អន្តរជាតិ
អូស្ត្រាលី​ប្រាប់​កូរ៉េខាងជើង «​កុំ​ចង់​សាកល្បង​ការអត់ធ្មត់​របស់​អាមេរិក​»
07, Jul 2017 , 8:19 pm        
រូបភាព
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី Barnaby Joyce (រូបភាព ABC)
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី Barnaby Joyce (រូបភាព ABC)
​ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Barnaby Joyce បាន​ព្រមាន​កូរ៉េខាងជើង​ថា ក្រុង​កង់​បេ​រ៉ា​នឹង​ចាត់វិធានការ​យោធា​ប្រឆាំង​កូរ៉េខាងជើង បើ​ហ៊ាន​បាញ់​មី​ស៊ី​ល​ដាក់​អាមេរិក​នោះ​។ ការព្រមាន​នេះ​ធ្វើឡើង ក្រោយ​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​ដែល​អាច​បាញ់​ដល់​អាមេរិក​។ អូស្ត្រាលី ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អាមេរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​កុំ​ធ្វើ​អ្វី​ហួសហេតុ​ព្រោះ​អាមេរិក និង​សម្ព័ន្ធមិត្ត​មិន​រារែក​នឹង​ឆ្លើយតប​រាល់​សកម្ម​ភាពមិន​សមគួរ​ណាមួយ​នោះឡើយ​។



«​ប្រទេស​ណាក៏ដោយ​មិនគួរ​ធ្វើ​អ្វី​ហួសហេតុ​ដើម្បី​សាកល្បង​ការអត់ធ្មត់​របស់​អាមេរិក​ឡើយ​»​។ នេះ​ជា​ពាក្យសម្ដី​ព្រមាន​របស់​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល​អូស្ត្រាលី Barnaby Joyce សម្រាប់​កូរ៉េខាងជើង ដែល​ទទួលជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ថ្ងៃទី​៤ ខែកក្កដា ដែល​នេះ​ក៏​មានន័យថា​កូរ៉េខាងជើង​មាន​សមត្ថ​ភាព​បាញ់​គោលដៅ​ទាំងឡាយ​នៅលើ​ទឹក​អាមេរិក​បាន​។ លោក Joyce បាន​ប្រាប់​កូរ៉េខាងជើង​មិនត្រូវ​បាន​បាញ់​ដាក់​អាមេរិក​ឡើយ ព្រោះ​អូស្ត្រាលី​ក៏​មិន​នៅ​ស្ងៀម​ដែរ​។​

​លោក Joyce ដែលជា​ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ប្រាប់​សារព័ត៌មាន Sky News ក្នុង​កិច្ច​សម្ភាស​មួយ​ថា ប្រសិន​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ដាក់​អាមេរិក នោះ​កងទ័ព​សម្ព័ន្ធមិត្ត​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ នឹង​ចូល​ជួយ​អាមេរិក​មិន​ខាន​។ ចំណែកឯ​ការឆ្លើយតប​វិញ​យ៉ាងនោះ លោក Joyce បញ្ជាក់ថា បើ​កូរ៉េខាងជើង​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ ការតបត​ក៏​ច្បាស់​ជា​នុយក្លេអ៊ែរ​វិញ​ដែរ​។  

​ជាមួយគ្នា​នោះ ក្រុង​កង់​បេ​រ៉ា ក៏បាន​គាំទ្រ​ជំហរ​របស់​អាមេរិក ដែល​ចង់​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែល​បន្ត​រកស៊ី​ជាមួយ​កូរ៉េខាងជើង​។ នៅ​ថ្ងៃទី​៦ ខែកក្កដា លោក Joyce បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​ថា អូស្ត្រាលី​មិន​គាំទ្រ​ប្រទេស​ដែល​ជួយ និង​សមគំនិត​ជាមួយ​កូរ៉េខាងជើង​បានឡើយ ហើយ​ចិន​ដែលជា​អ្នកជិតខាង និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​កូរ៉េខាងជើង ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​។

​តាមពិតទៅ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏បាន​ដាក់​សម្ពាធ​ខ្លាំង​លើ​ចិន​ឲ្យ​ជួយ​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង តែ​គេ​មិនឃើញ​លេចចេញ​លទ្ធផល​ផ្លែផ្កា​អ្វី​សោះ ដោយ​ចិន​ហាក់​មិន​អើពើ​នឹង​ការអំពាវនាវ​របស់​អា​មេ​រិ​ក​ឡើយ​។ បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​នៅ​ថ្ងៃទី​៤ ខែកក្កដា លោក ត្រាំ បាន​បង្ហោះ​សារ​មួយ​លើ Twitter ដែល​បង្ហាញ​ពី​ការកើនឡើង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន និង​កូរ៉េខាងជើង ដែល​ផ្ទុយស្រឡះ​ពី​ការចង់បាន​របស់​អាមេរិក​។​

​ថ្មីៗ​នេះ ប្រធានាធិបតី ត្រាំ ក៏បាន​ផ្ញើ​សារ​រំ​ឭ​កូរ៉េខាងជើង​ឲ្យ​ប្រុងប្រយ័ត្ន​ទង្វើ​របស់ខ្លួន ព្រោះ​អាមេរិក​បាន​អស់​ភាព​អំណត់​ទៅហើយ​។ ដោយ​គំរាម​ប្រើ​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​បញ្ហា លោក ត្រាំ បាន​និយាយ​ពី​ប៉ូឡូញ​ថា ក្រុង​ព្យុងយ៉ាង​នឹង​ប្រឈមមុខ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ដោយសារតែ​សកម្មភាព​មិនល្អ​របស់​ខ្លួន​ក្នុងការ​សាកល្បង​មី​ស៊ី​ល​មិន​ឈប់ឈរ​។ ប៉ុន្តែ​ជំហរ​ប្រើ​កម្លាំង​របស់​អាមេរិក ត្រូវ​ជំទាស់​ដោយ​រុស្ស៊ី និង​ចិន ដោយ​ប្រទេស​ទាំងពីរ​ចង់​ដោះស្រាយ​តាមផ្លូវ​ត្រជាក់​វិញ​៕



Tag:
 អូស្ត្រាលី​
  កូរ៉េខាងជើង​
  ​អាមេរិក​
  Barnaby Joyce
© រក្សាសិទ្ធិដោយ thmeythmey.com