អន្តរជាតិ
កាន់តំណែង​មួយឆ្នាំ ឌូ​ទើ​តេ ថា​លោក​មិន​ខ្វល់​ពី​ប្រជាប្រិយភាព​ទេ សំខាន់​ជួយ​ប្រជាជន​
30, Jun 2017 , 8:39 pm        
រូបភាព
​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ កាន់តំណែង​ប្រធានាធិបតី​ហ្វីលីពីន​បាន​មួយឆ្នាំ​គត់ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ។ រយៈពេល​មួយឆ្នាំ​មកនេះ លោក ឌូ​ទើ​តេ បាន​លេចមុខ​លើ​ទំព័រមុខ​សារព័ត៌មាន​មិនសូវ​ដាច់​ឡើយ ដោយសារតែ​អាកប្បកិរិយា​ខុសប្លែក​ពី​មេដឹកនាំ​ដទៃទៀត​។ សង្គ្រាម​សម្អាត​គ្រឿងញៀន និង​ការលុបបំបាត់​អំពើពុករលួយ ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​លោក​លេចមុខ​លេច​មាត់​ផង និង​រង​ការរិះគន់​ផង​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ មិន​ខ្វល់​ប្រជាប្រិយភាព​អ្វី​ទេ ហើយ​ផ្ដោត​សំខាន់​លើ​ការជួយ​ប្រជាជន​ប៉ុណ្ណោះ​។​



​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ហ្វីលីពីន ហើយក៏​ជា​ប្រធានាធិបតី​ចាស់​ជាងគេ​ដែរ​។ ក្នុងពេល​១២​ខែ​មកនេះ លោក ឌូ​ទើ​តេ បាន​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​ជាច្រើន បោសសម្អាត​មន្ត្រី​ពុករលួយ និង​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរ​វករ​ជ្រុលនិយម​នៅ​ភាគខាងត្បូង​ជាដើម​។ ប្រជាប្រិយភាព​របស់លោក​នៅតែមាន​កម្រិត​ខ្ពស់​ក្នុងចំណោម​ប្រជាជន​ហ្វីលីពីន ទោះជា​មានការ​រិះគន់​ខ្លះ​លើ​ចំណាត់ការ​លោក​ក៏ដោយ​។​

​យ៉ាងណាក្ដី ប្រធានាធិបតី​រូបនេះ មិនបាន​យកចិត្ត​លើ​ប្រជាប្រិយភាព​របស់លោក​ក្នុង​រយៈ​មួយឆ្នាំ​មកនេះ​ទេ តែ​លោក​នឹង​នៅតែ​បន្ត​ការប្ដេជ្ញាចិត្ត​របស់លោក​ក្នុងការ​ការពារ​ប្រជាជន​ហ្វីលីពីន​ពី​ការគំរាមកំហែង​ទាំងឡាយ​។ លោក​និយាយថា ប្រជាជន​ហ្វីលីពីន​អាច​កំណត់​ប្រជាប្រិយភាព​លោក​តាមចិត្ត មិន​ថា​លោក​ដឹកនាំ​ល្អ ល្អ​ណាស់ យ៉ាប់​ណាស់ ឬ​យ៉ាងណា​ឡើយ គឺ​លោក​មិន​ខ្វល់ខ្វាយ​ទេ ហើយ​លោក​បន្តការងារ​របស់​លោក​ដដែល​។

​យោងតាម​សារព័ត៌មាន Manila Bulletin លោក ឌូ​ទើ​តេ បាន​ត្រឹម​បញ្ជាក់ថា វា​ជា​រឿង​ល្អ បើ​លោក​ដឹកនាំ​បានល្អ តែបើ​ការដឹកនាំ​របស់លោក​ធ្វើ​ឲ្យ​ប្រជាជន​មិន​សប្បាយចិត្ត លោក​សុំទោស​។ មិន​ត្រឹមតែ​មិន​ចូលចិត្ត​ការកំណត់​ប្រជាប្រិយភាព​នោះទេ លោក ឌូ​ទើ​តេ ផ្ទាល់​ក៏​មិន​ចង់​ដាក់ពិន្ទុ​លើ​ការដឹកនាំ​របស់ខ្លួន​លោក​នោះទេ ប៉ុន្តែ​លោក​នឹង​ទុក​ឲ្យ​ប្រជាជន​ហ្វីលីពីន​ជា​អ្នកពិនិត្យមើល​លើ​ការដឹកនាំ​របស់លោក​ទៅវិញ​។​

​តាមពិត​ការដឹកនាំ​រយៈពេល​មួយឆ្នាំ​មកនេះ លោក ឌូ​ទើ​តេ ចាប់ផ្ដើម​ដោយ​រលូន​ជាមួយនឹង​ការ​សាទរ​លើ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​របស់លោក ប៉ុន្តែ​ការបាត់​បង់ជីវិត​មនុស្ស​រាប់ពាន់នាក់​ក្នុង​យុទ្ធនាការ​នេះ​ធ្វើ​ឲ្យ​លោក​រង​ការរិះគន់​មិនតិច​ដែរ​។ លើសពីនោះ​ទៅទៀត លោក ក៏​រង​ការមិន​ពេញចិត្ត​ក្នុងការ​ផ្លាស់ប្ដូរ​នយោបាយ​ការបរទេស​លោក​ដោយ​ងាក​ចេញពី​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ​អាមេរិក ហើយ​បោះដៃ​ទៅរក​ចិន​ដែលជា​គូ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

​ចុង​ក្រោយនេះ​ទៀតសោត រដ្ឋាភិបាល​លោក ឌូ​ទើ​តេ ក៏​ប្រឈមមុខ​បញ្ហា​មួយទៀត​គឺ​ការ​ងើបឡើង​របស់​ពួក​ជ្រុលនិយម​នៅ​ភាគខាងត្បូង​ដែលជា​សាខា​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ មាន​អ្នកខ្លះ​រិះគន់​រដ្ឋាភិបាល ដែល​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ប្រើប្រាស់​ពេលវេលា​យូរ​ក្នុងការ​បោសសម្អាត​ក្រុម​នេះ ហើយ​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​យ៉ាងច្រើន​។ ទោះជា​មានរឿង​រ៉ាវ​ច្រើន​កើតឡើង​ក្ដី រឿង​មិនអាច​ប្រកែក​បាន​នោះ​ក្នុងពេល​មួយឆ្នាំ​នេះ គឺ​លោក ឌូ​ទើ​តេ បាន​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​របស់​ហ្វីលីពីន​៕ 


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com