អន្តរជាតិ
អ្នកកាសែត​មី​យ៉ាន់​ម៉ា​មិនអាច​ចូល​យក​ព័ត៌មាន​ក្នុង​តំបន់​មាន​ជម្លោះ ដោយ​ការភ័យខ្លាច​ខាង​ផ្លូវច្បាប់
07, Jul 2017 , 7:59 pm        
រូបភាព
ដោយ: VOA
រ៉ង់​ហ្គូ​ន ៖ ​បន្ទាប់ពី​ជន​សកម្មប្រយុទ្ធ​មកពី​ក្រុម​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម Rohingya ដែល​រង​ការធ្វើ​ទុក​បុក​ម្នេញ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បានចាប់ផ្តើម​វាយប្រហារ​ដ៏​ប្រល័យ​ទៅលើ​ប៉ុស្តិ​យាមល្បាត​នៅតាម​ព្រំដែន​កាលពី​ខែតុលា​ឆ្នាំ​ទៅមក អ្នកកាសែត​ជាច្រើន​បាន​ប្រញាប់ប្រញាល់​ទៅកាន់​តំបន់ Maungdaw ក្នុង​រដ្ឋ Rakhine ភាគ​ខាងជើង​ដើម្បី​រាយការណ៍​ពី​កិច្ចប្រតិបត្តិការ​យោធា​ដែល​បាន​កើតមានឡើង​នៅ​ទីនោះ​។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ​ពួកគេ​បានដឹងថា ពួកគេ​នឹង​ត្រូវគេ​អនុញ្ញាត​ឲ្យ​យក​ព័ត៌មាន​តែ​បន្តិចបន្តួច​។​



​ដោយ​ពាក់អាវ​ក្រោះ​ការពារ​គ្រាប់កាំភ្លើង​និង​មួក​ដែក លោក Kaung Htet អាយុ ៣៤​ឆ្នាំ​ជានា​យក​ថតរូប​ឲ្យ​កាសែត Myanmar Times បាន​មកដល់​កន្លែង​រាំងផ្លូវ​ជាមួយ​សហការី​ហើយ​ត្រូវបាន​គេ​ប្រាប់​ឲ្យ​វិលត្រឡប់​ទៅវិញ​ដោយ​មូលហេតុ​ខាង​សន្តិសុខ​។​

​លោក​បាន​និយាយថា​៖ «​បញ្ហា​គឺថា អស់លោកអ្នក​មិនអាច​រំពឹងថា​នឹង​បានទទួល​ការអនុញ្ញាត​ពី​ពួក​អាជ្ញាធរ ពី​រដ្ឋាភិបាល ពី​ប៉ូលិស​ឬ​ទាហាន​ទេ​។ ការណ៍​នេះ​ស្ទើរតែ​មិនអាច​ធ្វើទៅ​រួច​ទេ​។ យើង​បាន​ប្រាប់​ពួកគេ យើង​បាន​ពន្យល់​ពួកគេ នេះ​ជា​អាជីព​របស់​យើង យើង​ដឹង​ពី​ភាពគ្រោះថ្នាក់​ទាំងអស់​។ ក៏ប៉ុន្តែ​ពួកគេ​ទទូចថា ពួកគេ​មិនអាច​អនុញ្ញាត​ឲ្យ​យើង​ចូលក្នុង​តំបន់​នោះ​ទ‍េ​»​។​

​បន្ថែម​ពី​ការ​ព្រួយ​កង្វល់​ខាង​សុវត្ថិភាព អ្នកយកព័ត៌មាន​ខាង​សង្គ្រាម​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ​ឧបសគ្គ​ជាច្រើន​នៅក្នុង​ការរាយការណ៍​ពី​ជម្លោះ​មួយចំនួន​ដែល​បាន​កើតឡើង​ច្រើន​ទសវត្សរ៍​ចាប់តាំងពី​បានទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​មក​។​ឧបសគ្គ​ទាំងនោះ​រួមមាន​ការមិនអាច​ចេញចូល​ក្នុង​តំបន់​មាន​ជម្លោះ ការ​ព្រួយ​កង្វល់​ពី​សាច់រឿង​អ្វីដែល​គេ​អនុញ្ញាត​ឲ្យ​ផ្សាយ ឧបសគ្គ​ខាង​ភាសា​និង​បញ្ហា​នៃ​ភាព​ទុកចិត្ត​រវាង​អ្នកយក​ព័ត​មាន​និង​ក្រុម​ជនជាតិភាគតិច​ប្រដាប់អាវុធ ហើយនឹង​ភាពស្ទាក់ស្ទើរ​របស់​យោធា​ដើម្បី​អនុញ្ញាត​ឲ្យ​បណ្តាញ​ព័ត៌មាន​ប្រមូល​ព័ត៌មាន​ពី​ការបង្ក្រាប​ដែល​បាន​នាំ​ឲ្យ​មានការ​ចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​នោះ​។​

​ក៏មាន​បញ្ហា​ខាង​ផ្លូវច្បាប់​កើតមានឡើង​ដែរ​។ ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ចេញពី​ការគ្រប់គ្រង​របស់​ពួកយោធា​នៅ​ឆ្នាំ​២០១១​បាន​នាំ​ឲ្យ​មាន​ការបោះ ឆ្នោត​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អោ​ង សាន​ស៊ូ​ជី បានទទួល​ជ័យជម្នះ​៤​ឆ្នាំ​ក្រោយមក​។​

​កាលពី​ចុងខែ​មុន អ្នកកាសែត​៣​នាក់​បាន​ត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ពិធី​ដុត​កំទិច​ថ្នាំញៀន​មួយ​នៅក្នុង​រដ្ឋ Shan ភាគ​ខាងជើង​ដែល​កាន់កាប់​ដោយ​កងទ័ព​រំដោះជាតិ Ta’ang​។ អ្នកកាសែត​ទាំងនោះ​បាន​រង​ការចោទប្រកាន់​នៅក្រោម​ច្បាប់​ការបង្កើត​សមាគម​ខុសច្បាប់​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ពួកយោធា​ដើម្បី​កាត់ផ្តាច់​ការគាំទ្រ​ដល់​ពួក​ឧទ្ទាម​ហើយនឹង​ជា​មធ្យោបាយ​មួយ​ដើម្បី​បន្លាច​អង្គការ​សា​ព័ត៌មាន​ដែល​បាន​ប្រតិបត្តិការ​នៅ​បរទេស​មុនពេល​ត្រូវបាន​ស្វាគមន៍​ឲ្យ​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ​ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​ទៅ រក​លទ្ធិប្រជាធិបតេយ្យ​។​

​ក្នុង​ទ្រឹស្តី ការលុបចោល​ការចាប់​ពិរុទ្ធ​ឆ្នាំ​២០១២​និង​ការអនុម័ត​ច្បាប់​បណ្តាញ​ព័​ត៌ មាន​ដែល​ធានា​សិទ្ធិ​ដើម្បី​រាយការណ៍​ពី​ជម្លោះ​ដោយ​គ្មាន​ការចាប់​ឃុំឃាំង​មានន័យថា អ្នកកាសែត​ក្នុងស្រុក​អាច​រាយការណ៍​ពី​សង្គ្រាមស៊ីវិល​ក្នុងប្រទេស​មី យ៉ាន​ម៉ា​ដោយ​គ្មាន​ការភ័យខ្លាច​រង​ការចោទប្រកាន់​ពី​ការជួយឧបត្ថម្ភ​ពួក​បះបោរ​ទេ​។​

​ក្នុង​ឆ្នាំ​២០១៥ ពួកយោធា​បាន​ព្រមាន​ថា បណ្តាញ​ព័ត៌មាន​មិនអាច​ផ្សាយ​សេចក្តីថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ​ក្រុម​សម្ព័ន្ធភាព​កងទ័ព​ប្រជាធិបតេយ្យ​ជាតិ​មី​យ៉ាន​ម៉ា​ដែលជា​ក្រុម​ឧទ្ទាម​មួយ​ផ្សេងទៀត​បានទេ បើ​ពុំ​ដូច្នេះ​ទេ ពួកគេ​នឹង​«​ប្រឈមមុខ​ចំណាត់ការ​នៅក្រោម​ច្បា​ប‍់​»​។ នៅ​ឆ្នាំ​២០១៤ លោក Ko Par Gyi ជា​អ្នកកាសែត បាន​រាយការណ៍​ពី​ជម្លោះ​នៅក្នុង​រដ្ឋ​នៅពេលដែល​លោក​បាន​ត្រូវ​ចាប់ខ្លួន​ហើយនឹង​សម្លាប់ចោល​ខណៈដែល​ស្ថិតនៅ​ក្នុងការ​ឃុំឃាំងរ​បស់​ពួកយោធា​។​

​លោក Shawn Crispin តំណាង​គណៈកម្មាធិការ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​និយាយ​នៅក្នុង​សារ​តាម E-mail ថា «​ពួក​អ្នកយកព័ត៌មាន​ដែល​រាយការណ៍​ពី​ជម្លោះ​ប្រដាប់អាវុធ​របស់​ក្រុម​ជនជាតិភាគតិច​ជាច្រើន​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា ប្រឈម​គ្រោះថ្នាក់​យ៉ាងខ្លាំង​។​ភាពគ្រោះថ្នាក់​ខ្លះ​នៃ​ភាពគ្រោះថ្នាក់​ទាំងនោះ​អាច​លប់ចោល​ដោយ​ការធ្វើកំណែទម្រង់​ផ្លូវច្បាប់​បន្តិចបន្តួច​។​ពួកយោធា​បន្ត​គំរាមកំហែង​ពួក​អ្នកកាសែត​ដែល​រាយការណ៍​ពី​តំបន់​នានា​ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​ជាមួយ​ការចោទប្រកាន់​នៅក្រោម​ច្បាប់​បង្កើត​សមាគម​ខុសច្បាប់​ដែលជា​ច្បាប់​ហួស​សម័យ​តាំងពី​អាណានិគម​ដែល​ត្រូវតែ​ដកចេញ​ភ្លាមៗ​ពី​ក្រម​ព្រហ្ម ទ័​ណ្ឌ​។​

​អ្នកកាសែត​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មុន​មាន​លោក​Lawi Weng មកពី​កាសែត Irrawaddy និង​លោក Aye Naing និង​លោក Pyae Bone Naing មកពី​កាសែត​សំឡេង​ប្រជាធិបតេយ្យ​ភូមា អាច​ជាប់ពន្ធនាគារ​៣​ឆ្នាំ ប្រសិនបើ​កាត់​ឲ្យ​ជាប់ទោស​។​

​ការប្រយុទ្ធ​បាន​កើនឡើង​ចាប់តាំងពី​ការបរាជ័យ​នៃ​ការឈប់​បាញ់​គ្នា​រវាង​ពួកយោធា​ហើយនឹង​ក្រុម​កងទ័ព​ឯករាជ្យ Kachin ដែលជា​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​ដ៏​មានអំណាច​មួយ​នៅក្នុង​ឆ្នាំ​២០១១​។​នៅពេលដែល​ការប៉ះទង្គិច​កើនឡើង ការចេញ​ចូលក្នុង​តំបន់​នោះ​ត្រូវបាន​បន្ថយ​។​

​លោក David Baulk អ្នកឯកទេស​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល NGO Fortify Rights របស់​មី​យ៉ាន​ម៉ា បាន​និយាយថា​៖«​អ្វីដែល​យើង​បានឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា​គឺ​ការកើនឡើង​នូវ​ការ​រឹតត្បិត​លើ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស អ្នកកាសែត អង្គការ​អន្តរជាតិ​និង​មនុស្ស​ធ៌​ម​ជាតិ​ដែល​កំពុង​ព្យាយាម​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជម្លោះ​។​ហើយ ការណ៍​នេះ​មានន័យថា នៅពេលដែល​អស់លោក អ្នក ព្យាយាម​ទទួល​ព័ត៌មាន​ពី​តំបន់​ទាំងនោះ លោក អ្នក នឹង​ជួបប្រទះ​នូវ​ភាពគ្រោះថ្នាក់​យ៉ាង​ខ្លាំ​ង‍​»​។​

​ប៉ុន្មាន​ខែក្រោយ​ពី​ការវាយប្រហារ​កាលពី​ខែតុលា​នៅក្នុង​រដ្ឋ Rakhine​ដោយមាន​ការលើកលែង​ដ៏​កម្រ​មួយ រដ្ឋាភិបាល​បានដាក់​តំបន់​ភាគ​ខាងជើង​ជា​តំបន់​មិន​អនុញ្ញាតិ​ឲ្យ​បណ្តាញ​ព័ត៌មាន​ចូល ហើយ​កាលពី​ខែ​មុន រដ្ឋាភិបាល​បាន​និ យាយ​ថា ខ្លួន​បាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ​ដែល​ស៊ើបអង្កេត​ការចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ដែល​កើតមានឡើង​ក្នុងអំឡុង​នៃ​កិច្ចប្រតិបត្តិការ​យោធា​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com