អន្តរជាតិ
អាមេរិក ឥណ្ឌា និង​ជប៉ុន ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួមគ្នា ដោយ​ភ្នែក​សំឡឹង​ចិន​
11, Jul 2017 , 4:15 pm        
រូបភាព
នាវាដឹកយន្តហោះអាមេរិក USS Nimitz (រូបភាព Xinhua)
នាវាដឹកយន្តហោះអាមេរិក USS Nimitz (រូបភាព Xinhua)
​នាវា​កងទ័ព​ជើង​មកពី​បី​ប្រទេស គឺ​អាមេរិក ឥណ្ឌា និង​ជប៉ុន បានធ្វើ​សមយុទ្ធ​រួមគ្នា​ក្នុង​ដែនសមុទ្រ​ឥណ្ឌា​នៅ​ថ្ងៃទី​១០ ខែកក្កដា​។ កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​និយាយថា សមយុទ្ធ​រួមគ្នា​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​ប្រទេស​ទាំងបី​ក្នុងការ​ទប់ទល់​ការគំរាមកំហែង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ សមយុទ្ធ​លើក​នេះ ក៏​ធ្វើឡើង​ចំពេល​ដែល​ឥណ្ឌា​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​ជុំវិញ​តំបន់​ព្រំដែន​នៅតាម​ជួរ​ភ្នំ​ហិមាល័យ​។​



​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​អាមេរិក ជប៉ុន និង​ឥណ្ឌា ដែលមាន​ឈ្មោះថា Malabar 2017 បានចាប់ផ្ដើម​ហើយ​នៅក្នុង​ដែនសមុទ្រ​របស់​ឥណ្ឌា​។ សមយុទ្ធ​ឆ្នាំ​២០១៧ គឺជា​សមយុទ្ធ​ធំជាងគេ​បំផុត ចាប់តាំងពី​ការរៀបចំ​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩២ ។ កងទ័ព​អាមេរិក​និយាយថា សមយុទ្ធ​នេះ គឺជា​លំ​ហាត់​យោធា​រួមគ្នា​ចុងក្រោយ​គេ ដែល​ផ្ដោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា​ដែនសមុទ្រ​របស់​ប្រទេស​ទាំងបី​នៅ​តំបន់​ឥណ្ឌូ​-​អាស៊ី​ប៉ាស៊ីហ្វិក​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នាវា​ដឹក​យន្តហោះ​របស់​អាមេរិក USS Nimitz, នា​វាង​ដឹក​យន្តហោះ​តែមួយគត់​របស់​ឥណ្ឌា INS Vikramaditya និង​នាវាចម្បាំង​ធំជាងគេ​របស់​ជប៉ុន Izumo បានបង្ហាញ​វត្តមាន​ក្នុង​សមយុទ្ធ​រួមគ្នា​នេះ​។ មន្ត្រី​យោធា​អះអាងថា សមយុទ្ធ​របស់​កងទ័ព​ទាំងបី​ប្រទេស មាន​គោលដៅ​រក្សា​លំនឹង​សន្តិសុខ​តំបន់ ដើម្បី​ប្រឆាំងនឹង​ការ​ងើបឡើង​របស់​ចិន ដែល​ប្រទេស​ទាំងបី​សុទ្ធតែ​បារម្ភ​។​

​ដូច​បានដឹង​ស្រាប់ ចិន​បាន​ពង្រីក​អានុភាព​យោធា​របស់ខ្លួន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​មកនេះ តាមរយៈ​ការកសាង​នាវា​ដឹក​យន្តហោះ​ជា​បន្តបន្ទាប់​។ កងទ័ពជើងទឹក​ចិន ក៏​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ទាំង​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​រាលដាល​មកដល់​មហាសមុទ្រ​ឥណ្ឌា​ថែមទៀត​។ ថ្មីៗ​នេះ នាវាមុជទឹក​ចិន​ទើប​ធ្វើដំណើរ​ទៅកាន់​ស្រីលង្កា ដែល​ស្មើនឹង​ការមកដល់​មាត់ទ្វារ​ផ្ទះ​របស់​ឥណ្ឌា​ទៅហើយ​។​

​ឥណ្ឌា និង​អាមេរិក ដែល​ធ្លាប់​មិនត្រូវ​គ្នា​សម័យ​សង្គ្រាមត្រជាក់ បាន​ខិត​ជិតគ្នា​កាន់តែខ្លាំង ដោយសារតែ​ការ​ងើបឡើង​របស់​ចិន និង​បាន​ក្លាយជា​ដៃគូ​លើ​វិស័យ​ការពារជាតិ​យ៉ាងសំខាន់​។ ទាក់ទង​សមយុទ្ធ Malabar នេះ កងទ័ព​ឥណ្ឌា​និយាយថា សមយុទ្ធ​រួមគ្នា​នឹង​ផ្ដោតលើ​ប្រតិបត្តិការ​នាវា​ដឹក​យន្តហោះ ក៏ដូចជា​លំ​ហាត់​ប្រមាញ់​នាវាមុជទឹក​ផងដែរ​។ ឯ​ចិន​វិញ​ចាត់ទុក​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក ឥណ្ឌា និង​ជប៉ុន ជា​បញ្ហា​បង្ក​អស្ថិរភាព​តំបន់​ទៀតផង​។​

​អ្វី​គួរកត់សម្គាល់​នោះ សមយុទ្ធ​នេះ រៀបចំឡើង​ស្របពេល​ដែល​ឥណ្ឌា និង​ចិន​កំពុង​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់​ព្រំដែន Sikkim ដោយ​ទាហាន​ឥណ្ឌា​ឆ្លងកាត់​ព្រំដែន​ចូល​ទឹកដី​របស់​ចិន​។ ក្រុង​ប៉េកាំង បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ក្រុង​ញូ​ដែ​លី​ដកទ័ព​ចេញ​ទឹកដី​របស់ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ និង​បំពាន​ការឯកភាព​គ្នា​រវាង​ភាគី​ទាំងសងខាង​ទៀតផង​។ ប៉ុន្តែ​មកទល់ពេលនេះ ឥណ្ឌា​មិនទាន់​ទ័ព​នៅឡើយ​ទេ​៕  


Tag:
 អាមេរិក​
  ឥណ្ឌា​
  ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com