អន្តរជាតិ
អាមេរិក​-​កាតា ចុះ​កិច្ចព្រមព្រៀង​ប្រឆាំង​ភេរវកម្ម ទាំង​កាតា​កំពុង​ជាប់​ចោទថា​គាំទ្រ​ភេរវកម្ម​
12, Jul 2017 , 1:51 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន ចុះហត្ថលេខាប្រឆាំងភេរវកម្មជាមួយសមភាគីកាតា Sheikh Mohammed bin Abdulrahman Al Thani (រូបភាពពី Flickr របស់ក្រសួងការបរទេសអាមេរិក)
រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន ចុះហត្ថលេខាប្រឆាំងភេរវកម្មជាមួយសមភាគីកាតា Sheikh Mohammed bin Abdulrahman Al Thani (រូបភាពពី Flickr របស់ក្រសួងការបរទេសអាមេរិក)
​អាមេរិក និង​កាតា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ឲ្យ​ក្រុម​ភេរវកម្ម​។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​អំឡុងពេល​ទស្សនកិច្ចរ​ដ្ឋ​មន្ត្រី​ការបរទេស​អា​មេ​រិ​ក រិច ធី​ល័​រ​សិន នៅ​កាតា​នៅ​ថ្ងៃទី​១១ ខែកក្កដា ដើម្បី​រក​ច្រកចេញ​ជម្លោះ​ការទូត​រវាង​កាតា និង​រដ្ឋ​អារ៉ាប់​មួយចំនួនទៀត​។ ជម្លោះ​នេះ​បន្ត​ជាប់គាំង ខណៈ​កាតា​បាន​ទាត់ចោល​លក្ខខណ្ឌ​ទាមទារ​១៣​ចំណុច​របស់​ក្រុម​រដ្ឋ​អារ៉ាប់​។​



​ប្រមុខ​ការទូត​អាមេរិក រិច ធី​ល័​រ​សិន កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​ឈូង​សមុទ្រ ដើម្បី​ដោះស្រាយ​ជម្លោះ​ការទូត​រវាង​កាតា​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​អេ​ហ្ស៊ី​ប​។ ក្រោយ​ចាក​ចេញពី​គុយ​វ៉ែត លោក ធី​ល័​រ​សិន បន្តដំណើរ​ទៅកាន់​កាតា ដែល​កំពុង​រង​ការចោទប្រកាន់ថា​បាន​គាំទ្រ និង​ក្លាយជា​កន្លែង​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សម្រាប់​ពួក​ភេរវ​ករ​ជ្រុលនិយម​ឲ្យ​ធ្វើ​សកម្មភាព​ក្នុង​តំបន់​។​

​ឆ្លៀតឱកាស​ស្នាក់នៅ​ទីក្រុង​ដូ​ហា រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​សម​ភាគី​កាតា Sheikh Mohammed bin Abdulrahman Al Thani ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រឆាំង​ភេរវកម្ម​តែម្ដង ខណៈ​កាតា​កំពុង​រង​ការចោទប្រកាន់​ដោយសារ​បញ្ហា​នេះ​ស្រាប់​ផង​។ កាតា ក្លាយជា​ប្រទេស​ទីមួយ ដែល​ចុះ​កិច្ចព្រមព្រៀង​មាន​គោលដៅ​ទប់ស្កាត់​លំហូរ​ហិរញ្ញវត្ថុ​របស់​ក្រុម​ភេរ​វករ ហើយ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេងទៀត​ចូលរួម​ចុះហត្ថលេខា​ជាមួយ​អាមេរិក​។​

​យ៉ាងណាក្ដី បើតាម​សារព័ត៌មាន Al Jazeera រដ្ឋមន្ត្រីការបរទេស​កាតា Abdulrahman Al Thani និយាយ​ក្នុង​សន្និសីទកាសែត​ជាមួយ​លោក ធី​ល័​រ​សិន ថា កិច្ចព្រមព្រៀង​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​រដ្ឋ​អារ៉ាប់​បួន​ទៀត​ដែល​កំពុង​រឹតត្បិត​កាតា​ឡើយ​។ ចំណែក​លោក ធី​ល័​រ​សិន បាន​កោតសរសើរ​កាតា​ដែល​ប្ដេជ្ញាចិត្ត​ចូលរួម​ប្រឆាំង​ភេរវកម្ម ជាពិសេស​ការ​កាត់ផ្ដាច់​ប្រភពធនធាន​របស់​ក្រុម​ជ្រុលនិយម​តែម្ដង​។​

​រឿង​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ឲ្យ​ក្រុម​ភេរ​វករ​នេះហើយ​ដែល​ក្រុម​សម្ព័ន្ធមិត្ត​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រើ​ជា​លេស​ចោទ​កាតា​ថា​បាន​គាំទ្រ​ភេរវកម្ម​និយម​នោះ ទោះជា​កាតា​បដិសេធ​ដាច់អហង្ការ​ក្ដី​។ ប៉ុន្តែ​បើតាម​កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​កាតា ភាគី​ទាំងពីរ​នឹង​តាមដាន​ប្រភព​នៃ​លំហូរ​ហិរញ្ញវត្ថុ​របស់​ពួក​ភេរ​វករ និង​ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ដើម្បី​ស្ថិរភាព​តំបន់​។ នេះ​មានន័យថា​កាតា​សុខចិត្ត​បើកចំហ​ព័ត៌មាន​ផ្ទៃក្នុង​ឲ្យ​អាមេរិក ក្នុងន័យ​បញ្ជាក់​ភាពស្មោះត្រង់​របស់ខ្លួន​។​

​ចេញពី​កាតា លោក ធី​ល័​រ​សិន នឹង​បន្តដំណើរ​ទៅកាន់​ទីក្រុង Jeddah នៃ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រដ្ឋ​អារ៉ាប់​ទាំង​បួន​។ លោក នឹង​ស្វែងរក​ជំហរ​រួម​របស់​រដ្ឋ​អារ៉ាប់ និង​ចំណាត់ការ​បន្ទាប់​របស់​ពួកគេ​ប្រឆាំង​កាតា ខណៈ​លក្ខខណ្ឌ​ទាំង​១៣​ចំណុច​លើក​មុន​ត្រូវ​កាតា​ទាត់ចោល​ទៅហើយ​។ លោក ធី​ល័​រ​សិន ផ្ទាល់​ធ្លាប់​និយាយថា រដ្ឋ​អារ៉ាប់​ទាំង​បួន​គួរ​ដាក់​លក្ខខណ្ឌ​ដែល​ច្បាស់លាស់ និង​អាចអនុវត្ត មិន​លក្ខខណ្ឌ​មិន​ត្រឹមត្រូវ​ក្នុងន័យ​គាបសង្កត់​ឡើយ​៕ 


Tag:
 អាមេរិក​
  កាតា​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com