលមុខ​គ្នា​មិន​ចំណេះ​កើតឡើង បន្ទាប់ពី​ក្រុង​អង់កា​រ៉ា​ហាមឃាត់​សមាជិកសភា​អាល្លឺម៉ង់​ចូល​សួរសុខទុក្ខ​កងទ័ព​អាល្លឺម៉ង់​នៅ​មូលដ្ឋាន Incirlik ដើម្បី​ឆ្លើយតប​នឹង​ការហាមឃាត់​មន្ត្រី​តួ​ក​គី​ចូលរួម​ការជួបជុំ​រប​ស់​ប្រជាជន​តួ​ក​គី​នៅ​អាល្លឺម៉ង់​។ ដោយសារ​រឿងនេះ អាល្លឺម៉ង់​ក៏​សម្រេចចិត្ត​ឈប់​ប្រើប្រាស់​មូលដ្ឋានទ័ព​តួ​ក​គី និង​រើ​កងទ័ព​ទៅ​ដាក់​នៅ​ហ្ស៊​កដា​នៅ​វិញ​៕  


Tag:
 អឺរ៉ុប​
  អាល្លឺម៉ង់​
  G-20
© រក្សាសិទ្ធិដោយ thmeythmey.com