អន្តរជាតិ
ម៉ាឡេស៊ី​ត្រៀម​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ជួយ​ប្រជាជន​រងគ្រោះ​នៅ​ក្រុង Marawi
07, Jul 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី Hishammuddin Hussein បាន​លើកឡើងថា រដ្ឋាភិបាល​ម៉ាឡេស៊ី មាន​ផែនការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ជួយ​ប្រជាជន​រងគ្រោះ​នៅ​ក្រុង​ម៉ា​រ៉ាវី (Marawi)​។ ម៉ាឡេស៊ី​ក៏​នឹង​ព្យាយាម​ពង្រឹង​ការសហការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​និង​ដៃគូ​ផ្សេងទៀត​ដើម្បី​ប្រឆាំង​ភេរវជន និង​ទប់ស្កាត់​កុំ​ឲ្យ​អាស៊ីអាគ្នេយ៍​ក្លាយជា​មូលដ្ឋាន​ក្រុម​ដែ​ស្ហ​ផង​នោះ​។



«​ម៉ាឡេស៊ី​មាន​គម្រោង​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ជួយ​ប្រជាជន​ដែល​រងគ្រោះ​នៅ​ក្រុង​ម៉ា​រ៉ាវី​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី​លោក  Hishammuddin Hussein ក្នុងពេល​លោក​ចូលរួម​កម្មវិធី​មួយនា​មូលដ្ឋាន​ទ័ពអាកាស Subang ថ្ងៃ​ព្រហស្បតិ៍​។

​ប្រមុខ​ការពារជាតិ​រូបនេះ​បាន​បន្តថា មកដល់​ពេលបច្ចុប្បន្ន​លោក​កំពុង​បន្ត​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana​។ លោក យល់ថា ការផ្តល់​ជំនួយ​មនុស្ស​ធម៌​ទ្រទ្រង់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ការប្រយុទ្ធ​គ្នា​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​រួមចំណែក​ទប់ស្កាត់​ការរីក​ធំធាត់​នៃ​ចលនា​ភេរវជន​នៅក្នុង​តំបន់​ដែរ​។​
  
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន លោក Hishammuddin  បញ្ជាក់​ដូច្នេះ​៖«​យើង​ចង់​ធានា​ឲ្យ​បាន​ថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម (IS) ឬ​ក្រុម​ដែ​ស្ហ (Daesh) មិនអាច​មានលទ្ធភាព​ពង្រឹងកម្លាំង​របស់ខ្លួន​នៅក្នុង​តំបន់​ទេ ទោះ​នៅក្នុង​ក្រុង​ម៉ា​រ៉ាវី ឬ​នៅ​កន្លែង​ផ្សេងទៀត​នៅ​ទូទាំង​តំបន់​អាស៊ាន​»​។

​លោក​បន្ត​ដូច្នេះ​ថា​៖« ដើម្បី​អាច​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន វា​ចាំបាច់​ត្រូវមាន​ការយកចិត្តទុកដាក់​ចំពោះ​ពួកគេ ហើយ​នេះ​ជា​មូល​ហេតុដែល​ខ្ញុំ​បន្ត​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ហ្វីលីពីន​ដើម្បី​ឈានទៅ​បញ្ជូន​ជំនួយ​ទៅ​ជួយ​ប្រជាជន​នៅ​ម៉ា​រ៉ាវី​ព្រោះ​យើង​មិន​ចង់​ឲ្យ​ពួកគេ​ងាក​ទៅ​ចូលរួម​ជាមួយ​ចលនា​ប្រដាប់អាវុធ​ព្រោះតែ​ពួកគេ​ខឹងសម្បារ​ទេ​»​។

​ការ​បង្ហើប​ពី​គម្រោង​ផ្តល់ជំនួយ​ប្រជាជន​ហ្វីលីពីន កើតឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ចាប់ផ្តើម​ល្បាត​សមុទ្រ​រួមគ្នា​នៅ​សមុទ្រ Sulu ដើម្បី​ទប់ស្កាត់​ការឆ្លង​ដែន​របស់​ក្រុម​សកម្មប្រយុទ្ធ​ឆ្លងដែន​ទៅមក​តាម​សមុទ្រ​នោះ​។

​បន្ថែម​ពីលើ​គម្រោង​ផ្តល់ជំនួយ​មនុស្សធម៌ ប្រមុខ​ការពារជាតិ​រូបនេះ បាន​បញ្ជាក់ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏​សង្ឃឹមថា ការ​ល្បាត​ផ្លូវអាកាស​រួម​រវាង​ប្រទេស​ទាំងបី​នឹង​ចាប់​ផ្តើមឡើង​នៅពេល​ខាងមុខ​ឆាប់​ផងដែរ​ដើម្បី​ទប់ស្កាត់​ភេរវជន​ផង​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ពី​គម្រោង​នេះឡើយ​ជាពិសេស​ពាក់ព័ន្ធ​កាលបរិច្ឆេទ​នៃប្រតិបត្តិ​ការ​នេះ​។​

​លោក Hishammuddin  ក៏​សង្កត់ធ្ងន់​ផងដែរ​ថា ម៉ាឡេស៊ី​បច្ចុប្បន្ន​ក៏​បន្ត​ពង្រឹង​ការ​ល្បាត និង​បង្កើន​ចំនួន​កងទ័ព​ឃ្លាំង​មើល​និង​ទប់​ស្កាល់​ចលនា​ឆ្លងដែន​របស់​ភេរវជន​នៅ​តំបន់​ជាប់​សមុទ្រ​ដូចជា​រដ្ឋ Sabah ជាដើម​។  លោក​បន្ថែមថា ការប្រយុទ្ធ​គ្នា​នៅ​ម៉ា​រ៉ាវី​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ ប៉ុន្តែ​គ្រោះថ្នាក់​មួយទៀត​នោះ​គឺ​ការចុះ​ខ្សោយ​របស់​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ដែល​បង្ខំ​ឲ្យ​ពួកគេ​ភៀសខ្លួន​ទៅ​តំបន់​ផ្សេងទៀត ហើយ​គេ​ក៏​មិនដឹងថា​ពួកគេ​ភៀសខ្លួន​ទៅណា​ដែរ​។​

​លោក​នឹងធ្វើ​ដំណើរ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋ​អារ៉ាប់​មួយ​នេះ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវជន​ដែ​ស្ហ តាមរយៈ​ការចែករម្លែក​ព័ត៌មាន​ចារកម្ម​ជាដើម​។​លោក​ក៏​ត្រៀម​ជួបពិភាក្សា​ជាមួយ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ​ពាក់ព័ន្ធ​ការបង្កើត​មជ្ឈមណ្ឌល​តំបន់​របស់​ក្សត្រ Salman ដើម្បី​សន្តិភាព​ដែលមាន​តួនាទី​ប្រយុទ្ធប្រឆាំង​មនោគមន៍វិជ្ជា​ជ្រុលនិយម​ដែល​រួមចំណែក​ក្នុងការ​យកជ័យ​ជម្នះ​លើ​ក្រុម​ភេរវជន​ដែ​ស្ហ​នៅពេល​អនាគត​នោះ​៕


Tag:
 ម៉ាឡេស៊ី​
  Marawi
  Hishammuddin Hussein
© រក្សាសិទ្ធិដោយ thmeythmey.com