អន្តរជាតិ
រដ្ឋបាល​ត្រាំ សម្រេច​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ តែ​សន្យា​គោរព​«​គោលនយោបាយ​ចិន​តែមួយ​»​ ​
30, Jun 2017 , 3:17 pm        
រូបភាព
យន្តហោះចម្បាំងតៃវ៉ាន់ (រូបភាព៖ South China Morning Post)
យន្តហោះចម្បាំងតៃវ៉ាន់ (រូបភាព៖ South China Morning Post)
ដោយ: ថ្មីៗ
​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ សម្រេច​លក់​អាវុធ​ទំហំ​ច្រើនជាង ១,៣​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​ទង្វើ​នេះ​អាចធ្វើ​ឲ្យ​ចិន​មហា​យក្ស​ចិន​ក្តៅស្លឹកត្រចៀក​ជាថ្មី​ទៀតផង​។ ប៉ុន្តែ​អាមេរិក​បានប្រកាស​ឡើង​វិញ​ថា ខ្លួន​នៅតែ​ប្រកាន់​ជំហរ​គោរព​គោលនយោបាយ​ចិន​តែមួយ​ជានិច្ច ហើយ​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ​មិន​ប៉ះពាល់​អ្វី​ឡើយ​។​



 អាវុធ​ដែលមាន​តម្លៃ​ច្រើនជាង ១,៣​ពាន់​លាន​ដុល្លារ​អាមេរិក​នឹងត្រូវ​លក់​ឲ្យ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់ ក្រោយពេល​មានការ​អនុញ្ញាត​ឲ្យ​លក់​អាវុធ​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ខែមិថុនា ហើយ​ការសម្រេច​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ​ក៏​អាច​នឹងធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​ជាថ្មី​ផងដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អាវុធ​ដែល​អាមេរិក​សម្រេច​លក់​ឲ្យ​កោះ​តៃវ៉ាន់​នេះ​គឺធ្វើឡើង​តាមច្បាប់​ស្តី​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ឆ្នាំ ១៩៧៩ ដែល​ចែងថា អាមេរិក​រក្សា​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​និង​រក្សា​សិទ្ធិ​លក់​អាវុធ​ឲ្យ​កោះ​នេះ​ក្នុង​ក្រម​ខណ្ឌ​មួយ​សមស្រប​សម្រាប់​ការពារ​ខ្លួន​។​

​ដើម្បី​ការពារ​ក្រែង​មានការ​ទិតៀន​ពី​សំណាក់​ក្រុង​ប៉េកាំង មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​នោះ​ក៏បាន​លើកឡើង​ជាថ្មី​ថា អាវុធ​លក់​ឲ្យ​តៃវ៉ាន់​មិន​ប៉ះពាល់​គោលជំហរ​របស់​អាមេរិក​ក្នុង​ការគោរព​គោលនយោបាយ​ចិន​តែមួយ​ឡើយ​។ វា​ត្រឹមតែ​ជា​ការជួយ​ផ្គត់ផ្គង់​អាវុធ​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​តៃវ៉ាន់ ហើយក៏​មិនមាន​ប៉ះពាល់​ឬ​ធ្វើ​ឲ្យ​ចិន​ត្រូវ​បារម្ភ​នោះដែរ​។​

 គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ការសម្រេចចិត្ត​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ កើតឡើង​ស្រប​ពេលដែល​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋា​បា​ភិ​បាល​ចិន​របស់លោក ស៊ី ជិន​ភីង​។ ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​បង្កើត​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​និង​ស្វែងរក​វិធាន​ការរួម​ដើម្បី​រឹតត្បិត​ការផលិត​និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​អន្តរទ្វីប​ជាដើម​របស់​ក្រុង​ព្យុងយ៉ាង​។​

​ត្រឡប់មកវិញ ការលក់​អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ចុងក្រោយ​បំផុត​នៅ​ខែធ្នូ​ឆ្នាំ ២០១៥ ក្នុង​អាណត្តិ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ កាលនោះ​ចិន​តវ៉ា​ជារឿយៗ និង​ទិតៀន​អាមេរិក​ខ្លាំងៗ​ផងដែរ​ពាក់ព័ន្ធ​ចេតនា​ជួយ​ផ្គត់ផ្គង់​អាវុធ​ដល់​កោះ​តៃវ៉ាន់​តែ​ជា​តំបន់​ចាត់ទុកជា​ក្រុម​ទាមទារ​ផ្តាច់ខ្លួន​នេះដែរ​។​

​ហើយ​ចូលដល់​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ នោះ​ចិន​ក៏​ក្រពុលមុខ​ច្រើនដង​ដែរ​ឲ្យ​តែ​ពាក់ព័ន្ធ​តៃវ៉ាន់​។ បន្ទាប់ពី​ជាប់ឆ្នោត​ខែវិច្ឆិកា​ឆ្នាំ ២០១៦ លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ទទួល​ការ​សាទរ​តាម​ទូរ​សព្ទ​ពី​សំណាក់​ប្រមុខរដ្ឋ​តៃវ៉ាន់​លោកស្រី Tsai Ing-wen​។ ប៉ុន្តែ​ក្រោយមក​លោក​ប្រញាប់​បញ្ជាក់​ពី​ជំហរ​អាមេរិក​ក្នុងការ​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ​ក្នុង​ជួប​ជាមួយ​ប្រធានាធិបតី ស៊ី ជិន​ភីង​៕


© រក្សាសិទ្ធិដោយ thmeythmey.com