អន្តរជាតិ
ក្មេង​ម្នាក់​ដែល​កើត​នៅលើ​យន្តហោះ បាន​សំបុត្រ​យន្តហោះ​ដោយ​ឥតគិតថ្លៃ​ពេញ​១​ជីវិត​
08, Jul 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
 
 
​អាមេរិក​៖ Christoph បានកើត​កាលពី​ថ្ងៃទី​២២ ខែមិថុនា នា​ដំណើរ​លើ​យន្តហោះ ចន្លោះ​ក្រុង Fort Lauderdale រដ្ឋ​ហ្វ្ល​រី​ដា និង​ក្រុង Dallas រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​។ ដើម្បី​អបអរ​ចំពោះ​ការចាប់​កំណើត​ដ៏​កម្រ​នេះ ក្រុមហ៊ុន​យន្តហោះ Spirit Airlines បានប្រកាស​ផ្តល់​សំបុត្រ​យន្តហោះ​ដោយ​ឥតគិតថ្លៃ​១​លើក​ក្នុង​១​ឆ្នាំ សម្រាប់ Christoph និង​មនុស្ស​ម្នាក់ទៀត​ដែលជា​ជម្រើស​របស់គេ​។​

 
​អ្នកស្រី Cristina Penton បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ Spirit Airlines ពី​ក្រុង Fort Lauderdale ទៅកាន់​ក្រុង Dallas នៅពេលដែល​គាត់​មាន​ទម្ងន់​៣៦​សប្តាហ៍​។ យោងតាម​ការផ្សាយ​រប​ស់ Time.com ក្រោយ​យន្តហោះ​ហោះហើរ​ជិត​បាន​១​ម៉ោង ស្ត្រី​រូបនេះ ស្រែក​រក​ជំនួយ​ដើម្បី​ជួយ​បង្កើតកូន​។​
 
​អ្នកស្រី​បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកស្រី មិនដែល​គិតថា ខ្លួន​ឆាប់​ប្រសូត្រ​បុត្រ​នោះឡើយ ប៉ុន្តែ​នៅពេលដែល​ចាប់ផ្តើម​ឈឺពោះ ទើប​ដឹងខ្លួន ហើយ​ហៅរក​ជំនួយ​។ ជា​សំណាងល្អ នៅលើ​យន្តហោះ មាន​ពេទ្យ​ឯកទេស​កុមារ​ម្នាក់ និង​គ្រូពេទ្យ​ម្នាក់​។ ក្រោយ​សម្រាល​បាន​ដោយ​ជោគជ័យ គ្រូពេទ្យ​កុមារ​រូបនោះ បាន​អះអាងថា នេះ​ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ ដែល​គាត់​បាន​ជួយ​ដល់​ការបង្កើត​កូន​។​
 
​ពេលនោះ យន្តហោះ គ្រោង​បង្វែរ​ការចុះ​ចត​នៅ New Orleans ប៉ុន្តែ​ទារក Chrisoph Lezcano បាន​កើតមុន​រួចទៅហើយ​។ បន្ទាប់មក យន្តហោះ​បាន​ទៅ​ចុះចត​នៅ Louisiana ហើយ​ក្រុមបច្ចេកទេស និង​ក្រុម​សង្គ្រោះបន្ទាន់​បាន​ដឹក Christoph ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ​។​
 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន អ្នកស្រី Penton បាន​បញ្ជាក់ថា កូន​ខ្លួន​មាន​កម្ពស់​៤៨​សង់ទីម៉ែត្រ និង​ទម្ងន់​៣,១​គីឡូក្រាម​។ គេ​បានកើត​ក្រោយ​បែក​ទឹកភ្លោះ​ប្រមាណ​១០​នាទី​។​
 
​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Spirit Airlines បាន​ទៅសួរសុខទុក្ខ អ្នកស្រី Penton និង Christoph ដល់​មន្ទីរពេទ្យ ហើយ​បានប្រកាស​ផ្តល់​កាដូ​ជាពិសេស​ដល់​ទារក​សម្រាប់​ការចាប់​កំណើត​ដ៏​កម្រ​។ លោក Paul Berry ដែលជា​អ្នកនាំពាក្យ​ក្រុមហ៊ុន បាន​លើកឡើងថា នេះ​ជា​ករណី​ដ៏​កម្រ ដូច្នេះ​ក្រុមហ៊ុន​សម្រេច​ផ្តល់​សំបុត្រ​យន្តហោះ​ដោយ​ឥតគិតថ្លៃ​ដល់ Christoph មួយ​លើក​ក្នុង​១​ឆ្នាំ ពេញ​១​ជីវិត​របស់គេ រួមទាំង​សំបុត្រ​១​ទៀត​សម្រាប់​មនុស្ស​ដែលជា​ជម្រើស​របស់ Christoph៕
 

Tag:
 យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com