អន្តរជាតិ
កងទ័ព​អ៊ីរ៉ាក់​រំដោះ​ទីក្រុង Mosul ពី​កណ្ដាប់ដៃ​ក្រុម​រដ្ឋ​ឥស្លាម​
10, Jul 2017 , 10:50 am        
រូបភាព
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi កាន់ទង់ជាតិ ពេលទៅដល់ទីក្រុង Mosul ដែលទើបរំដោះបានពីដៃក្រុមរដ្ឋឥស្លាម (រូបភាព Xinhua)
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi កាន់ទង់ជាតិ ពេលទៅដល់ទីក្រុង Mosul ដែលទើបរំដោះបានពីដៃក្រុមរដ្ឋឥស្លាម (រូបភាព Xinhua)
​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi បាន​ទៅដល់​ទីក្រុង Mosul នៅ​ថ្ងៃទី​៩ ខែកក្កដា និង​បានប្រកាស​ពី​ជោគជ័យ​ក្នុង​ការរំដោះ​ទីក្រុង​នេះ​ពី​កណ្ដាប់​ក្រុម​រដ្ឋ​ឥស្លាម​។ ប្រតិបត្តិការ​រយៈពេល​៩​ខែ​មកនេះ បាន​បន្សល់ទុក​សាកស​ពរាប់ពាន់ អាគារ​ទីក្រុង​ជាច្រើន​ត្រូវបាន​បំផ្លាញ និង​ជនភៀសខ្លួន​រាប់សែន​នាក់​រត់ចោល​ផ្ទះសម្បែង​។ ការបាត់បង់​ទីក្រុង Mosul គឺជា​បរាជ័យ​ដ៏​ធំ​របស់​ក្រុម​រដ្ឋ​ឥស្លាម ដែល​បាត់បង់​ទឹកដី​ជាច្រើន​ទាំង​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ី​រី​។



​ទីបំផុត ទីក្រុង Mosul ដែលជា​រដ្ឋធានី​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់ ត្រូវបាន​រំដោះ​ហើយ​ក្នុង​ប្រតិបត្តិការ​រយៈពេល​៩​ខែ ដែល​ចាប់ផ្ដើម​តាំងពី​ខែតុលា ឆ្នាំ​២០១៦ ។ បើតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បាន​ទៅ​អបអរសាទរ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ​នៅ​ទីក្រុង Mosul ដោយផ្ទាល់​។ ជ័យជម្នះ​នេះ​ត្រូវបាន​ប្រកាស បន្ទាប់​កងទ័ព​អ៊ីរ៉ាក់​បាន​រុល​ទៅដល់​ទ​ន្ល Tigris និង​លើក​ទង់ជាតិ​នៅ​ទីនោះ​។

​ប្រតិបត្តិ​ការរំដោះ​ទីក្រុង​ធំ​ទី​ពីរ​របស់​អ៊ីរ៉ាក់ ធ្វើឡើង​ក្រោម​ជំនួយ​ពី​ក្រុម​សម្ព័ន្ធមិត្ត​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក ដែល​កំពុង​ធ្វើ​យុទ្ធនាការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​។ ក្រុម​សម្ព័ន្ធមិត្ត បាន​បើក​ការវាយប្រហារ​ដែនអាកាស​ជាច្រើនលើក​ដើម្បី​ជួយ​កងទ័ព​អ៊ីរ៉ាក់ បន្ថែម​ពីលើ​ក្រុម​អ្នកជំនាញការ​យោធា​ដែល​ត្រូវបាន​ពង្រាយ​នៅ​ផ្ទាល់​ជាមួយ​កងទ័ព​អ៊ីរ៉ាក់​តែម្ដង​។ ឯខាង​ទាហាន​អ៊ីរ៉ាក់​វិញ​មានការ​ចូលរួម​ពី​ក្រុម​ឃើ​ដ​, សកម្មជន​ស៊ូ​នី និង​អ្នក​ប្រយុទ្ធ​ស៊ី​អ៊ី​ត​។​

​សកម្មជន​រដ្ឋ​ឥស្លាម បាន​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Mosul កាលពី​ឆ្នាំ​២០១៤ បន្ទាប់មក​ក៏បាន​ប្រកាស​បង្កើត​រដ្ឋ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​តែម្ដង​។ ក្រោយ​ការគ្រប់គ្រង​អស់​ពេល​ជិត​បី​ឆ្នាំ ក្រុម​ជ្រុលនិយម​មួយ​នេះ​ប្រឈមមុខ​នឹង​បរាជ័យ មិនអាច​ចៀសផុត​បាន​នៅ Mosul ប៉ុន្តែ​ពួកគេ​មិនទាន់បាន​បោះបង់​ទីក្រុង​ទេ​។ សារព័ត៌មាន BBC ផ្សាយ​ថា សំឡេង​នៅ​កាំភ្លើង​នៅតែមាន​ឮ​នៅឡើយ ដ្បិត​សកម្មជន​ក្រុម​នេះ​បាន​បន្ត​ផ្នែក​វាយបក​ពី​កន្លែង​លាក់ខ្លួន​នៅ​ទីក្រុង​បុរាណ​នៅឡើយ​។

​ទោះជា​ជ័យជម្នះ​បានមក​ដល់​មែន តែ​នេះ​គ្រាន់តែ​ជា​លទ្ធផល​មួយផ្នែក​ប៉ុណ្ណោះ​សម្រាប់​ទាហាន​អ៊ីរ៉ាក់ ព្រោះ​ក្រុម​ភេរវ​ករ​នៅតែ​អាច​បន្តសកម្មភាព​រប​ស់​ខ្លួន​បាន​ដដែល​។ សកម្មជន​រដ្ឋ​ឥស្លាម នៅ​បន្ត​គ្រប់គ្រង​ទីតាំង​ជាច្រើន​នៅលើ​ទឹកដី​អ៊ីរ៉ាក់​ដូចជា​នៅ Tal Afar និង​នៅ​តំបន់​មួយចំនួនទៀត​ខេត្ត Anbar នៅ​ភាគ​ខាងលិច​ជាដើម​។ ពួកគេ​នៅតែ​បន្ត​វាយឆ្មក់​លើ​កម្លាំង​រដ្ឋាភិបាល ឬក៏​បំផ្ទុះ​គ្រាប់បែក​ដូចដែល​ធ្លាប់ធ្វើ​ពីមុន​។​

​អ្វីដែល​ជាការ​ព្រួយបារម្ភ​នោះ គឺ​ប្រជាជន​អ៊ីរ៉ាក់​ដែល​កំពុង​ជាប់​ខ្លួន​ក្នុង​ទីក្រុង និង​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​នៅ​តំបន់​ភាគ​ខាងលិច​ទីក្រុង Mosul ។ កាន់តែ​សោកស្ដាយ​នោះ គឺ​ការបំផ្លាញ​អាគារ​ប្រវត្តិសាស្ត្រ​នៅ​សង្កាត់​បុរាណ និង​ការ​បំផ្ទុះ​វិហារ​ឥស្លាម​ដ៏​ធំ​ក្នុង​ទីក្រុង​ជាទី​ចាប់កំណើត​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ ប្រជាជន​ជិត​មួយ​លាន​នាក់​បាន​ចាក​ចេញពី​ទីក្រុង​នេះ ដើម្បី​គេចខ្លួន​ពី​ការ​វាយ​ប្រយុទ្ធ ហើយនឹង​រំពឹងថា​ត្រឡប់មកវិញ​ពី​ប្រតិបត្តិ​ការរំដោះ​ទីក្រុង​នេះ​ចប់​ស្រេចបាច់​៕     


Tag:
 អ៊ីរ៉ាក់​
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com