អន្តរជាតិ
នុយក្លេអ៊ែរ​កូរ៉េខាងជើង​៖ អាមេរិក​ចង់​ដាក់ទណ្ឌកម្ម​បន្ថែម ហើយ​បើ​ចាំបាច់​ប្រើ​ទ័ព តែ​រុស្ស៊ី​ជំទាស់​
06, Jul 2017 , 1:50 pm        
រូបភាព
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley និងអគ្គរដ្ឋទូតរុស្ស៊ី Vladimir Safronkov
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley និងអគ្គរដ្ឋទូតរុស្ស៊ី Vladimir Safronkov
​តំណាង​រុស្ស៊ី​ប្រចាំ​អង្គការ​សហ​ប្រជា​តិ បាន​ជំទាស់​គំនិត​របស់​អាមេរិក​ដែល​ចង់​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​កូរ៉េខាងជើង ក្រោយ​ការបាញ់​មី​ស៊ី​ល​អន្តរទ្វីប​នៅ​ថ្ងៃទី​៤ ខែកក្កដា​។ រុស្ស៊ី​ចាត់ទុក​សំណើ​របស់​អាមេរិក ជា​រឿង​មិន​ត្រឹមត្រូវ និង​បាន​រិះគន់​ការ​លើកឡើងថា​អាមេរិក​អាច​ប្រើ​ទ័ព​ដោះស្រាយ​បញ្ហា​ទៅទៀត​។ ជំនួស​មកវិញ រុស្ស៊ី​បានស្នើ​ឲ្យ​អន្តរជាតិ​ពិចារណា​គំនិត​ផ្ដួចផ្ដើម​របស់ខ្លួន និង​ចិន ដែលមាន​គោលដៅ​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​តាមផ្លូវ​សន្តិភាព​។​



​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​កោះប្រជុំ​នៅ​ថ្ងៃទី​៥ ខែកក្កដា ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​ចេះតែ​សាកល្បង​មី​ស៊ី​ល​ផ្គើន​អន្តរជាតិ​រហូតមក​។ កិច្ចប្រជុំ​មិនអាច​ទាន់​រក​ដំណោះស្រាយ​អ្វី​បានឡើយ ខណៈដែល​រុស្ស៊ី និង​អាមេរិក មិនមាន​ជំហរ​ដូចគ្នា​ឡើយ​។ អាមេរិក​ចង់​ប្រើ​ធម៌​ក្ដៅ​ដាក់​កូរ៉េខាងជើង​ដូចជា​ការដាក់ទណ្ឌកម្ម​បន្ថែម និង​បាន​គំរាម​ប្រើ​កម្លាំងយោធា​ទៀត តែ​រុស្ស៊ី​ប្រកាន់​ជំហរ​ត្រជាក់​ជាង​អាមេរិក​។​

​ប្រេសិត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley បានចាត់ទុក​សកម្មភាព​របស់​កូរ៉េខាងជើង ជា​រឿង​គ្រោះថ្នាក់ ព្រហើន និង​មិនមាន​ការទទួលខុសត្រូវ​អ្វី​សោះ​។ លោកស្រី ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បន្ថែម​សម្ពាធ​ថ្មី​លើ​កូរ៉េខាងជើង ខណៈ​ប្រកាស​ដែរ​ថា​អាមេរិក​ចាត់វិធានការ​ចាំបាច់​រាប់ទាំង​ការប្រើប្រាស់​យោធា​ផង​ដើម្បី​ទប់ទល់​កូរ៉េខាងជើង ក៏ដូចជា​ការពារ​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​។ លោកស្រី​ក៏​រិះគន់​រុស្ស៊ី និង​ចិន​ដែល​ខ្វល់ខ្វាយ​បញ្ហា​នេះ ហើយ​ទុក​ឲ្យ​កូរ៉េខាងជើង​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​តាមចិត្ត​។​

​ដល់​វេន​របស់ខ្លួន អគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ Vladimir Safronkov ក៏បាន​ជំទាស់​សំណើ​របស់​អាមេរិក​ជា​ចំហ និង​ទាត់ចោល​បំណង​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​។ លោក​និយាយថា ទណ្ឌកម្ម មិនអាច​ដោះស្រាយ​គ្រប់​បញ្ហា​ឡើយ ហើយ​ប្រវត្តិសាស្ត្រ​បាន​ក៏​បញ្ជាក់​អស់ហើយ​។ លោក Safronkov ចង់​សំដៅ​ដល់​ការដាក់ទណ្ឌកម្ម​លើក​មុនៗ​ដែល​ផ្ដើមគំនិត​ដោយ​អាមេរិក ប៉ុន្តែ​នៅតែ​មិនអាច​ធ្វើ​អ្វី​កូរ៉េខាងជើង​បាន​ដដែល​។​

​ទន្ទឹមនឹង​ការចាត់ទុក​ទង្វើ​របស់​កូរ៉េខាងជើង​ជា​រឿង​មិនអាច​ទទួលយកបាន តំណាង​រុស្ស៊ី​ក៏បាន​លើកឡើង​ពី​ការទាមទារ​របស់ខ្លួន​ឲ្យ​កូរ៉េខាងជើង​វិលត្រឡប់​ចូល​តុ​ចរចា​វិញ និង​គោរព​តាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ប៉ុន្តែ​រុស្ស៊ី​ក៏​គំរាម​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​កម្លាំង​ទ័ព​ប្រឆាំង​កូរ៉េខាងជើង​ដែរ ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​តំបន់ និង​ពិភពលោក​ទាំងមូល មិន​តែ​អាមេរិក ឬ​កូរ៉េខាងត្បូង​នោះឡើយ​។​

​ដោយ​ជំទាស់​សំណើ​អាមេរិក លោក Safronkov ក៏បាន​ស្នើ​ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ពិចារណា​គំនិត​ផ្ដួចផ្ដើម​របស់​រុស្ស៊ី និង​ចិន សម្រាប់​បញ្ចប់​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។ ដំណោះស្រាយ​រួមគ្នា​របស់​មហាអំណាច​ទាំងពីរ​ដែល​ឯកភាពគ្នា​នោះ គឺ​ការដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ជា​ជំហានៗ​របស់​រុស្ស៊ី និង​ជំហរ​របស់​ចិន​ក្នុង​ការផ្អាក​ព្រម​គ្នា​នៃ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​សមយុទ្ធ​រួមគ្នា​អាមេរិក​-​កូរ៉េខាងត្បូង​៕ 


Tag:
 ​អាមេរិក​
  រុស្ស៊ី​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com