អន្តរជាតិ
ការសិក្សា​ភាសា​ចិន​កុក​ងឺ​កើនឡើង​ក្នុងប្រទេស​ប៉ា​គី​ស្ថាន ស្របពេល​ទំនាក់ទំនង​ចិន​និង​ប៉ា​គី​ស្ថាន​កាន់តែ​ជិតស្និទ្ធ​
11, Jul 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​អ៊ី​ស្លា​ម៉ា​បាដ ៖ ប្រទេស​ចិន​កំពុង​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​គម្រោង​សាងសង់​ផ្លូវថ្នល់ ផ្លូវដែក តំបន់ឧស្សាហកម្ម​ពិសេស និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ កិច្ចសហប្រតិបត្តិការ​ទូលំទូលាយ​ដែលមាន​ឈ្មោះថា «​ច្រករបៀង​សេដ្ឋកិច្ច​ចិន​ប៉ា​គី​ស្ថាន​» នេះ កំពុង​ទាញ​ចំណាប់អារម្មណ៍​ក្នុងចំណោម​សិស្ស​ប៉ា​គី​ស្ថាន និង​អ្នកមាន​វិជ្ជាជីវៈ​នានា ឲ្យ​សិក្សា​ភាសា​ចិន​កុក​ងឺ​។​



​អ្នកស្រី Li Xue Mei បង្រៀន​ភាសា​ចិន​កុក​ងឺ​ដល់​សិស្ស​ប្រហែល ៣ រយ​នាក់ ពី​ថ្នាក់​ទី ៥ ដល់​ថ្នាក់មធ្យមសិក្សា​។ អ្នកស្រី​ជា​គ្រូបង្រៀន​ភាសា​ចិន​កុក​ងឺ​ម្នាក់​នៅ​សាលារៀន​ឯកជន​មួយ​ឈ្មោះ Roots Millennium Schools ក្នុងប្រទេស​ប៉ា​គី​ស្ថាន ដែលមាន​សិស្ស​រៀន​ភាសា​ចិន​កុក​ងឺ​ចំនួន​ជាង ៧ ពាន់​នាក់​។​

​អ្នកគ្រូ Li Xue Mei បាន​ថ្លែងថា​៖ ​«​សិស្ស​ទាំងអស់​ពូកែ និង​សប្បាយ​នឹង​ការសិក្សា​ភាសា​ចិន​ខ្លាំងណាស់​»​។​

​អ្នកគ្រូ​និយាយថា ការសរសេរ​អក្សរ​ចិន​គឺ​ពិបាក​សម្រាប់​សិស្ស​របស់គាត់ ប៉ុន្តែ​សិស្ស​ទាំងនោះ​រៀន​ឆាប់​យល់​លឿន​ជាទីបំផុត​។ អ្នកគ្រូ​ក៏បាន​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​បន្ទាន់​ក្នុងការ​សិក្សា​ភាសា​ចិន​កុក​ងឺ​ផងដែរ​។​

«​ខ្ញុំ​គិតថា ពួកគេ​ចាំបាច់​ត្រូវ​រៀន​ភាសា​ចិន វប្បធម៌​ចិន បន្ថែមទៀត ដូច្នេះ​ពួកគេ​អាចទាក់ទង សហការ និង​ធ្វើការ​បាន​ប្រសើរ​ជាង​មុន​ជាមួយនឹង​ជនជាតិ​ចិ​ន‍​»​។​

​វិនិយោគ​ចិន​ក្នុង​ទឹកប្រាក់​ប្រហែល ៦០ ពាន់​លាន​ដុល្លារ​អាមេរិក នៅក្រោម​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​សេដ្ឋកិច្ច​ចិន​ប៉ា​គី​ស្ថាន ត្រូវគេ​រំពឹងថា​នឹង​ពាំនាំ​ជនជាតិ​ចិន​ប្រហែល ២ ម៉ឺន​នាក់​ចូលមកក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​កន្លងមក ជន​ជាតិចិន​ភាគច្រើន​បានមក​តាំងទី​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​រួចមកហើយ ដែល​ភាគច្រើន​ធ្វើ​អាជីវកម្ម​ឯកជន​។​

​ស្ថាប័នរដ្ឋ និង​ឯកជន​នានា កំពុង​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​សម​ភាគី​ចិន​របស់ខ្លួន ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​នៅក្នុង​ផ្នែក​អប់រំ​ថ្នាក់ឧត្ដម​សិក្សា និង​ដើម្បី​ផ្ដល់នូវ​ឱកាស​ស្រាវជ្រាវ​ដល់​ភាគី​ទាំងសងខាង​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​សេដ្ឋកិច្ច​ចិន​ប៉ា​គី​ស្ថាន​ថា​ជា «​គម្រោង​សាកល្បង​សំខាន់បំផុត​មួ​យ‍​» នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់ខ្លួន​។ គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​នេះ គឺជា​គម្រោង​ប្រថុយប្រថាន​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​មួយ ដែលមាន​គោលបំណង​ភ្ជាប់​ប្រទេស​ចិន​ជាមួយនឹង​ប្រទេស​ផ្សេងទៀត​នៅក្នុង​ទ្វីបអាស៊ី អាហ្វ្រិក និង​អឺរ៉ុប តាមរយៈ​ផ្លូវគោក និង​ផ្លូវទឹក​។​

​ដោយសារតែ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ផ្នែក​នយោបាយ និង​យោធា កាលពី​យូរយារ​ណាស់​មកហើយ មន្ត្រី​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​នានា​សង្ឃឹមថា ច្រករបៀង​សេដ្ឋកិច្ច​នេះ នឹង​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ក៏ដូចជា​ពាំនាំ​នូវ​ភាព​ចម្រុងចម្រើន​ផ្នែក​សេដ្ឋកិច្ច​មក​ឲ្យ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​លោក Sartaj Aziz ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​ប៉ា​គី​ស្ថាន បាន​និយាយថា​៖ «​ប្រវត្តិសាស្ត្រ​ជា​ភស្តុតាង​នៃ​ការពិត ដែល​បង្ហាញថា មិត្តភាព​ដ៏​អស្ចារ្យ​នេះ​បាន​នៅ​ឋិតថេរ​ជា​យូរអង្វែង​មកហើយ​។ ប៉ុន្តែ កាលពី ៤ ឆ្នាំ កន្លងទៅនេះ ទំនាក់ទំនង​នេះ​បាន​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី​មួយទៀត និង​ឡើងដល់​កម្រិត​ខ្ពស់​មួយ​គឺ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​សេដ្ឋកិច្ច​ចិន​ប៉ា​គី​ស្ថា​ន‍​»​។​

​ច្រករបៀង​ចម្ងាយ​ជិត ៣ ពាន់​គីឡូម៉ែត្រ ដែល​ប្រទេស​ចិន​កំពុង​សាងសង់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​ផ្សេងៗ​តាមផ្លូវ​ជាតិ​ល្បឿន​លឿន Karakoram ដែល​លូន​កាត់​តាម​ជ្រលង​ភ្នំ​ដែល​គ្រប់​ដណ្ដប់​ដោយ​ព្រិល បុក​ឆ្ពោះ​រហូត​ទៅដល់​កំពង់ផែ Gwadar ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។ ទំនិញ​ទាំងនេះ​នឹង​ផ្ទុក​នៅលើ​កប៉ាល់ ដើម្បី​បញ្ជូន​ចេញទៅ​កាន់​ទីផ្សារ​នានា​នៅ​ទ្វីបអាហ្វ្រិក តំបន់​មជ្ឈិមបូព៌ា និង​ទ្វីបអឺរ៉ុប​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com