អន្តរជាតិ
អាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​ទៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ភាព​តានតឹង​កើនឡើង​
07, Jul 2017 , 10:39 pm        
រូបភាព
យន្តហោះចម្បាំងអាមេរិក B-1 (រូបភាព៖PACOM)
យន្តហោះចម្បាំងអាមេរិក B-1 (រូបភាព៖PACOM)
ដោយ: ថ្មីៗ
​យន្តហោះ​ចម្បាំង​អាមេរិក​ពីរ​គ្រឿង​ហោះហើរ​ឆ្លងកាត់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​សុក្រ ទី ៧​កក្កដា​នេះ ហើយ​អាមេរិក​អះអាងថា​ខ្លួន​បន្ត​ចាត់ទុក​តំបន់​ជម្លោះ​ជា​ដែន​អន្តរជាតិ​ដែល​គ្រប់គ្នា​ប្រើប្រាស់​បាន​។ វត្តមាន​យន្តហោះ​អាមេរិក​ហោះ​ឆ្លងកាត់​តំបន់​ជម្លោះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​នាវា​ពិឃាត​អាមេរិក​បើក​ក្បែរ​តំបន់​ជម្លោះ​ដែល​បាន​បង្ក​ឲ្យ​ចិន​ក្តៅក្រហាយ​ខ្លាំង​ដែរនោះ​។​



​ក្រុង​វ៉ាស៊ីនតោន​បន្តធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ក្តៅស្លឹកត្រចៀក​ជាថ្មីទៀត​នៅ​សប្តាហ៍​នេះ​ដោយ​បញ្ជូន​យន្តហោះ​ចម្បាំង​ខ្លួន​ពីរ​គ្រឿង​ឲ្យ​ហោះហើរ​ឆ្លងកាត់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ កងទ័ពអាកាស​អាមេរិក​បានប្រកាស​ទទួលស្គាល់​ការហោះហើរ​នេះ​ថែម​ម​ទាំង​បាន​រម្លឹក​ជាថ្មី​ផងដែរ​ថា អាមេរិក​នៅតែ​ហោះហើរ​ឆ្លងកាត់​ដោយសារ​វា​ជា​ដែន​អន្តរជាតិ ថ្វីបើ​ចិន​ទាមទារ​ក៏ដោយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកនាំពាក្យ​កងទ័ពអាកាស​អាមេរិក Ryan Simpson បានលើកឡើង​ដូច្នេះ​៖« វា​ជាការ​ចង្អុលបង្ហាញ​យ៉ាងច្បាស់​ពី​សមត្ថភាព​របស់​យើង​ក្នុង​ការបំពេញ​ប្រតិបត្តិការ​សឹក​ជាមួយ​កងកម្លាំង​សម្ព័ន្ធមិត្ត​យើង​បាន​យ៉ាង​ងាយស្រួល​»​។​

 យន្តហោះ​ចម្បាំង​ទាំងពីរ​គ្រឿង​ដែល​ហើរ​កាត់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​គឺ យន្តហោះ B1-B ហើយ​យន្តហោះ​ទាំងពីរ​នេះ​បាន​ចូលរួម​ស​មុ​យុទ្ធ​រួមជាមួយ​កងទ័ពអាកាស​ជប៉ុន នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​ផងដែរ​។ វា​ជា​សមយុទ្ធ​ពេលយប់​ជា​លើកដំបូង​ដែរ​រវាង​ទ័ពអាកាស​សម្ព័ន្ធមិត្ត​ទាំងពីរ​នោះ​។​

​ការ​សម្ញែង​សាច់ដុំ​យោធា​ដោយ​ហើ​ហើរ​យន្តហោះ​ចម្បាំង​នៅ​តំបន់​ជម្លោះ ក៏​កើតឡើង​ស្របពេល​ដែល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កើនឡើង​ខ្លាំង​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​បាញ់​បង្ហោះ​មី​ស៊ី​ល​បាលី​ស្ទីក​ឆ្លង​ទ្វីប​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។ ក្រុង​វ៉ាស៊ីនតោន​បារម្ភ​កាន់តែខ្លាំង​ពី​សន្តិសុខ​របស់ខ្លួន​ដែរ​ពេលដែល​កូរ៉េខាងជើង​សម្រេចបាន​មី​ស៊ី​ល​ឆ្លង​ទ្វីប​នេះ ហើយ​របប​ដឹកនាំ​នេះ​ក៏​ចង់​ឲ្យ​ក្រុង​ប៉េកាំង​បន្ត​ប្រឹងប្រែង​ថែមទៀត​ដើម្បី​ដាក់​គំនៀប​លើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​បោះបង់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ផង​។​

​ដោយឡែក  កាលពី​ខែ​មុន គេ​ក៏​ឃើញ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ចំនួន​ពីរ​គ្រឿង​ហោះ​ចេញពី​កោះ ហ្គា​ម (Guam) ដោយ​ឆ្លងកាត់​ដែន​ជម្លោះ​នេះ​ម្តង​ដែរ​។ ម្យ៉ាងវិញទៀត​កាលពី​សប្តាហ៍​មុន ក្រុង​វ៉ាស៊ីនតោន​ក៏បាន​បញ្ជូន​នាវា​ពិឃាត​មួយគ្រឿង​ទៅ​ក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ ដែល​វា​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​ខ្លាំង​ដែរ​។​

​នាវា​ពិឃាត USS Stethem  បើកបរ​ស្ថិតនៅ​ចម្ងាយ​តិចជាង ២២ គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​ជម្លោះ ប៉ា​រ៉ា​សែ​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃអាទិត្យ​ទី ២ ខែកក្កដា ហើយ​វា​ជាការ​អនុវត្ត​សេរីភាព​នាវាចរណ៍​របស់​ក្រុង​វ៉ាស៊ីនតោន​ជា​លើក​ទី​ពីរ​ហើយ​រាប់​ចាប់ពី​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ចុង​ខែម​ករានោះ​។


Tag:
 អាមេរិក​
  B1-B
  សមុទ្រ​ចិន​ខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com