ជាតិ
ចៅក្រម​ស៊ើបសួរ​ចោទ​នារី​ឈ្មោះ ហេង លក្ខិណា ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​
13, Jul 2017 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​នារី​ម្នាក់​ឈ្មោះ ហេង លក្ខិណា ដែល​ចោទ​សម្តេច ហ៊ុន សែន រួមទាំង​ក្រុមគ្រួសារ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​សុទ្ធតែជា​ឃាតក ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ជា​បណ្តោះ​សន្ន នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២0១៧​នេះ​។ ការសម្រេច​បែបនេះ ធ្វើឡើង​បន្ទាប់ពី​សាកសួរ​នារី​នោះ​រួច ជំវិញ​ការចោទប្រកាន់​លើ​ក្រុមគ្រួសារ​សម្តេច ហ៊ុន សែន​។



​យោងតាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នារី​នោះ ត្រូវបាន​ចោទ​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ សមត្ថកិច្ច បាន​ឃាត់ខ្លួន​នាង បន្ទាប់ពី​បង្ហោះ​វីដេអូ ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២0១៧ ក្នុងអំឡុងពេល​នាង កំពុងស្ថិត​ក្នុង​ពិធីបុណ្យ​រម្លឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​នាង បាន​និយាយ​ក្នុង​វីដេអូ​នោះ យ៉ាង​ដូច្នេះ​ថា​៖«​លោក ហ៊ុន សែន ហ្នឹងហើយ គ្រួសារ​គាត់​ហ្នឹងហើយ កូនចៅ​របស់គាត់ អ្នកណា​ក៏​ជា​ឃាតក​ដែរ​។ គ្រួសារ​គាត់​ហ្នឹង អ្នកណា​ក៏​ប្រឡាក់​ឈាម​លោក បណ្ឌិត កែម ឡី ដែរ​»៕


Tag:
 តុលាការ​
  ហ៊ុន សែន​
  ហេង លក្ខិណា
© រក្សាសិទ្ធិដោយ thmeythmey.com