អន្តរជាតិ
វិបត្តិ​ឧបទ្វីប​កូរ៉េ​៖ ចិន​និយាយថា​ខ្លួន​ខំ​ពន្លត់ភ្លើង ឯ​អាមេរិក​ប្រឹង​ចាក់​សាំង​ថែម
12, Jul 2017 , 10:56 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang ក្នុងសន្និសីទកាសែតថ្ងៃទី១១ ខែកក្កដា (រូបភាពក្រសួងការបរទេសចិន)
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang ក្នុងសន្និសីទកាសែតថ្ងៃទី១១ ខែកក្កដា (រូបភាពក្រសួងការបរទេសចិន)
​ចិន​មិន​សប្បាយចិត្ត​ចំពោះ​ពាក្យ​ដដែលៗ​របស់​ប្រទេស​ដទៃ ជាពិសេស​អាមេរិក​ដែល​បានស្នើ​ឲ្យ​ចិន​ជួយ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឡើយ​។ ចិន​អះអាងថា ការដោះស្រាយ​វិបត្តិ​កូរ៉េខាងជើង មិនមែនជា​ការទទួល​ខុសត្រូវ​តែ​មុខ​របស់ខ្លួន​ឡើយ តែ​ជា​បញ្ហា​រួម​ដែល​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​សហការគ្នា​ដោះស្រាយ​បញ្ហា​នេះ​តាមផ្លូវ​សន្តិវិធី​។ ចិន​ក៏​បន្ទោស​អាមេរិក​ដែល​មិនបាន​ធ្វើ​អ្វី ហើយ​បែរជា​បង្កបញ្ហា​ឲ្យ​កាន់តែ​តានតឹង​ទៅវិញ​។



​ពាក្យសម្ដី​ដដែលៗ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ទទូច​ឲ្យ​ចិន​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង កំពុង​ធ្វើ​ឲ្យ​ចិន​ធុញទ្រាន់​ខ្លាំង​។ ជា​រឿង​មិនធម្មតា​មិន​ធ្លាប់មាន នៅ​ថ្ងៃទី​១១ ខែកក្កដា ក្រុង​ប៉េកាំង​បានប្រកាសថា​ខ្លួន​បោះបង់​គំនិត​ទទួលខុសត្រូវ​របស់ខ្លួន​ចំពោះ​បញ្ហា​កូរ៉េខាងជើង​ទៀតហើយ និង​បានទាមទារ​ឲ្យ​ប្រទេស​ផ្សេង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​។ ចិន​និយាយ​ច្បាស់ៗ​ថា ដំណោះស្រាយ​បញ្ហា​នេះ​មិនមែន​ស្ថិតក្នុង​ដៃ​របស់ខ្លួន​ឡើយ​។​

​នេះ​ជាការ​លើកឡើង​របស់លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃទី​១១ ខែកក្កដា​។ ការលើកឡើង​នេះ ជា​សារ​ឆ្លើយតប​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែង​ប្រើ​បណ្ដាញ Twitter របស់លោក ដើម្បី​ទទូច​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ចិន​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង តាមរយៈ​ការប្រើប្រាស់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការទូត​។ លោក ត្រាំ និយាយថា ចិន​ជួយ​មិនទាន់​គ្រប់គ្រាន់​ឡើយ​ចំពោះ​រឿងនេះ​។​

​លោក ត្រាំ បាន​លើក​រឿង​កូរ៉េខាងជើង​នេះ​ម្ដងទៀត ពេល​ជួប​ជាមួយ​លោក ស៊ី នៅ​អាល្លឺម៉ង់ ប៉ុន្តែ​បាន​ប្រើពាក្យ​សម្ដី​ទន់ភ្លន់​ជាង​មុន​ក្នុង​ការទាមទារ​ឲ្យ​ចិន​ធ្វើតាម​ការចង់បាន​រប​ស់​អាមេរិក​។ កន្លងមក លោក ត្រាំ តែង​យក​បញ្ហា​ពាណិជ្ជកម្ម​ដើម្បី​គំរាម​ចិន​ឲ្យ​បញ្ចប់​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​។ ដូច​ដឹង​ស្រាប់ អាមេរិក និង​ជប៉ុន​ជាដើម​តែង​ចង្អុលមុខ​ចិន ពេល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល ឬ​សាកល្បង​នុយក្លេអ៊ែរ ដោយ​យក​លេស​ថា​ចិន​ជា​បងធំ​របស់​កូរ៉េខាងជើង​។​

​យ៉ាងណាមិញ ក្រុង​ប៉េកាំង ក៏​តែងតែ​អះអាងថា​ខ្លួន​ប្រឹង​អនុវត្តតាម​សេចក្ដីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ និង​បាន​ប្រកាន់​ជំហរ​ដោះស្រាយ​តាម​ការចរចា និង​បញ្ឈប់​សកម្មភាព​រករឿង​គ្នា​ទៅវិញទៅមក​។ លោក Geng Shuang បាន​ចោទសួរ​វិញ​ថា​៖ «​ពេល​ចិន​ប្រឹង​ពន្លត់ភ្លើង អនុវត្តតាម​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង អ្នកផ្សេង​ប្រឹង​ចាក់​សាំង​ថែម ហើយ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ចិន​ទៀត បើ​អ៊ីចឹង​ឲ្យ​ចិន​ជួយ​យ៉ាងម៉េច​ទៀត​?»

​សម្ដី​មិន​ពេញចិត្ត​ខាងលើ គឺ​សំដៅ​ដល់​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ទាំង​ជើងគោក ជើង​ទឹក ជើង​អាកាស ហើយ​ពេលខ្លះ​មាន​សមយុទ្ធ​មី​ស៊ី​ល​ទៅទៀត​។ មិនទាន់​អស់​ឡើយ ចិន​រឹតតែ​ខឹង​ខ្លាំង​នឹង​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD) នៅ​កូរ៉េខាងត្បូង ទោះជា​ចិន​ជំទាស់​ក៏ដោយ​។ បញ្ហា​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មិន​សប្បាយចិត្ត​ដូច​ចិន​ដែរ រួច​បង្កបញ្ហា​ផ្គើន​ត្រឡប់​វិញ ដែល​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​ទាំងមូល​ស្ថិតក្នុង​ស្ថានភាព​រង្គោះរ​ង្គើ​៕


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com