អន្តរជាតិ
អាមេរិក​សុំទោស​ចិន ក្រោយ​ហៅ​លោក ស៊ី ជីន​ភីង ជា​ប្រធានាធិបតី​តៃវ៉ាន់​
11, Jul 2017 , 7:19 pm        
រូបភាព
ជំនួបទ្វេភាគីរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជីនភីង នៅ Hamburg (រូបភាព Xinhua)
ជំនួបទ្វេភាគីរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជីនភីង នៅ Hamburg (រូបភាព Xinhua)
​អាមេរិក បាន​សុំទោស​ចិន​រួចរាល់​ហើយ​ជុំវិញ​កំហុស​របស់ខ្លួន​ដែល​ហៅ​លោក ស៊ី ជីន​ភីង ជា​ប្រធានាធិបតី​តៃវ៉ាន់​។ នេះ​បើតាម​ការប្រកាស​របស់​មន្ត្រី​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១០ ខែកក្កដា​។ ចិន មិន​សប្បាយចិត្ត​ឡើយ ពេល​ភាគី​អាមេរិក​បង្កកំហុស​ធំ​នៅ​ខាងលើ​ក្បាល​លិខិតផ្លូវការ​បែបនេះ ទោះ​នេះ​ជា​រឿង​អ​ចេតនា និង​ត្រូវបាន​កែប្រែ​រួចរាល់​ក្ដី​។



​ការហៅ​លោក ស៊ី ជីន​ភីង ជា​មេដឹកនាំ​កោះ​តៃវ៉ាន់ ត្រូវបាន​ធ្វើឡើង​ដោយ​សេត​វិមាន​អាមេរិក​កាលពី​ថ្ងៃទី​៨ ខែកក្កដា ពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង នៅ​ទីក្រុង Hamburg ក្រៅ​កិច្ចប្រជុំ G-20 ។ កំហុស​យល់ច្រឡំ​នេះ ត្រូវបាន​កែប្រែ​ភ្លាមៗ បន្ទាប់ពី​រីក​រាលដាល​ពី​បណ្ដាញ​សង្គម​។ ឯ​ចិន​វិញ ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន និង​បានស្នើ​ឲ្យ​អាមេរិក​បកស្រាយ​ផងដែរ​។​

​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃទី​១០ ខែកក្កដា លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយថា ឆ្លើយតប​ការតវ៉ា​របស់​ចិន អាមេរិក​បាន​សុំទោស​ចំពោះ​បញ្ហា​រួចហើយ​។ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​ដដែល​នេះ អាមេរិក​និយាយថា​នេះ​ជា​កំហុស​បច្ចេកទេស និង​ត្រូវបាន​ផ្លាស់ប្ដូរ​ហើយ​ដែរ​។ 
 
​សូមបញ្ជាក់ថា កំហុស​បច្ចេកទេស​នេះ កើតឡើង​បន្ទាប់​សេត​វិមាន​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ​ជុំវិញ​កិច្ចប្រជុំ​រវាង​លោក ត្រាំ និង​លោក ស៊ី ប៉ុន្តែ​មិនបាន​ហៅ​លោក ស៊ី ជីន​ភីង ជា​ប្រធានាធិបតី​ចិន​ទេ​។ សេចក្ដីប្រកាស​ព័ត៌មាន​នេះ ចាត់ទុក​លោក ស៊ី ជីន​ភីង ជា​ប្រធានាធិបតី​សាធារណរដ្ឋ​ចិន​។ សាធារណរដ្ឋ​ចិន ជា​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់ ខណៈ​ឈ្មោះ​ផ្លូវការ​របស់​ចិន គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​តាំងពីដើម​មក​នោះ ចិនដីគោក តែង​តែង​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ចិន​ក៏​មិន​រារែក​ក្នុង​ការប្រើ​កម្លាំង​ទ័ព​ដើម្បី​ដណ្ដើម​កោះ​នេះ​មក​ត្រួតត្រា​វិញ​ដែរ​។ ឯ​អាមេរិក​វិញ ដែល​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ក្នុង​ឆ្នាំ​១៩៧២ ក៏​សុខចិត្ត​អនុវត្ត​គោលនយោបាយ​ចិន​តែមួយ​ដែរ និង​ចាត់ទុកជា​ចិនដីគោក​ជា​តំណាង​ស្របច្បាប់​តែមួយគត់​។ ប៉ុន្តែ​ក្រោម​អាណត្តិ​របស់លោក ដូ​ណា​ល់ ត្រាំ អាមេរិក​ហាក់​មិនសូវ​ខ្វល់​នឹង​រឿង​នយោបាយ​ចិន​តែមួយ​នេះឡើយ​។​

​ថ្មីៗ​នេះ​ទៀតសោត អាមេរិក​បាន​យល់ព្រម​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់​ក្នុងតម្លៃ​មហាសាល ដែល​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាងខ្លាំង​។ ក្រៅពី​អភិវឌ្ឍ​អាវុធ​ដោយ​ខ្លួនឯង តៃវ៉ាន់ ប្រឹង​ទិញ​អាវុធ​ពី​អាមេរិក ដើម្បី​ទុក​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​ចិន ខណៈដែល​ចិន​ក៏បាន​សម្ញែង​អានុភាព​យោធា​របស់ខ្លួន​ជា​ញឹកញយ​ទៅទៀត​។ ចុងក្រោយ​នេះ ការបង្ក​កំហុស​ខាងលើ​ដោយ​សេត​វិមាន​ទំនង​បង្ក​ជាការ​សង្ស័យ​កាន់តែខ្លាំង​ទៀត​សម្រាប់​ចិន​៕


Tag:
 អាមេរិក​
  ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com