អន្តរជាតិ
ក្រោយ​បង្កើត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​ជាមួយ ពូ​ទីន ត្រាំ ចង់​បន្ត​ពង្រីក​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​
10, Jul 2017 , 5:46 pm        
រូបភាព
រូបភាព៖ Middle East Confidential
រូបភាព៖ Middle East Confidential
​ក្រោម​ការឯកភាព​គ្នារ​វាង​មេដឹកនាំ​អាមេរិក និង​រុស្ស៊ី នា​រសៀល​ថ្ងៃអាទិត្យ​ទី​៩ ខែកក្កដា បទ​ឈប់​បាញ់​នៅ​ស៊ី​រី​ដែល​គ្របដណ្តប់​លើ​ខេត្ត​ចំនួន​បី​ត្រូវបាន​គេ​ចាប់ផ្តើម​អនុវត្ត​ហើយ​។ ប្រជាជន​ស៊ី​រី​ហាក់​ស្គាល់​ភាព​ស្ងៀមស្ងាត់​គ្មាន​ការបាញ់​ផ្លោង​ជា​លើកដំបូង​តាំងពី​សង្គ្រាម​ផ្ទុះឡើង​នៅ​ឆ្នាំ ២០១១ មក​នោះ​។ ចំណែក​លោក ដូ​ណា​ល់ ត្រាំ ក៏​ស្នើ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​រុស្ស៊ី​ថែមទៀត​ដើម្បី​ដោះស្រាយ​ប​ញ្ហ​ប្រឈម​រួមគ្នា​ផងដែរ​។​



​ខេត្ត​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី​ដែល​ញាំញី​ដោយ​ភ្លើងសង្គ្រាម​ស្គាល់​ស​និ្ត​ភាពជា​លើកដំបូង​នៅ​ថ្ងៃអាទិត្យ​ទី ៩ កក្កដា បន្ទាប់ពី​មានការ​អនុវត្ត​បទ​ឈប់​បាញ់​មួយ​ដែល​ផ្តួចផ្តើមឡើង​ដោយ​រុស្ស៊ី អាមេរិក​និង​ហ្ស៊​កដា​នី​នោះ​។

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បទ​ឈប់​បាញ់​ដែល​ទើប​ចូល​ជា​ធរមាន​នេះ​មាន​អនុភាព​អនុវត្ត​នៅ​ខេត្ត​ចំនួន​បី​ទូទាំង​ដែល​ជាប់​ព្រំដែន ។ វា​ជាស​ញ្ញា​វិជ្ជមាន​មួយ​នៃ​ការ​ឈានទៅ​បញ្ចប់​ជម្លោះ​ស៊ី​រី ហើយ​វា​ក៏​ជា​សមិទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​មហាអំណាច​និង​អាមេរិក និង​រុស្ស៊ី​ផងដែរ​។​

​ប្រជាជន​ម្នាក់​គឺ​លោក Ahmad al-Masalmeh ដែល​រស់នៅក្នុង​ក្រុង Daraa ដែល​ស្ថិត​នៅក្បែរ​ព្រំដែន​ហ្ស៊​កដា​នី​នៅតែ​ប​ង្ហ​ញ​ក្តីបារម្ភ​ថ្ងៃ​បើ​បទ​ឈប់​បាញ់​នេះ​ចូល​ជា​ធរមាន​ក៏ដោយ​។ «​វា​នៅតែមាន​ការភ័យខ្លាច​ខ្លាំង​។ យើង​មាន​បទ​ឈប់​បាញ​មែន ប៉ុន្តែ​វា​មិនមាន​យន្តការ​អ្វី​ដើម្បី​អនុវត្ត​វា​ឡើយ​។ នេះ​ជា​អ្វីដែល​ធ្វើ​ឲ្យ​យើង​បារម្ភ​»​។​

​តាំងពី​សង្គ្រាម​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ ២០១១ គ្មាន​បទ​ឈប់​បាញ់​ណាមួយ​ដែល​អាយុ​វែង​ជាង ៦​ខែ​ឡើយ ហើយ​អ្វីដែល​សំខាន់​គេ​មិនអាច​ដាក់ចេញ​យន្តការ​ត្រួតពិនិត្យ​និង​ឃ្លាំមើល​ដើម្បី​ធានា​ការអនុវត្ត​បទ​ឈប់​បាញ់​ឡើយ​។ ហើយ​បទ​ឈប់​បាញ់​ដែល​ត្រូវបាន​អនុវត្ត​នៅពេលនេះ​ក៏​ផុយស្រួយ​ដែរ ដោយសារ​ការប្រឈមមុខ​ដាក់គ្នា​រវាង​កម្លាំងរ​ដ្ឋា​ភិ​បាល​ស៊ី​រី​ដែល​គាំទ្រ​ដោយ​ស៊ី​រី​និង​អ៊ីរ៉ង់ ជាមួយ​ក្រុម​ឧទ្ទាម​ប្រឆាំង​ដែលមាន​អាមេរិក​ជា​ខ្នងបង្អែក​នោះ​។

​ត្រឡប់មកវិញ បទ​ឈប់​បាញ់​នេះ​ចេញ​ជា​រូបរាង​ឡើងមក​ដោយសារ​ការ​លួច​ចរចា​ជាសម្ងាត់​រវាង​អាមេរិក ហ្ស៊​កដា​នី និង​រុស្ស៊ី​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ហើយ​ការពិភាក្សាគ្នា​នោះ​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​កងកម្លាំង​ដែលមាន​អ៊ីរ៉ង់​ជា​ខ្នងបង្អែក​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​។

​កន្លងមក​អ៊ីស្រាអែល​បាន​បញ្ជាក់ថា ខ្លួន​មិន​សុខចិត្ត​ឡើយ​ដែល​អ៊ីរ៉ង់​កសាង​កម្លាំង​អចិន្ត្រៃយ៍​នៅ​ស៊ី​រី​នោះ ហើយ​រដ្ឋ​ជ្វី​ហ្វ​មួយ​នេះ​ក៏បាន​បញ្ជូន​ទ័ពអាកាស​ឲ្យ​វាយប្រហារ​លើ​កងកម្លាំង​នៅក្នុង​ទឹកដី​ស៊ី​រី​ដែល​ខ្លួន​សង្ស័យថា​មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្គង់​ផ្គង់​អាវុធ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​លី​បង់ ហេ​ស្បូ​ឡា ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ស៊ី​រី​ផងដែរ​នោះ​។​

​ដោយឡែក ស្រប​ពេលដែល​មានការ​អនុវត្ត​បទ​ឈប់​បាញ់​នេះ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​ទើប​ជួបពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី​ជា​លើកដំបូង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន  ក៏​សរសេរ​បង្ហោះ​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ផងដែរ​។ លោក​សរសេរ​ដូច្នេះ​ថា​៖« បទ​ឈប់​បាញ់​នេះ​នឹង​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន​។ ពេលនេះ​វា​ជា​ពេលដែល​ត្រូវ​បន្ត​ដើរទៅ​មុខ​និង​ធ្វើ​ការងារ​ជាមួយ​រុស្ស៊ី​ក្នុងន័យ​ស្ថាបនា​ដែរ​»​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កិច្ចព្រមព្រៀង​ផ្អាក​ការបាញ់បោះ​នេះ​ត្រូវបាន​ឯកភាព​និង​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយពី​មាន​កិច្ចប្រជុំ​ក្រៅ​វេទិកា​កំពូល​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ២០ នៅ Hamburg ប្រទេស​អាល្លឺម៉ង់ រវាង​លោក ពូ​ទីន និង​លោក ត្រាំ​ផងដែរ​៕

Tag:
 ស៊ី​រី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com