បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ចៀសវាង​គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ អ្នកបើក​ត្រូវអនុវត្ត​ដូចម្តេចខ្លះ​?
03, Jul 2017 , 7:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មុន​ចេញដំណើរ​ផ្លូវ​ឆ្ងាយ ម្ចាស់​យានយន្ត គួរតែ​ពិនិត្យ​យានយន្ត​របស់ខ្លួន ដើម្បី​ធានាថា យានជំនិះ​របស់ខ្លួន មិន​ខូច ឬ​បង្ក​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​។  អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ បាន​ណែនាំ​ថា អ្នកបើកបរ​ផ្លូវ​ឆ្ងាយ គួរតែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​មុន​ថ្ងៃ​ចេញដំណើរ ញ៉ាំ​អាហារ​ឲ្យ​មាន​កម្លាំង សម្រាក​នៅតាម​ផ្លូវ ដោយ​ញ៉ាំ​កាហ្វេ ឬ​ចូល​បន្ទប់ទឹក មុន​បន្តដំណើរ​ទៅមុខទៀត ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​នៅពេល​បើកបរ​។ ចំណែក ជាង​ជុស​ជុល​ម៉ូតូ និង​ឡាន បាន​ណែនាំ​ដល់​អ្នកបើកបរ​ឲ្យ​ត្រួតពិនិត្យ មើល​កង់ ហ្វ្រាំង ស៊ី​ញូ និង​ម៉ាស៊ីន​យានយន្ត​ជាដើម ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ពាក់​កណ្តាលផ្លូវ​។


 

​កន្លងមក​គេ​សង្កេតឃើញថា  គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​បានកើត​ឡើង ដោយសារតែ​ភាព​ធ្វេស​ប្រហែល​របស់​អ្នកបើកបរ​។ ក្នុងនោះ​រួមមាន​យានយន្ត​របូត​កង់ បែក​កង់ ដាច់​ហ្វ្រាំង និង​ភាពរអាក់រអួល​របស់​យានយន្ត​ជាដើម​។ លើសពីនេះ​អ្នកបើកបរ​មួយចំនួន បាន​បាត់បង់​ស្មារតី​ក្នុងការ​បើកបរ បើកបរ​ដោយ​ងងុយគេង និង​ភាព​ធ្វេស​ប្រហែល​ជាច្រើន​ទៀត បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​សម្លាប់​អ្នកបើកបរ អ្នករួមដំណើរ និង​អ្នក​ដទៃទៀត​នៅតាម​ដងផ្លូវ​។ 



​លោក ឆែម លី​ពៅ ជាង​ជួសជុល​ម៉ូតូ​នៅក្បែរ​សាលាសង្កាត់​ទឹកថ្លា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មុន​បើកបរ​ផ្លូវ​ឆ្ងាយ អ្នកជិះ​ម៉ូតូ គួរតែ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទោចក្រយានយន្ត​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​។ លោក​និយាយថា​៖«​មុន​ចេញដំណើរ ត្រូវ​មើល​កង់​មុខ​កង់​ក្រោយ ភ្លើង​មុខ ស៊ី​ញូ ច្រ​វ៉ា​ក់មី​ញុ​ង​។ ជាពិសេស ត្រូវ​មើល​សម្បក​កង់​មុខ ព្រោះ បើ​បែក​តាមផ្លូវ វា​ងាយ​បង្ក​គ្រោះថ្នាក់​»​។

​ជាង​ម៉ូតូ​អស់​រយៈពេល​១៥​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ​រូបនេះ បាន​អះអាងថា លោក​តែងតែ​ជិះ​ម៉ូតូ​ទៅ​ស្រុកកំណើត​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ឧស្សាហ៍​ផ្លាស់ប្តូរ​សម្បក​កង់​ដែល​សឹក ប្តូរ​ប្រេងម៉ាស៊ីន​ញឹកញាប់ សាកល្បង​ស៊ី​ញូ​ឆ្វេង​ស្តាំ និង​បច្ចេកទេស​ជាច្រើន​ទៀត ដើម្បី​ធានា​សុវត្ថិភាព​ក្នុងពេល​បើកបរ​។ លោក​បន្ថែមថា ការឈប់​សម្រាក​តាមផ្លូវ ក៏​ជួយ​ម៉ាស៊ីន​ម៉ូតូ​បាន​ច្រើន​ផងដែរ​។

​សូម​ស្តាប់​ការពន្យល់​របស់ ឆែម លី​ពៅ ខាងក្រោម​នេះ​៖ 




​ដូចគ្នា​ដែរ លោក រិត វ​ឌ្ឍ​នា ជាជាង​ជួសជុល​រថយន្ត នៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មុន​ធ្វើដំណើរ អ្នកបើកបរ យក​យានយន្ត​មក​ត្រួតពិនិត្យ មក​យានដ្ឋាន ដែលមាន​អ្នកជំនាញ​ផ្នែក​រថយន្ត​ត្រួតពិនិត្យ ដើម្បី​ជួសជុល​ភ្លាមៗ ចៀសវាង​ការ​ខូ​ត​ខាត​នៅតាម​ផ្លូវ ឬ​បង្ក​គ្រោះថ្នាក់​។ វ័យ​២២​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម លោក វ​ឌ្ឍ​នា បាន​បន្ថែមថា ការបើកបរ​ផ្លូវ​ឆ្ងាយ ម្ចាស់​យានយន្ត គួរ​ឈប់សម្រាក​ប្រហែល​២០០​គីឡូម៉ែត្រ​ម្តង ដើម្បី​ត្រួតពិនិត្យ​ម្តងទៀត និង​ឲ្យ​ម៉ាស៊ីនត្រជាក់ មុន​បន្តដំណើរ​ទៅមុខទៀត​។ 

​សូម​ស្តាប់​ការពន្យល់​របស់ រិត វ​ឌ្ឍ​នា និង​ជាង​ម្នាក់ទៀត​នៅ​យានដ្ឋាន​ជី​.​អេស ខាងក្រោម​នេះ​៖




​លោក ឈឹម សុធា​រ៉ា វេជ្ជបណ្ឌិត​ឯកទេស​ចិត្តសាស្ត្រ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​ថា ការបើកបរ​ផ្លូវ​ឆ្ងាយ បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាច្រើន​នៅលើ​ដងផ្លូវ ពីព្រោះ​ពួកគេ​បាន​បាត់​បង់ការ​ប្រយ័ត្ន​នៅពេល​បើកបរ​។ លោក​បន្តថា ការបាត់បង់​បម្រុង​ប្រយ័ត្ន ក៏​បណ្តាលមកពី​អ្នកបើកបរ​មាន​ជំងឺ ភាព​តានតឹង ងងុយគេង ឃ្លាន និង​អស់កម្លាំង​ជាដើម​។  
​បណ្ឌិត​ចិត្ត​វិទ្យា​មកពី​អូស្ត្រាលី​រូបនេះ សង្កត់ធ្ងន់ថា​៖ «​តាមបែប​ចិត្តសាស្ត្រ កូនក្មេង​មាន​បម្រុង​ប្រយ័ត្ន​ចំនួន​៨​នាទី មនុស្សពេញវ័យ​មាន​បម្រុង​ប្រយ័ត្ន​២០​នាទី បើ​សម្រាប់​ការរៀន ឬ​អង្គុយ​ស្តាប់​ក្នុង​បន្ទប់ គឺ​មនុស្សពេញវ័យ​មាន​បម្រុង​ប្រយ័ត្ន​៤៥​នាទី​»​។   

​ប្រធាន​អង្គការ​កម្មវិធី​សុខភាព​ផ្លូវចិត្ត​(TPO) រូបនេះ បាន​អត្ថាធិប្បាយ​ថា កង្វះ​បម្រុង​ប្រយ័ត្ន បាន​កើតឡើង​បណ្តាលមកពី​ការ​ថមថយ​កម្លាំង ឃ្លាន ធុញ និង​មាន​ជំងឺ​ជាដើម​។   យ៉ាងណា​លោក​អះអាងថា អ្នកបើកបរ​ផ្លូវ​ឆ្ងាយ​ដែលមាន​បទពិសោធ​ច្រើន ពួកគេ​ក៏មាន​បម្រុង​ប្រយ័ត្ន​បានយូរ​ផងដែរ​។

​លោក​ណែនាំ​ដល់​អ្នកបើកបរ​ផ្លូវ​ឆ្ងាយ​ទាំងឡាយ គួរតែ​សម្រាក ឬ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ មុន​ថ្ងៃ​ចេញដំណើរ​។ លើសពីនេះ អ្នកបើកបរ​គួរតែ​ឈប់​នៅ​កំណាត់​ផ្លូវ​ណាមួយ ដើម្បី​ចូល​បន្ទប់ទឹក ឬ​ផឹក​កាហ្វេ និង​សម្រាក​មុន​បន្តដំណើរ​ទៅមុន​ទៀត​។ ការធ្វើ​បែបនេះ ជាការ​ប្រយ័ត្នប្រយែង​ក្នុងពេល​បើកបរ ចៀសវាង​ការបើកបរ​ដោយ​បង្ខំ និង​ខ្វះ​ការប្រុងប្រយ័ត្ន ដែលជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន និង​គ្រួសារ ព្រមទាំង     បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​អ្នកដទៃ​ផងដែរ​៕


Tag:
 យានយន្ត​
 ​ ជាង​ឡាន​
 ​ ជាង​ម៉ូតូ​
 ​ អ្នក​ចិត្តសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com