ជាតិ
របាយការណ៍​៖ ពពោះ​ជំនួស និង​ការជួញដូរ​សរីរាង្គ រូបភាព​ថ្មី​នៃ​បទល្មើស​ជួញដូរ​មនុស្ស
13, Jul 2017 , 8:59 am        
រូបភាព
ដោយ:
​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៧​នេះ ការបង្ក្រាប​ករណី​ជួញដូរ​មនុស្ស មាន​ចំនួន ៦៦​ករណី កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦  ដែល​មានតែ​២៩​ករណី​។  នេះ​បើ​យោងតាម​របាយការណ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ បើតាម​របាយការណ៍​នេះ ជួញដូរ​សរីរាង្គ ការ​ពរ​ពោះ​ជំនួស​ដើម្បី​នាំ​ទារក​ចេញទៅ​ក្រៅប្រទេស ជា​សញ្ញាណ​ថ្មី​នៃ​បទល្មើស​រត់ពន្ធ ឬ​ជួញដូរ​ទារក​ឆ្លងដែន ខណៈ​ចំណាកស្រុក​ក៏មាន​ភាពមិនប្រក្រតី រួមទាំង​ការជួញដូរ​កម្លាំង​ពលកម្ម​នៅក្រៅ​ប្រទេស​ផង​។



​បទល្មើស​ជួញដូរ​សរីរាង្គ ការ​ពរ​ពោះ​ជំនួស​ដើម្បី​នាំ​ទារក​ចេញទៅ​ក្រៅប្រទេស ជា​សញ្ញាណ​ថ្មី​នៃ​បទល្មើស​រត់ពន្ធ ឬ​ជួញដូរ​ទារក​ឆ្លងដែន​។ នេះ​បើ​យោងតាម​របាយការណ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​ក្រសួងមហាផ្ទៃ​។ របាយការណ៍​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​បូកសរុប​របាយ​ការណ៍​លទ្ធផល​សកម្ម​ភាព​ការងារ​ទប់ស្កាត់ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៧​។​

​បើតាម​របាយការណ៍​ដ​ដែល ក្រៅពីនោះ បញ្ហា​ចំណាកស្រុក ក៏មាន​ស្ថាន​ភាពមិនប្រក្រតី​ដែរ ខណៈ​ដែលមាន​ពលរដ្ឋ​ជាង​១​លាន​នាក់ សម្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្នុងនោះ​ប្រមាណ​៧០​ភាគរយ ទៅដោយ​ខុសច្បាប់​។ ករណីនេះ​លោកស្រី ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស  បាន​លើ​ឡើង​ថា ស្ថាប័ន​លោកស្រី កំពុង​បន្ត​ការសម្របសម្រួល ពង្រឹង​កិច្ចសហការ​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ​ព្រមទាំង​បាន​ប្រមូលផ្តុំ​កម្លាំង​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បង្កើន​កិច្ច​ខំប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​។​

​ដោយឡែក​ករណី​ជួញដូរ​កម្លាំង​ពលកម្ម ភាគច្រើន​មិនកើត​ឡើង​នៅក្នុង​ប្រទេស​នោះទេ ប៉ុន្តែ​កើត​នៅក្នុង​ប្រទេស​គោលដៅ​។ ក្នុងករណីនេះ​លោកស្រី​បញ្ជាក់ថា​សមត្ថកិច្ច​កម្ពុ​ជា នឹង​សម្ភាស​ជនរងគ្រោះ ពី​ដំណើរការ​នៃ​ការរង​គ្រោះ​របស់​ពួកគេ ដើម្បី​ទាញ​ការ​សន្និដ្ឋានថា អំពើ​ជួញដូរ​មនុស្ស ឬ​ជា​អំពើ​អ្វី​ផ្សេងទៀត​។​



​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៧​នេះ ការបង្ក្រាប​ករណី​ជួញដូរ​មនុស្ស មាន​ចំនួន ៦៦​ករណី កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦  ដែល​មានតែ​២៩​ករណី​។   ការកើនឡើង​នេះ ត្រូវបាន​លោកស្រី ជូ ប៊ុន អេង ពន្យល់​ប្រាប់​អ្នកកាសែត​នៅក្រោយ​កិច្ចប្រជុំ​ថា ដោយសារ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស បាន​បង្ការ និង​ទប់ស្កាត់​ឲ្យ​បាន​មុន នៅពេលដែល​សង្ស័យថា អំពើ​ណាមួយ​គឺជា​ករណី​នៃ​ការជួញដូរ​មនុស្ស​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​៕



Tag:
 ការជួញដូរ​មនុស្ស​
 ​ ពពោះ​ជំនួស​
 ​ ជួញដូរ​សរីរាង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com