អន្តរជាតិ
ត្រាំ ឆៀង​ចូល​ប៉ូឡូញ​ជួប​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដែល​រង​ការ​គំរាម​ពី​រុស្ស៊ី មុន​ជួប ពូ​ទីន នៅ​អាល្លឺម៉ង់
06, Jul 2017 , 9:39 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ទៅដល់ទីក្រុងវ៉ាសូវី (រូបភាព Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ទៅដល់ទីក្រុងវ៉ាសូវី (រូបភាព Reuters)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទៅដល់​រដ្ឋធានី​វ៉ា​សូវី​នៃ​ប្រទេស​ប៉ូឡូញ នៅ​ថ្ងៃទី​៥ ខែកក្កដា ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​អឺរ៉ុប​ខាងកើត អឺរ៉ុប​កណ្ដាល បាល់​កង់ និង​បាល់​ទិ​ក​។ សេត​វិមាន​អាមេរិក​និយាយថា លោក ត្រាំ នឹង​ប្រើ​ជំនួប​នេះ​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​ការបន្ត​ជួយ​សម្ព័ន្ធមិត្ត​ណា​តូ​នៅ​អឺរ៉ុប​ទល់នឹង​ការគំរាមកំហែង​របស់​រុស្ស៊ី ជាពិសេស​សមាជិក​ណា​តូ​នៅ​អឺរ៉ុប​ខាងកើត​តែម្ដង​។ ចេញពី​ប៉ូឡូញ លោក ត្រាំ នឹង​បន្តដំណើរ​ទៅកាន់​អាល្លឺម៉ង់​ទៀត​។​



​ក្នុង​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G-20) នៅ​ទីក្រុង Hamburg របស់​អាល្លឺម៉ង់ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ឆ្លៀត​ចូលជួប​មេដឹកនាំ​ណា​តូ​មួយចំនួន នៅ​ទីក្រុង​វ៉ា​សូវី​។ មេដឹកនាំ​ប្រទេស​ដែល​ប្រឈមមុខ​ខ្លាំង​នឹង​ការគំរាមកំហែង​របស់​រុស្ស៊ី​នៅ​អឺរ៉ុប​ខាងកើត កណ្ដាល បាល់​កង់ និង​បាល់​ទិ​ក បាន​ជួបជុំគ្នា​អស់ហើយ​នៅក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​ប៉ូឡូញ និង​ក្រូ​អាស៊ី​។ លោក ត្រាំ ទំនងជា​យក​ឱកាស​នេះ​បង្ហាញ​ជំហរ​គួរ​ឲ្យ​ទុកចិត្ត​ចំពោះ​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​ប្រធានាធិបតី ត្រាំ ធ្លាប់ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​ណា​តូ​របស់ខ្លួន​ខកចិត្ត​ម្ដង​រួចទៅហើយ​ក្នុង​កិច្ចប្រជុំ​កាលពី​ខែឧសភា ព្រោះ​លោក​មិនបាន​និយាយ​អ្វី​ទាល់តែសោះ​ជុំវិញ​ជំហរ​របស់​អាមេរិក​ចំពោះ​គោលការណ៍ «​ការពារ​ទៅវិញទៅមក​» ដែលជា​គោលការណ៍​គ្រឹះ​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​។ គេ​រំពឹងថា លោក ត្រាំ នឹង​ប្រើប្រាស់​ជំនួប​ជាមួយ​សម្ព័ន្ធមិត្ត​លើក​នេះ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ជំហរ​របស់​អាមេរិក ជាជាង​មិន​អើពើ​អ្វី​សោះ និង​ទុក​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ប​ន្ត​ស្ថិតក្នុង​ភាពភ័យខ្លាច​ដោយសារ​រុស្ស៊ី​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីប្រឹក្សា​សន្តិសុខ​ជាតិ H.R. McMaster និយាយថា លោក ត្រាំ នឹងដាក់​ចេញ​ទស្សនវិស័យ​សម្រាប់​ទំនាក់​ទំនង​រវាង​អាមេរិក និង​អឺរ៉ុប ក៏ដូចជា​ជាមួយ​សម្ព័ន្ធ​យោធា​ណា​តូ​ផងដែរ​។ អ្វី​កាន់តែ​សំខាន់ ទស្សនកិច្ច​នៅ​ប៉ូឡូញ​លើក​នេះ ក៏​ជា​សញ្ញា​បង្ហាញ​ពី​ជំហរ​របស់​អាមេរិក​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ខាងកើត ដែល​កំពុង​ព្រួយ​ទាំងយប់​ទាំង​ថ្ងៃ និង​ភ័យខ្លាច​មាន​វាសនា​ដូច​គ្រី​មៀ​ដែរនោះ​។​

​បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយ​មេដឹកនាំ​សម្ព័ន្ធមិត្ត​ណា​តូ​នៅ​ប៉ូឡូញ លោក ត្រាំ នឹង​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ទីក្រុង Hamburg ភាគ​ខាងជើង​អាល្លឺម៉ង់​។ នេះ​ជា​ជំនួប​ទល់មុខ​លើកទីមួយ​រវាង​លោក ត្រាំ និង​លោក ពូ​ទីន ចាប់តាំងពី​លោក ត្រាំ ចូលកាន់​តំណែង​ក្នុង​ខែមករា​។ លោក ត្រាំ ចង់​ជួប​លោក ពូ​ទីន យូរ​មកហើយ​តែ​គ្មាន​ឱកាស ហើយ​ម្យ៉ាងទៀត​លោក ពូ​ទីន ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​សំណុំរឿង​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​អាមេរិក​។​

​នៅ​អាល្លឺម៉ង់ ប្រធានាធិបតី​អាមេរិក នឹង​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​ប្រទេស​១៩​ផ្សេងទៀត​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ G-20 នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែកក្កដា​។ លោក ត្រាំ ត្រូវ​ប្រឈមមុខ​ជំនួប​សោះកក្រោះ ព្រោះ​លោក​មាន​គោលនយោបាយ​ផ្ទុយស្រឡះ​ពី​គេឯង​លើ​រឿង​ពាណិជ្ជកម្ម បម្រែបម្រួល​អាកាសធាតុ និង​រុស្ស៊ី​តែម្ដង​។ អធិការបតី​អាល្លឺម៉ង់ Angela Merkel ដែលជា​ម្ចាស់ផ្ទះ​កិច្ច​ប្រជុំបាន​និយាយ​ទុក​ហើយ​ថា លោកស្រី​នឹង​ប្រកាន់​ជំហរ​ដាច់ខាត​ពេល​ជួប​លោក ត្រាំ ៕ 


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ប៉ូឡូញ​
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com