អន្តរជាតិ
ព្រោះ​រង​សម្ពាធ​ពី​រដ្ឋបាល ត្រាំ UN ព្រម​កាត់លុយ​ទ្រទ្រង់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ពិភពលោក​
30, Jun 2017 , 5:17 pm        
រូបភាព
​ចុងក្រោយ​អង្គការសហប្រជាជាតិ​ព្រម​កាត់បន្ថយ​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​ពិភពលោក តាម​ការទាមទារ​រប​ស់​ក្រុង​វ៉ាស៊ីនតោន​ហើយ​។ ថវិកា​សម្រាប់​គាំទ្រ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ឆ្នាំក្រោយៗ​ទៀត ថយចុះ​រហូតដល់​ជិត ៦០០​លាន​ដុល្លារ​អាមេរិក​ឯណោះ​។



​បន្ទាប់ពី​រង​សម្ពាធ​ពី​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ  មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​ឯកភាព​កាត់បន្ថយ​ថវិកា​សម្រាប់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​ពិភពលោក​។ ថវិកា​នេះ​នឹងត្រូវ​កាត់បន្ថយ​រហូត​ដល់​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​ឯណោះ​ចាប់ពី​ឆ្នាំក្រោយៗ​ទៅ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ទូត​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​បាន​បញ្ជាក់ថា ក្រោម​ការចរចា​គ្នា គណៈកម្មាធិការ​មហាសន្និបាត​ឯកភាព​ថា កញ្ចប់​ថវិកា​អង្គការសហប្រជាជាតិ​សម្រាប់​គាំទ្រ​ការថែរក្សា​សន្តិភាព​ពិភពលោក​ចាប់ពី​ឆ្នាំក្រោយ​នឹងត្រូវ​បន្ថយ​មក​ត្រឹម  ៧.៣​ពាន់​លាន​ដុល្លា​ប៉ុណ្ណោះ ខណៈដែល​ថវិកា​សម្រាប់​ឆ្នាំនេះ​គឺ ៧,៨៧ ពាន់​លាន​ដុល្លារ​ឯណោះ​។

​វា​មានន័យថា​ថវិកា​នេះ​ត្រូវបាន​កាត់បន្ថយ​រហូត​ដល់ ៧​ភាគរយ​ឯណោះ​។  ថវិកា​ទាំងនេះ​គឺ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​ចំនួន ១៦ ទូទាំង​ពិភពលោក​ចាប់ពី កោះ​ស៊ី​ប (Cyprus) ទៅដល់​ម៉ាលី និង​ដល់​ជម្លោះ​កា​ស្មៀ​រ​ថែមទៀត​។​

​ក្រោយ​មានការ​សម្រេច​កាត់បន្ថយ​ថវិកា​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter របស់ខ្លួន​ដោយ​អួតអាង​ថា​គ្រាន់តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​អាមេរិក​អាចមាន​លទ្ធភាព​កាត់បន្ថយ​លុយ​ចំណាយ​របស់​អង្គការ​សហ​ប្រជា​ជា​ជាតិ​រាប់រយ​លាន​ដុល្លារ​។​
 
«​គ្រាន់តែ ៥​ខែ​ប៉ុណ្ណោះ​ដែល​យើង​នៅទីនេះ យើង​បាន​កាត់បន្ថយ​ថវិកា​ច្រើនជាង ៥០០​លាន​ដុល្លារ​អាមេរិក​ពី​ថវិកា​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​សរុប ហើយ​នេះ​ត្រឹមតែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​»​។ លោកស្រី Nikki Haley បាន​សរសេរ​ដូច្នេះ​។
​ហើយ​ពេល​បំភ្លឺ​ក្នុង​សភា​អាមេរិក​តាំង​ពីថ្ងៃ​អង្គារ​ទី ២៧ មិថុនា លោកស្រី បាន​អះអាង​ផងដែរ​ថា គ្រាន់តែ​អាមេរិក​តែ​ម្នាក់​អាច​សន្សំ​បាន​លុយ ១៥០ លាន​ដុល្លារ​ពី​ការកាត់បន្ថយ​លុយ​សម្រាប់​ជួយ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ហៃ​ទី​។


​យ៉ាងណា​សម្តី​របស់លោក​ស្រី​ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​បង្ក​ឲ្យ​មានប្រតិកម្ម​តប​វិញ​ខ្លាំង​ផងដែរ​។ គេ​រិះគន់​ទង្វើ​លោកស្រី​ព្រោះ​វា​មិនមែនជា​រឿង​ដែល​ត្រូវ​សប្បាយចិត្ត​ឡើយ​ដែលមាន​ការកាត់បន្ថយ​ថវិកា​សម្រាប់​ថែរក្សា​សន្តិភាព​ពិភពលោក​ឡើយ ព្រោះ​វា​ជា​ថវិកា​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ទ្រទ្រង់​ប្រទេស​ដែល​រងគ្រោះ​ដោយ​ភ្លើងសង្គ្រាម​ជាពិសេស​នៅ​អាហ្វ្រិក​។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) បាន​ព្រមាន​ពី​បញ្ហា​ដែល​អាច​កើតមានឡើង​នៅពេល​ខាងមុខ​ជាពិសេស​ផលប៉ះពាល់​ចំពោះ​ប្រជាជន​នៅ​តំបន់​ជម្លោះ​នៅ​អាហ្វ្រិក​។ ស្ថាប័ន​នេះ​ហៅ​ការសម្រេចចិត្ត​កាត់​ថវិកា​រក្សា​សន្តិភាព​នេះ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ ហើយ​វា​នឹងធ្វើ​ឲ្យ​ប្រជាជន​ស៊ូដង់​ខាងត្បូង​នា​តំបន់ Darfur ដែល​រងគ្រោះ​ស្រាប់​នោះ​កាន់តែ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​។​

១.​ប្រមុខ​អង្គការសហប្រជាជាតិ​ប្តេជ្ញា​កែទម្រង់​ស្ថាប័ន​និង​បង្កើន​ប្រសិទ្ធភាព​ការចំណាយ​

​សហរដ្ឋអាមេរិក​ជា​សមាជិក​ដែល​ផ្តល់​វិភាគទាន​ដល់​អង្គការសហប្រជាជាតិ​ច្រើនជាងគេ​សម្រាប់​ការ​ដំណើរការ​ជា​ប្រក្រតី​របស់​អង្គការសហប្រជាជាតិ​ចាប់ពី​អង្គការ​នេះ​ត្រូវបាន​បង្កើត​ឡើងមក​នោះ​។​

​យោងតាម​សារព័ត៌មាន The Independent  ក្រៅពី​ផ្តល់​ថវិកា​សម្រាប់​គាំទ្រ​ប្រតិបត្តិ​ការរក្សា​សន្តិភាព សហរដ្ឋអាមេរិក​បង់​វិភាគទាន​រហូតដល់ ២២​ភាគរយ​នៃ​ថវិកា​សរុប​ដែល​អង្គការសហប្រជាជាតិ​ប្រើប្រាស់​ដែលមាន​សរុប ៥,៤​ពាន់​លាន​ដុល្លារ​។

​ប៉ុន្តែ​រដ្ឋបាល​អាមេរិក​ស្ថិតក្រោម​អាណត្តិ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​ចង់ឃើញ​អាមេរិក​ចំណាយលុយ​ច្រើន​លើសលុប​សម្រាប់​អង្គការ​អន្តរជាតិ​រួមទាំង​អង្គការសហប្រជាជាតិ​ទេ ហើយ​រដ្ឋបាល​លោក​ជឿជាក់ថា​អង្គការសហប្រជាជាតិ​ចាយលុយ​មិន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​។

​រដ្ឋបាល ត្រាំ បានស្នើ​ឲ្យ​មានការ​កាត់បន្ថយ​លុយ​ជំនួយ​ដែល​ជួយ​ទ្រទ្រង់​អង្គការ​អន្តរជាតិ​រួមទាំង​អង្គការ​សហ​ប្រជា​តិ​ផង​រហូតដល់ ៣១ ភាគរយ​ឯណោះ​។ រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ​រដ្ឋបាល​អាមេរិក​ផ្តោត​សំខាន់​លើក​សាង​កម្លាំងយោធា​តែប៉ុណ្ណោះ​។​

​ការស្នើ​កាត់បន្ថយ​ថវិកា​នេះ​បានធ្វើ​ឲ្យ​បណ្តា​សមាជិកសភា​អាមេរិក​ទាំងពីរ​បក្ស​ព្រួយបារម្ភ​ខ្លាំង​។ បារម្ភ​ដោយសារ​ការ​កាត់លុយ​ច្រើនសន្ធឹក​សន្ធាប់​នេះ​នឹង​ប៉ះពាល់​គម្រោង​សំខាន់​ដែល​រួមមាន​ជំនួយ​មនុស្សធម៌​និង​អភិវឌ្ឍ​ទាំង​ជួយ​ទ្រង់​ទ្រង់​កុមារ និង​ស្ត្រី​ជា​ម្តាយ​តាមរយៈ​អង្គការ UNICEF ជាដើម​។
«​ការ​កាត់លុយ​ជំនួយ​នេះ​គឺ​ធំធេង​ណាស់ ហើយ​វា​ក៏​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ដែរ​។​» នេះ​ជាការ​លើកឡើង​របស់​ស​មា​ជិ​ក​សភា​បក្ស​សាធារណរដ្ឋ​លោកស្រី Kay Granger ក្នុងពេល​បំភ្លឺ​នៅ​សភា​ថ្ងៃ​អង្គារ​។​

​ចំណែក​លោក Gerry Connolly  សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ក៏បាន​បង្ហាញ​កង្វល់​ចំពោះ​ការ​កាត់លុយ​នេះដែរ ដោយ​លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ប្រធានាធិបតី​កំពុង​បង្ហាញ​ប្រាប់ថា យើង​ត្រូវ​ការកសាង​កម្លាំងយោធា ខណៈដែល​អ្នក​ដែល​ត្រូវ​ប្រឈម​បញ្ហា​គឺ ក្មេង​តូចៗ​ដែល​កំពុង​រងគ្រោះថ្នាក់​ស្រាប់​ព្រោះ​គ្មាន​អាហារ​បរិភោគ​នោះ​ឬ​?»​។

​ដោយសារ​ឃើញ​បញ្ហា​មិន​ស្រួល ប្រមុខ​អង្គការសហប្រជាជាតិ​លោក អែន​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) ត្រហេបត្រហប​ទៅ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជួប​ជាមួយ​បណ្តា​សមាជិកសភា​អាមេរិក​សប្តាហ៍​នេះ​។ លោក​ចង់​ឆ្លៀតឱកាស​ជួបពិភាក្សា និង​ស្នើសុំ​ឲ្យ​សមាជិកសភា​អាមេរិក​ជួយ​ទប់ទល់​សំណើរ​របស់​រដ្ឋបាល​លោក ត្រាំ ហើយ​លោក​ក៏បាន​សន្យា​ផងដែរ​ថា លោក​នឹង​កែទម្រង់​ស្ថាប័ន​លោក​ដើម្បី​ធានា​ពី​ការប្រើប្រាស់​ថវិកា​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​៕


Tag:
 អង្គការសហប្រជាជាតិ​
  ដូ​ណា​ល់ ត្រាំ​
  Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com