អន្តរជាតិ
យាយ​អាយុ​៨៥​ឆ្នាំ ចូលរួម​រត់ប្រណាំងរ​ហូត​ដល់​ទៅ​៦៥​ព្រឹត្តិការណ៍​ក្នុង​១​ឆ្នាំ​
09, Jul 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
 ​លោកយាយ Deridre Larkin ជនជាតិ​អាហ្វ្រិក​ខាងត្បូង បាន​បង្ហាញថា អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ អតីត​អ្នកលេង​ព្យា​ណូ​ដែល​នឹង​ប្រារព្ធ​ខួប​៨៦​ឆ្នាំ នា​ខែកញ្ញា ខាងមុខ គឺជា​អ្នករត់​ប្រណាំង​ដ៏​អស្ចារ្យ​ម្នាក់ ជាពិសេស​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​។

 
​ក្នុង​វ័យ​៨៥​ឆ្នាំ លោកយាយ Deridre Larkin ដែល​រស់នៅ​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង តែងតែ​ហ្វឹកហាត់​ការរត់​ជា​រៀងរាល់​ព្រឹក ជាពិសេស​លើ​ចង្វាយ​ផ្លូវ​៨​គីឡូម៉ែត្រ​។ បើតាម​ការផ្សាយ​របស់ AFP គាត់​ទើបតែ​ចាប់ផ្តើម​ប្រឡូក​លើ​កីឡា​ប្រភេទ​នេះ ក្រោយ​ចូលនិវត្តន៍​ពី​ការលេង​ព្យា​ណូ​នៅតាម​មហោស្រព​ប្រគំ​តន្ត្រី​។​
 
«​មុន​ឈានដល់​វ័យ​៧៨​ឆ្នាំ ខ្ញុំ​ធ្លាប់បាន​រត់​នៅតាម​សាលារៀន ប៉ុន្តែ​ពេលនោះ​ខ្ញុំ​ធ្វើ​មិនសូវ​បានល្អ​ឡើ យ »​។ នេះ​ជាការ​លើកឡើង​ទៅកាន់ AFP របស់​លោកយាយ Larkin ដែល​ឈរ​ពីមុខ​ជញ្ជាំង​ភ្ជាប់​ដោយ​មេ ដាយ​ប្រមាណ​៥០០ ដែល​គាត់​ទទួលបាន​ពី​ការចូលរួម​រត់ប្រណាំង​។​
 

ដើមកំណើត​នៅ​អង់គ្លេស លោកយាយ Larkin បាន​ទៅ​រស់នៅ​អាហ្វ្រិក​ខាងត្បូង​ចាប់តាំងពី​ឆ្នាំ​១៩៧០​មក​។ កាលពី​ឆ្នាំមុន លោកយាយ​បាន​ចូលរួម​ប្រកួត​រហូតដល់​៦៥​ព្រឹត្តិការណ៍​រត់ប្រណាំង​ដែល​ក្នុងនោះ​មាន​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​ផងដែរ​។​
 
​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​ចម្ងាយ​២១​គីឡូម៉ែត្រ លោកយាយ Larkin ប្រើ​ថិរវេលា​ប្រមាណ​ជាង​២​ម៉ោង ហើយក៏​ធ្លាប់​ទទួលបាន​កំណត់ត្រា​លើ​ពិភពលោក​ក្នុងចំណោម​អ្នករត់​ប្រណាំង​ដែលមាន​អាយុ​ប្រហាក់ប្រហែលគ្នា​ផងដែរ​។ 
 
​លោកយាយ Lakrin ដែល​ទើប​បញ្ចប់​ការរត់​ចម្ងាយ​១០​គីឡូម៉ែត្រ​នៅ​ក្រុង Pretoria កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​អះអាងថា លោកយាយ​ពិតជា​មានការ​សប្បាយរីករាយ​នៅ​រាល់​ការប្រកួត ជាពិសេស​ទទួល​បានកា​រ​ស្វាគមន៍​ពី​មនុស្ស​នានា​។​
 
​កាលពី​អំឡុង​ឆ្នាំ​២០០០ លោកយាយ​ត្រូវបាន​រកឃើញថា មាន​ជំងឺ​ពុក​ឆ្អឹង ដោយ​មិនអាច​ព្យាបាល​ដោយ​ថ្នាំពេទ្យ ឬ​ចាក់​ថ្នាំ​នោះឡើយ​។ នៅ​ឆ្នាំ​២០១០ កូន​ម្នាក់​ក្នុងចំណោម​កូន​៤​នាក់​របស់គាត់ បាន​យក​គាត់​ទៅ​រស់​ជាមួយ​ខ្លួន​នៅ​តំបន់ Randburg ជាយក្រុង Jonannesburg​។ នៅ​ទីនោះ​ហើយ ដែល​លោកយាយ​បានចាប់ផ្តើម​អនុវត្ត​ការរត់​ចម្ងាយ តាម​កូនប្រុស​របស់ខ្លួន​។​
 
៧​ឆ្នាំ​ចុង​ក្រោយនេះ លោកយាយ​មាន​សុខភាព​កាន់តែ​ប្រសើរឡើង​។ កាលពី​ខែឧសភា​កន្លងទៅ គាត់​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួម​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដោយ​នៅពេលនោះ​គាត់​សម្រេចបាន​កំណត់ត្រា​ថ្មី ជាមួយ​ថិរវេលា​២​ម៉ោង និង​៥​នាទី​។​
 
​ទោះបីជា​ឈានចូល​ដល់​វ័យ​៨៦​ឆ្នាំ នា​ខែកញ្ញា ខាងមុខនេះ ក៏ដោយ តែ​លោកយាយ Larkin មិនមាន​បំណង​រាថយ​នោះឡើយ​។ គាត់​បាន​អះអាង​ប្រាប់ AFP ថា​៖ «​ជីវិត​ដោយ​គ្មាន​ការរត់ ដូចជា​ឈានទៅរក​សេចក្តីស្លាប់​បន្តិច​ម្តងៗ ។ ខ្ញុំ​នឹង​បន្ត​ការ​រត់តាម​ដែល​អាចធ្វើ​ទៅបាន ទោះបី​ជាមាន​ជើង​តែ​ម្ខាង​ក៏ដោយ​»​។​
 
​ក្បួន​ថែទាំ​សុខភាព​របស់​លោកយាយ Larkin គឺ​ការ​ពិសារ​គ្មាន​ជាតិ​ស្ករ អំបិល ឬ​កាហ្វេ ហើយ​ចាប់ផ្តើម​ក្រោក​ហ្វឹកហាត់​យ៉ាង​ទៀងទាត់​ពី​ម៉ោង​៥​ព្រឹក​៕
 



 

Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com