អន្តរជាតិ
ត្រាំ ច្រឡំ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ឯ​សេត​វិមាន​ច្រឡំ​ចិន​ជា​តៃវ៉ាន់​
10, Jul 2017 , 2:38 pm        
រូបភាព
 ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជីនភីង (រូបភាព Xinhua)
ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជីនភីង (រូបភាព Xinhua)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​សេត​វិមាន​របស់លោក បាន​បង្ក​ការភ្ញាក់ផ្អើល​មួយ​ជុំវិញ​ការហៅ​ឈ្មោះ និង​ងារ​នៃ​មេដឹកនាំ​ជា​ដៃគូ​របស់​អាមេរិក​។ លោក ត្រាំ បាន​ឆ្លៀតពេល​ចូលរួម​កិច្ចប្រជុំ G-20 អាល្លឺម៉ង់ ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ជាច្រើន ព្រមទាំង​បាន​បង្ហោះ​រូបភាព​តាម​បណ្ដាញ​សង្គម​ទៀតផង​។ ប៉ុន្តែ​លោក ត្រាំ បែរជា​ច្រឡំ​ឈ្មោះ​មេដឹកនាំ​ដែល​អង្គុយ​ពិភាក្សា​ទល់មុខ​រូបនេះ​ជាមួយនឹង​មេដឹកនាំ​ផ្សេង​ទៅវិញ​។



​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ក្រៅ​កិច្ចប្រជុំ G-20 នៅឯ​ទីក្រុង Hamburg កាលពី​ថ្ងៃទី​៨ ខែ​កក្ដ​ដា​។ សេត​វិមាន​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ​ជុំវិញ​កិច្ចប្រជុំ​នេះ ប៉ុន្តែ​មិនបាន​ហៅ​លោក ស៊ី ជីន​ភីង ជា​ប្រធានាធិបតី​ចិន​ទេ តែ​ហៅ​ជា​ប្រធានាធិបតី​តៃវ៉ាន់​ទៅវិញ​។​





​បើតាម​សារព័ត៌មាន BBC សេចក្ដីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន​បញ្ជាក់ថា លោក ស៊ី ជីន​ភីង ជា​ប្រធានាធិបតី​សាធារណរដ្ឋ​ចិន​។ សាធារណរដ្ឋ​ចិន ជា​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់ ខណៈ​ឈ្មោះ​ផ្លូវការ​របស់​ចិន គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ យ៉ាងណាក្ដី ការច្រឡំ​នេះ​ត្រូវបាន​កែ​ឡើងវិញ ដោយ​សេត​វិមាន​បាន​ហៅ​លោក ស៊ី ជីន​ភីង ត្រឹម​ជា​ប្រធានាធិបតី​ចិន​។

​ទន្ទឹមនឹង​ការច្រឡំ​ចិន​ជា​តៃវ៉ាន់​របស់​សេចក្ដីប្រកាស​សេត​វិមាន លោក​ប្រធានាធិបតី ត្រាំ ឯណោះ​ក៏បាន​បង្កើត​រឿង​យល់ច្រឡំ​មួយទៀត​។ តាមរយៈ​បណ្ដាញ​សង្គម Instagram របស់ខ្លួន លោក ត្រាំ បាន​បង្ហោះ​រូបភាព​នៃ​កិច្ចពិភាក្សា​ជាមួយ​លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​។ ប៉ុន្តែ​រូបភាព​នោះ​បែរជា​សរសេរថា «​ប្រធានាធិបតី ត្រាំ និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ កំពុង​ជជែក​គ្នា មុន​ជំនួប​ចរចា​ទ្វេភាគី​...»​។





​យ៉ាងណាមិញ ការច្រឡំ​នេះ​ត្រូវបាន​កែប្រែ ដោយ Instagram របស់លោក ត្រាំ បាន​សរសេរ​ឡើងវិញ​ថា ប្រធានាធិបតី ត្រាំ ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​វិញ​។​




​ការភាន់ច្រឡំ​មួយទៀត​ដែល​កើតឡើង​អំឡុងពេល​កិច្ចប្រជុំ G-20 ដែរនោះ គឺ​ការហៅ​ងារ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ។ សេត​វិមាន​ដែល​ហៅ​លោក ស៊ី ជីន​ភីង ជា​ប្រធានាធិបតី​តៃវ៉ាន់ បែរជា​ហៅ​លោក​អា​បេ ជា​ប្រធានាធិបតី​ជប៉ុន​ទៅវិញ​។ ការហៅ​នេះ គឺ​ខុសពី​ធាតុ​ដើម​របស់​ជប៉ុន ដែលមាន​ព្រះ​ចៅ​អធិរាជ​ជា​ប្រមុខរដ្ឋ និង​មាន​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​រដ្ឋាភិបាល​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  សេត​វិមាន
© រក្សាសិទ្ធិដោយ thmeythmey.com