អន្តរជាតិ
អាមេរិក​យល់ព្រម​លក់​ខែល​ការពារ​មី​ស៊ី​ល Patriot ឲ្យ​ប៉ូឡូញ​តម្លៃ​៧,៦​ពាន់​លាន​ដុល្លារ​
07, Jul 2017 , 8:59 am        
រូបភាព
ប្រព័ន្ធការពារមីស៊ីលអាកាស Patriot របស់អាមេរិក (រូបភាព Xinhua)
ប្រព័ន្ធការពារមីស៊ីលអាកាស Patriot របស់អាមេរិក (រូបភាព Xinhua)
​រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ Antoni Macierewicz បានប្រកាសថា អាមេរិក​បាន​យល់ព្រម​លក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot ហើយ តាមរយៈ​ការចុះ​អនុស្សារណៈ​នៅ​យប់​ថ្ងៃទី​៥ ខែកក្កដា​។ ការប្រកាស​នេះ​ធ្វើឡើង ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទៅដល់​រដ្ឋធានី​វ៉ា​សូវី ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ និង​ចូលរួម​កិច្ចប្រជុំ​ជាមួយ​បណ្ដា​មេដឹកនាំ​រដ្ឋ​អឺរ៉ុប​ខាងកើត អឺរ៉ុប​កណ្ដាល បាល​កង់ និង​បាល់​ទិ​ក​។​



​បន្ទាប់ពី​ការចរចា​អស់​ពេល​ជាច្រើន​ខែ​មក អាមេរិក​បាន​យល់ព្រម​សំណើ​របស់​ប៉ូឡូញ​ក្នុង​ការលក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot ហើយ ដោយ​ភាគី​ទាំងពីរ​ថែមទាំង​ចុះ​កិច្ច​អនុស្សារណៈ​ទិញ​-​លក់​ទៀតផង​។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ Antoni Macierewicz នៅ​ថ្ងៃទី​៦ ខែកក្កដា ។ ប្រព័ន្ធ​ការពារ​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​របស់​ប៉ូឡូញ ប្រឈមមុខ​នឹង​ការកើនឡើង​ការគំរាមកំហែង​ខាងក្រៅ ជាពិសេស​រុស្ស៊ី​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រមុខ​ការពារជាតិ​ប៉ូឡូញ Macierewicz និយាយថា លោក​សប្បាយចិត្ត​ពេល​បានប្រកាស​ព័ត៌មាន​នេះ​ចំ​ថ្ងៃ​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទស្សនកិច្ច​នៅ​ប៉ូឡូញ​។ លោក ត្រាំ ទៅដល់​ប៉ូឡូញ​នៅ​ថ្ងៃទី​៥ ខែកក្កដា ក្នុង​ទស្សនកិច្ច​១៦​ម៉ោង ដើម្បី​បង្ហាញ​ជំហរ​របស់​អាមេរិក​ក្នុង​ការបន្ត​គាំទ្រ​អឺរ៉ុប​ប្រឆាំង​ទង្វើ​បង្ករឿង​របស់​រុស្ស៊ី​។ បន្ទាប់​ប៉ូឡូញ លោក ត្រាំ បន្តដំណើរ​ទៅកាន់​អាល្លឺម៉ង់​ដើម្បី​ចូលរួម​ប្រជុំ G-20 ។​

​ទាក់ទង​ការទិញ​ប្រព័ន្ធ​ការពារ Patriot នេះ ប៉ូឡូញ និង​អាមេរិក​ចាប់ផ្ដើម​ចរចា​អស់​ពេល​ច្រើន​ខែ​មកហើយ​។ កាលពី​ខែមីនា រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ Macierewicz ធ្លាប់​បញ្ជាក់ថា លោក​នឹង​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Raytheon ដែល​អ្នក​ផលិត​ប្រព័ន្ធ​ការពារ Patriot នៅ​ដំណាច់​ឆ្នាំនេះ ដោយ​ប៉ូឡូញ​នឹង​ទិញ​ចំនួន​៨​គ្រឿង ស្មើ​ទឹកប្រាក់​៧,៦​ពាន់​លាន​ដុល្លារ​។ ប្រព័ន្ធ​កា​ពារ Patriot ទីមួយ នឹង​ទៅដល់​ប៉ូឡូញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំក្រោយ​ការចុះ​កិច្ចព្រមព្រៀង​។​

​ប្រព័ន្ធ​ការពារ Patriot នេះហើយ គឺជា​ប្រភព​បញ្ហា​រវាង​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​រុស្ស៊ី​។ រុស្ស៊ី​ជំទាស់​ដាច់ខាត​ការពង្រាយ​ប្រព័ន្ធ​ការពារ​ដ៏​មាន​ឥទ្ធិពល​នៅ​តំបន់​អឺរ៉ុប ជាពិសេស​នៅតាម​ប្រទេស​ជាប់​របង​ជាមួយ​ខ្លួន​។ ច្បាស់​ណាស់​ថា ការយល់ព្រម​ទិញ​-​លក់​នៅពេលនេះ នឹង​រឹតតែ​ធ្វើ​ឲ្យ​មូ​ស្គូ​ខឹងសម្បារ​ខ្លាំង ហើយ​អាចធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​អឺរ៉ុប​ខាង​កើតឡើង​កម្ដៅ​ទៀតផង ព្រោះ​រុស្ស៊ី​ពិតជា​មិន​នៅ​ស្ងៀម​ឡើយ​ដូចគ្នា​។​

​ប៉ូឡូញ ក៏ដូចជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​រុស្ស៊ី បាន​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ការពារជាតិ​របស់ខ្លួន ជាមួយនឹង​ការព្រួយបារម្ភ​ពី​ការគំរាមកំហែង​របស់​រុស្ស៊ី​។ ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ដែល​ខ្លះ​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ និង​ខ្លះទៀត​មិនមែន​នោះ ក៏បាន​ស្វះ​ស្វែងរក​ការការពារ​ពី​សំណាក់​អង្គការ​យោធា​ដ៏​ធំ​មួយ​នេះ តាមរយៈ​ការស្ម័គ្រចិត្ត​ទទួលយក​ការពង្រាយ​កងទ័ព និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ជាដើម ក្នុង​គោលដៅ​ទប់ទល់​ឥទ្ធិពល​រុស្ស៊ី​ដែល​កំពុង​កើនឡើង​៕


Tag:
 អាមេរិក​
  ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com