អន្តរជាតិ
ត្រាំ ទៅ​ចូលរួម​បុណ្យ​ឯករាជ្យ​បារាំង និង​ជួប ម៉ា​ក្រុង ដោះស្រាយ​គំនិត​ផ្ទុយគ្នា​
13, Jul 2017 , 3:37 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ និងស្រ្តីទីមួយ ទៅដល់ទីក្រុងប៉ារីស (រូបភាព Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ និងស្រ្តីទីមួយ ទៅដល់ទីក្រុងប៉ារីស (រូបភាព Reuters)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទៅដល់​រដ្ឋធានី​ប៉ារីស ដើម្បី​ចូលរួម​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​បារាំង​ថ្ងៃទី​១៤ ខែកក្កដា​។ លោក ត្រាំ ក៏​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​មិនសូវ​ល្អ​ប៉ុន្មាន​ឡើយ​ចាប់ពី​លោក ម៉ា​ក្រុង ឡើងកាន់តំណែង​មក​នោះ​។ ក្រៅពី​បញ្ហា​ទ្វេភាគី មេដឹកនាំ​ទាំងពីរ​ក៏​ជជែក​គ្នា​លើ​បញ្ហា​នៅ​ស៊ី​រី ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។​



​យន្តហោះ Air Force One របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះចត​នៅ​ព្រលានយន្តហោះ Orly នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​។ លោក ត្រាំ ត្រូវ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​បារាំង​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដើម្បី​ចូលរួម​បុណ្យ​ឯករាជ្យ​ជាតិ​បារាំង (Bastille Day) និង​ការ​រំឭក​ខួប​ទី​១០០​ឆ្នាំ​នៃ​ការ​លូកដៃ​របស់​អាមេរិក​ចូល​សង្គ្រាមលោក​លើកទីមួយ​។ លោក ត្រាំ និង​លោក ម៉ា​ក្រុង ក៏​នឹង​ជួបពិភាក្សា​លក្ខណៈ​ទ្វេភាគី​ផងដែរ​។​

​បារាំង និង​អាមេរិក បាន​ប្រកាន់​ជំហរ​ផ្ទុយគ្នា​ស្រឡះ​លើ​បញ្ហា​អន្តរជាតិ​ជាច្រើន​ដូចជា​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។ ដោយសារ​បញ្ហា​នេះ ទើប​ជំនួប​លើកទីមួយ​រវាង​លោក ត្រាំ និង​លោក ម៉ា​ក្រុង នៅឯ​ក្រៅ​កិច្ចប្រជុំ G8 នៅ​អ៊ីតាលី ធ្វើឡើង​ដោយ​តានតឹង ដែល​ស្ដែង​តាម​ការ​ចាប់ដៃគ្នា​របស់​មេដឹកនាំ​ទាំងពីរ​។ ប៉ុន្តែ​អាមេរិក និង​បារាំង នៅតែ​ត្រូវ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​ក្នុងនាម​ជា​មហាអំណាច​ដូចគ្នា​។​

​ខណៈដែល​លោក ម៉ា​ក្រុង ត្រូវការ​មិត្ត​ដើម្បី​បង្ហាញ​ពី​តួនាទី​របស់​បារាំង​លើ​ឆាក​អន្តរជាតិ លោក ត្រាំ ដែល​អនុវត្ត​នយោបាយ​ឯកោ​និយម​នោះ ក៏ត្រូវ​បាន​មិត្ត​ឲ្យ​បាន​ច្រើន​ដែរ​។ ប៉ុន្តែ​នៅ​អឺរ៉ុប អាមេរិក​មិនសូវ​រាប់អាន​មិត្ត​បាន​ច្រើន​ឡើយ ព្រោះតែ​នយោបាយ​សេដ្ឋកិច្ច​គាំពារ​និយម និង​ការដើរ​ចេញពី​កិច្ចព្រមព្រៀង​ប៉ារីស​។ មន្ត្រី​ជំនិត​របស់លោក ម៉ា​ក្រុង និយាយថា បញ្ហា​រសើបៗ នឹងត្រូវ​លើកឡើង​ក្នុងជំនួប​ទ្វេភាគី​លើក​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ម៉ា​ក្រុង នឹង​ទទួល​លោក ត្រាំ នៅ Hotel des Invalides ជាទី​បញ្ចុះសព​ស្ដេច Napoleon និង​វីរបុរស​សង្គ្រាម​ផ្សេងទៀត មុននឹង​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ជាន់​ទី​ពីរ​នៃ​ប៉ម Eiffel ។ បើតាម​មន្ត្រី​បារាំង ការរៀបចំ​អាហារ​ពេល​ល្ងាច​នៅ​ទីនោះ ជា​សញ្ញា​បង្ហាញថា ទីក្រុង​ប៉ារីស នៅតែ​ជា​ប៉ារីស​ដដែល ខណៈ​លោក ត្រាំ ធ្លាប់​រិះគន់ថា បារាំង​លែង​ជា​បារាំង​ទៀតហើយ ព្រោះ​ការវាយប្រហារ​ភេរវកម្ម​ម​កើនឡើង​ខ្លាំង​។​

​បន្ថែម​ពីលើ​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​នៅ​ស៊ី​រី និង​ភេរវកម្ម​និយម ក៏​ជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​លើក​នេះដែរ​។ មន្ត្រី​សេត​វិមាន​និយាយថា លោក ត្រាំ និង​លោក ម៉ា​ក្រុង នឹង​ពិភាក្សា​ពី​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី ជាទី​ដែល​ក្រុម​រដ្ឋ​ឥស្លាម​កំពុង​ប្រយុទ្ធ​ការពារ​ទីតាំង​របស់ខ្លួន​នៅ Raqqa ។ លើសពីនោះ លោក ម៉ា​ក្រុង ក៏​ទំនងជា​ស្នើ​ឲ្យ​ជួយ​ទ្រទ្រង់​សម្ព័ន្ធមិត្ត​យោធា​តំបន់​អាហ្វ្រិក​ខាងលិច ដែលមាន​គោលដៅ​បោសសម្អាត​ពួក​ភេរវ​ករ​ក្នុង​តំបន់​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com