អន្តរជាតិ
លោកស្រី យី​ង​ឡាក់ ប្រកាស​មិន​រត់ចោលស្រុក និង​ទទួល​រាល់​ការសម្រេច​របស់​តុលាការ​
11, Jul 2017 , 2:51 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ ពេលចូលបំភ្លឺនៅតុលាការ (រូបភាព EPA)
អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ ពេលចូលបំភ្លឺនៅតុលាការ (រូបភាព EPA)
​អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ទីមួយ​របស់​ថៃ លោកស្រី  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​រឿង​ទិញស្រូវ​ពី​កសិករ បានប្រកាស​ជា​ចំហ​ថា លោកស្រី នឹងមិន​ចាកចេញ​ពី​ប្រទេស​ឡើយ ហើយ​លោកស្រី​ក៏​សុខចិត្ត​ទទួល​រាល់​ការសម្រេចចិត្ត​ទាំងអស់​របស់​តុលាការ​លើ​លោកស្រី​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត​បាងកក​ប៉ុស្តិ៍ លោកស្រី យី​ង​ឡាក់ បញ្ជាក់​ច្បាស់​ថា លោកស្រី​នឹងមិន​ទៅណា​ឡើយ ហើយ​បន្ត​ការពារ​ភាព​បរិសុទ្ធ​រហូតដល់​ទីប​ញ្ច​ប់​។



​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នឹង​មានឱកាស​ចុងក្រោយ​ដើម្បី​ការពារ​ខ្លួន​ពី​ការចោទប្រកាន់​ជុំវិញ​ភាពមិនប្រក្រតី​ក្នុង​កម្មវិធី​ទិញ​អង្ករ​តម្លៃថោក​ពី​កសិករ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់លុយ​រាប់លាន​ដុល្លារ​។ នៅ​ថ្ងៃទី​២១ ខែកក្កដា តុលាការ​ថៃ​នឹង​បើកសវនាការ​ចុងក្រោយ​សម្រាប់​សាកសួរ​សាក្សី​របស់លោក​ស្រី យី​ង​ឡាក់ មុននឹង​បន្ត​បើកសវនាការ​សម្រាប់​ភាគី​ទាំងសងខាង​ក្នុង​សំណុំ​រឿងនេះ​ប្រកាសសេចក្ដី​ថ្លែងការណ៍​រៀងៗ​ខ្លួន​ចុងក្រោយ​។ ការប្រកាស​ដីកា​អាច​ធ្វើឡើង​នៅ​ខែកញ្ញា​ខាងមុខ​។​

​បើ​រកឃើញ​កំហុស លោកស្រី យី​ង​ឡាក់ នឹងត្រូវ​ជាប់ពន្ធនាគា​រ​ដល់​ទៅ​១០​ឆ្នាំ ហើយ​អាច​ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​កាន់​ព​ន្ធ​នាគារ​ភ្លាមៗ​តែម្ដង​។ យ៉ាងណាក្ដី អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បាន​និយាយថា លោកស្រី នឹងមិនរ​ត់ទៅ​ក្រៅប្រទេស​ឡើយ ហើយ​បន្ត​ជម្នះ​ឧបសគ្គ​នេះ​ដល់​ដំណាក់កាល​ចុងក្រោយ​។ លោកស្រី យី​ង​ឡាក់ បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា លោកស្រី​នឹង​បង្ហាញខ្លួន​នៅ​តុលាការ​តាម​កាលកំណត់​។​

​ការប្រកាស​របស់លោក​ស្រី​ខាងលើ ធ្វើឡើង​ក្រោយ​មានការ​លើកឡើងថា​លោកស្រី​អាចធ្វើ​តាម​បងប្រុស​របស់ខ្លួន គឺ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែល​បាន​ចាក​ចេញពី​ប្រទេស មុនពេល​តុលាការ​ប្រកាស​ដាក់ទោស​ពីរ​ឆ្នាំ​។ ជាមួយនឹង​ទឹកមុខ​ក្រៀមក្រំ លោកស្រី យី​ង​ឡាក់ បញ្ជាក់ថា លោកស្រី​នឹង​ប្រឈមមុខ​ចំពោះ​អ្វីដែល​នឹង​កើតឡើង និង​ជឿជាក់ថា​សាក្សី​ចុងចោទ​នឹង​បង្ហាញ​ពី​ភាព​បរិសុទ្ធ​របស់លោក​ស្រី​។

​ក្រៅពី​កំពុង​ការពារ​ខ្លួន​រឿងក្ដី​ក្ដាំ​នៅ​តុលាការ អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏ត្រូវ​តស៊ូ​ករណី​មួយទៀត គឺ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់លោក​ស្រី​ធ្វើជា​សំណង​នៃ​ការខាតបង់​ក្នុងការ​កម្មវិធី​ទិញស្រូវ​របស់​រដ្ឋាភិបាល​លោកស្រី​។ រដ្ឋាភិបាលយោធា​បានចេញ​បញ្ជា​រដ្ឋបាល​មួយ បង្គាប់​ឲ្យ​លោកស្រី​សង​ប្រាក់​ជិត​មួយ​ពាន់​លាន​ដុល្លារ ដើម្បី​ចេញថ្លៃ​ខូចខាត​ចូល​ឃ្លាំង​រដ្ឋ​វិញ​។ ប៉ុន្តែ​លោកស្រី​ចង់​ឲ្យ​ករណី​នៅ​តុល​ការ​ចប់​សិន មុននឹង​ចាប់់​ផ្ដើមនិយាយ​រឿង​សំណង​នេះ​។​
 
​ការចេញ​ចំណាត់ការ​បន្ទាន់​របស់​របប​យោធា​ថៃ ត្រូវបាន​លោកស្រី យី​ង​ឡាក់ ចាត់ទុកជា​រឿង​អយុត្តិធម៌ ហើយ​លោកស្រី​ក៏បាន​ចេញ​ប្ដឹង​ទៅកាន់​តុលាការ​រដ្ឋបាល​ដើម្បី​ផ្អាក​ការអនុវត្ត​បញ្ជា​ខាងលើនេះ​សិន​ដែរ​។ ជាមួយ​ការសម្រេច​បន្ត​ប្រយុទ្ធ​ក្នុងស្រុក គេ​រំពឹងថា ប្រជាប្រិយភាព​លោកស្រី នឹង​កើនឡើង​ខ្លាំង ហើយ​អាច​ឈានដល់​ការទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ទៀតផង ពេល​លោកស្រី​អនុវត្ត​ទោស​រួចរាល់​នោះ​៕


Tag:
 ថៃ​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​
© រក្សាសិទ្ធិដោយ thmeythmey.com