អន្តរជាតិ
ត្រាំ ថា ពូ​ទីន​ទំនង​សប្បាយ​ជាង​ឥឡូវនេះ បើ គ្លី​ន​តុ​ន ឈ្នះឆ្នោត​
13, Jul 2017 , 11:47 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ក្នុង​កិច្ច​សម្ភាស​មួយ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​រីករាយ​ជាង​ពេល​សព្វថ្ងៃ បើ​ប្រធានាធិបតី​អាមេរិក​មិនមែនជា​លោក តែ​ជា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន វិញ​នោះ​។ លោក ត្រាំ អះអាងថា គោលនយោបាយ​របស់លោក​បង្ក​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​រុស្ស៊ី តែ​នយោបាយ​របស់លោក​ស្រី គ្លី​ន​តុ​ន គឺ​ទន់ភ្លន់​ដាក់​រុស្ស៊ី ហើយ​នេះ​ជា​អ្វីដែល​រុស្ស៊ី​ចង់បាន​។​



​មើល​ពី​ខាងក្រៅ ទំនាក់ទំនង​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក វ្ល៉ា​ឌី​មៀ ល្អូក​ល្អឺ​ន​ណាស់ ប៉ុន្តែ​មើល​ឲ្យ​កាន់តែ​ច្បាស់លាស់​វិញ ទំនាក់ទំនង​នេះ​មិនល្អ​ដូច​ខាងក្រៅ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បង្ហើប​ថា សម​ភាគី​រុស្ស៊ី​របស់លោក​មិនសូវ​សប្បាយ​ចិត្តនឹង​ជ័យជម្នះ​របស់លោក​លើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើយ​។ ការលើកឡើង​បែបនេះ ហាក់​ផ្ទុយ​ពី​ការចោទប្រកាន់​ទាំងឡាយ​ដែលថា​រុស្ស៊ី​ជួយ​លោក ត្រាំ ឲ្យ​ឈ្នះ​លោកស្រី គ្លី​ន​តុ​ន ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦ ។

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​លោក Pat Robertson នៃ CBN News ដែល​ចាក់ផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកក្កដា​នេះ លោក ត្រាំ និយាយថា លោក ពូ​ទីន អាច​នឹង​រីករាយ​ខ្លាំង បើ​លោកស្រី គ្លី​ន​តុ​ន ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ព្រោះ​លោកស្រី​នឹងមិន​ពង្រីក​ឥទ្ធិពល​កងទ័ព​អាមេរិក ឬក៏​អនុវត្ត​នយោបាយ​បញ្ចុះតម្លៃ​ថាមពល​ដែរ​។ បើតាម​លោក ត្រាំ នេះ​គឺជា​អ្វីដែល​រុស្ស៊ី​ចង់បាន ព្រោះ​រុស្ស៊ី​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ថាមពល ហើយក៏​មិន​ចង់​ប្រណាំងប្រជែង​ខាង​យោធា​ដែរ​។​

​លោក ត្រាំ ដែល​ធ្លាប់​និយាយ​លើកសរសើរ​លោក ពូ​ទីន នាពេល​កន្លងមក បាន​ពន្យល់​ហេតុផល​ដែល​ប្រធានាធិបតី​រុស្ស៊ី​មិន​សប្បាយ​ចិត្ត នឹង​ជ័យជម្នះ​របស់លោក​ថា អាមេរិក​ជា​មហាអំណាច​យោធា​លើ​ពិភពលោក ហើយ​យោធា​អាមេរិក​ នឹង​កាន់តែខ្លាំង​ក្រោម​ការដឹកនាំ​របស់លោក ប៉ុន្តែ​បើ​លោកស្រី គ្លី​ន​តុ​ន ដឹកនាំ​ប្រទេស​វិញ យោធា​អាមេរិក ​នឹង​ចុះខ្សោយ​មិន​ខាន​។ លោក​បន្តថា លោក​បាន​អនុវត្ត​នយោបាយ​បញ្ចុះតម្លៃ​ថាមពល និង​បង្កើន​ការនាំចេញ​ទៀតផង​។ 

​ជាការ​ពិត លោក ត្រាំ បាន​អនុវត្ត​នយោបាយ​បង្កើន​ការផលិត​ថាមពល ជាពិសេស​ថាមពល​ដែល​មិន​កកើត​ឡើងវិញ ទោះជា​ត្រូវ​បង្កបញ្ហា​ដល់​បរិស្ថាន ហើយ​អាមេរិក​ត្រូវ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ក៏ដោយ​។ តាំងពី​ចូលកាន់​តំណែង​មក លោក ត្រាំ បាន​បញ្ជា​ឲ្យ​បើក​រោងចក្រ​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ​ឡើងវិញ​។ ច្បាស់​ណាស់​ថា រឿងនេះ​ពិតជា​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​សប្បាយចិត្ត​ឡើយ​។ 

​មិន​ត្រឹមតែ​រឿង​យោធា និង​តម្លៃ​ថាមពល​នេះឡើយ ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ទៀតថា មានរឿង​ជាច្រើន​ទៀត​ដែល​លោក​ត្រូវធ្វើ ហើយ​ផ្ទុយស្រឡះ​ពី​អ្វីដែល​ប្រធានាធិបតី​រុស្ស៊ី​ចង់បាន​។ ដោយសារ​ហេតុនេះ ទើប​លោក ពូ​ទីន ចូលចិត្ត​លោកស្រី គ្លី​ន​តុ​ន ជាង ព្រោះ​លោក​ចង់បាន​អ្វី​ដែលមាន​ប្រយោជន៍​សម្រាប់​រុស្ស៊ី ហើយ​នយោបាយ​របស់លោក​ស្រី គ្លី​ន​តុ​ន ពិតជា​ផ្ដល់ឱកាស​ឲ្យ​រុស្ស៊ី​ទាញយក​ប្រយោជន៍​មែន​។ 

​ការលើកឡើង​របស់​ប្រធានាធិបតី ត្រាំ ដូចនេះ ក៏​មានន័យថា​លោក​នៅតែ​មិន​ទទួលស្គាល់​ការ​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក​ពី​សំណាក់​រុស្ស៊ី ព្រោះ​លោក​មិន​យល់​ហេតុអ្វី​លោក ពូ​ទីន ត្រូវ​ជ្រៀតជ្រែក​ការបោះឆ្នោត និង​ជួយ​ឲ្យ​លោក​ឈ្នះឆ្នោត បើ​លោក ពូ​ទីន មិន​ចូលចិត្ត​លោក​ផង​នោះ​។ ទោះជា​យ៉ាងណាក្ដី លោក ត្រាំ អះអាង​ដែរ​ថា លោក​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី ក៏ដូចជា​ប្រទេស​ផ្សេងទៀត​ដើម្បី​ប្រយោជន៍​ទាំងសងខាង​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com