អន្តរជាតិ
ពពក​ខ្មៅ​រសាត់​ចេញពី​ទំនាក់ទំនង​អាមេរិក​-​បារាំង ក្រោយ​ជំនួប ត្រាំ​-​ម៉ា​ក្រុង​?
14, Jul 2017 , 11:13 am        
រូបភាព
​បន្ទាប់ពី​ទៅដល់​រដ្ឋធានី​ប៉ារីស​នៅ​ថ្ងៃទី​១៣ ខែកក្កដា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បន្ត​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​។ នេះ​ជា​ជំនួប​ទល់មុខ​លើក​ទី​ពីរ​រវាង​លោក ត្រាំ និង​លោក ម៉ា​ក្រុង បន្ទាប់ពី​ជំនួប​លើកទីមួយ​នៅ​អ៊ីតាលី​។ មន្ទិលសង្ស័យ​ជាច្រើន​ដែលមាន​នាពេល​កន្លងមក​រវាង​ភាគី​ទាំងពីរ ទំនង​ត្រូវបាន​ដោះស្រាយ​ហើយ​ដែរ ខណៈ​បរិយាកាស​ជជែក​គ្នា​មិន​តានតឹង​ដូច​មុន​ឡើយ ហើយ​លោក ត្រាំ បាន​បន្ទន់​ជំហរ​ខ្លះ​ដែរ​។​



​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​ស្ត្រី​ទីមួយ បានរៀបចំ​ពិធី​ទទួល​អធិកអធម​មួយ​សម្រាប់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ភរិយា នៅ​ថ្ងៃទី​១៣ ខែកក្កដា នៅឯ Hotel des Invalides ជាទី​បញ្ចុះសព​ស្ដេច​ណាប៉ូឡេអុង​។ បន្ទាប់មក លោក ម៉ា​ក្រុង និង​សម​ភាគី​អាមេរិក បាន​បន្ត​ជំនួប​ទ្វេភាគី​លើ​ប្រធានបទ​ជាច្រើន​វិមាន Élysée ។ នៅ​ល្ងាច​ថ្ងៃ​ដដែល លោក ម៉ា​ក្រុង និង​ភរិយា ក៏​រៀបចំ​អាហារ​ពេល​ល្ងាច​សម្រាប់​ប្រធានាធិបតី​អាមេរិក និង​ភរិយា នៅ​ប៉ម Eiffel ។​

​ក្នុង​ទស្សនកិច្ច​នៅ​បារាំង​ពេលនេះ លោក​ប្រធានាធិបតី ត្រាំ សង្ឃឹមថា​អាច​ពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ប្រធានាធិបតី​បារាំង ទោះជា​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ច្រើនក្ដី​។ នៅ​អឺរ៉ុប លោក ត្រាំ មិនសូវមាន​មិត្ត​ទេ​។ ម្យ៉ាង​ដែរនោះ លោក ម៉ា​ក្រុង ប្រធានាធិបតី​ថ្មីថ្មោង​របស់​បារាំង ក៏​កំពុង​ត្រូវការ​មិត្ត​ឲ្យ​បាន​ច្រើន​ដើម្បី​បង្ហាញ​អានុភាព​បារាំង​លើ​ឆាក​អន្តរជាតិ​ដែរ​។ នេះ​មានន័យថា ទាំង​អាមេរិក ទាំង​បារាំង សុទ្ធតែ​ត្រូវការ​គ្នា​ដើម្បី​ប្រយោជន៍​រៀងៗ​ខ្លួន ហើយ​ដែល​ត្រូវតែ​ចាប់ដៃគ្នា​ឡើងវិញ​។​

​នៅ​ថ្ងៃទី​១៤ ខែកក្កដា​នេះ លោក ម៉ា​ក្រុង និង​លោក ត្រាំ ក៏​ចូលរួម​ក្នុង​ពិធី​បុណ្យជាតិ​បារាំង (Bastille Day) ដែលមាន​ការធ្វើ​ព្យុហយាត្រា​កងទ័ព និង​ការ​រំឭក​ខួប​ទី​១០០​ឆ្នាំ​ថ្ងៃ​អាមេរិក​បញ្ជូន​ទ័ព​ទៅធ្វើ​សង្គ្រាមលោក​លើកទីមួយ​។ កងទ័ព​អាមេរិក​ក៏​បង្ហាញ​វត្តមាន​ក្នុង​ក្បួន​កងទ័ព​នេះ​នៅ champs-Elysées Avenue ផងដែរ​។ វត្តមាន​លោក ត្រាំ នៅ​បារាំង​លើក​នេះ ពិតជា​បាន​សម្រួល​ទំនាក់ទំនង​ទ្វេភាគី​ដែល​រអាក់រអួល​បាន​ច្រើន​ទៀតផង ហើយ​ពពក​ខ្មៅ​បាំងបិទ​ទំនាក់ទំនង​នេះ​ក៏​ទំនងជា​រសាត់​ទៅ​ឆ្ងាយ​ដែរ​។​

១. ត្រាំ ទំនង​ផ្លាស់ប្ដូរ​ចិត្ត​រឿង​ដើរ​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ ក្រោយ​ជួប ម៉ា​ក្រុង​


​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ គឺជា​របៀបវារៈ​សំខាន់​ក្នុងជំនួប​រវាង​ប្រធានាធិបតី​បារាំង និង​អាមេរិក​។ ការសម្រេចចិត្ត​ដើរចេញ​របស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​សកល​នេះ ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ខកចិត្ត​ខ្លាំង ប៉ុន្តែ​លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀង​នេះ​ប៉ះពាល់​ផលប្រយោជន៍​អាមេរិក​ផ្ទាល់ តាមរយៈ​ការ​រឹតត្បិត​លើ​អាមេរិក តែ​បាន​បន្ធូរដៃ​ឲ្យ​ចិន ឥណ្ឌា និង​ប្រទេស​ផ្សេងទៀត ដែលជា​គូប្រជែង​ពាណិជ្ជកម្ម​របស់ខ្លួន​។​

​បន្ទាប់ពី​ជំនួប​ជាមួយ​លោក ម៉ា​ក្រុង លោក ត្រាំ បាន​បង្ហើប​ពី​ជំហរ​របស់​អាមេរិក​ជុំវិញ​កិច្ចព្រមព្រៀង​ប៉ារីស ដោយ​លោក​ទំនង​ចង់​ចូល​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​។ បើតាម​សារព័ត៌មាន BBC លោក ត្រាំ ដែល​អមដោយ​លោក ម៉ា​ក្រុង បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា នឹង​មានរឿង​កើតឡើង​ជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ ប៉ុន្តែ​លោក ត្រាំ មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទេ ដោយ​គ្រាន់តែ​និយាយថា ចាំមើល​សិន​។

​ប្រធានាធិបតី​បារាំង ដែល​ប្រកាន់​ជំហរ​ការពារ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ដាច់ខាត ក៏​បញ្ជាក់ដែរថា ជំនួប​រវាង​លោក និង​សម​ភាគី​អាមេរិក មិនទាន់​សម្រេចបាន​អ្វី​ឡើយ ប៉ុន្តែ​ភាគី​ទាំងសងខាង​ប្ដេជ្ញា​បន្ត​ពិភាក្សាគ្នា​ទៀត​។ លោក ម៉ា​ក្រុង ប្រកាសថា លោក​គោរព​ការសម្រេចចិត្ត​របស់លោក ត្រាំ ទោះជា​វា​ផ្ទុយស្រឡះ​ពី​ជំហរ​របស់​បារាំង​ក៏ដោយចុះ តែ​លោក​ក៏​មិន​ទុក​ឲ្យ​បញ្ហា​នេះ​រាំងស្ទះ​ដល់​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​លើ​បញ្ហា​ផ្សេង​ឡើយ​។​

២. អាមេរិក និង​បារាំង​ចាប់ដៃគ្នា​ដោះស្រាយ​បញ្ហា​ស៊ី​រី​

​ដូច​រៀបរាប់​ខាងលើ លោក ម៉ា​ក្រុង ប្រកាស​ទុក​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​អាកាសធាតុ​ដោយឡែក ហើយ​ចាប់ដៃគ្នា​ដោះស្រាយ​បញ្ហា​រួម​វិញ ជាពិសេស​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី និង​ការ​បោសសម្អាត​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​លោក ត្រាំ ប្រធានាធិបតី​បារាំង​វ័យក្មេង​រូបនេះ​និយាយថា លោក និង​លោក ត្រាំ បាន​ណែនាំ​ឲ្យ​មន្ត្រី​ប្រទេស​ទាំងសងខាង​រៀបចំ​គំនិត​ផ្ដួចផ្ដើម​ជាក់លាក់​ដើម្បី​រៀបចំ​អនាគត​របស់​ស៊ី​រី​ឡើងវិញ​។​

​លោក ម៉ា​ក្រុង បន្ថែមថា បារាំង និង​អាមេរិក នឹង​បន្ត​ចាប់ដៃគ្នា​សម្រាប់​ដោះស្រាយ​ស្ថានការណ៍​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ជាពិសេស​ការរៀបចំ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​កសាង​ស៊ី​រី​ឡើងវិញ​នៅពេល​ជម្លោះ​ត្រូវបាន​បញ្ចប់​។ លោក ម៉ា​ក្រុង ក៏​អរគុណ​អាមេរិក​ដែល​បញ្ជូន​ទ័ព​បោសសម្អាត​ពួក​រដ្ឋ​ឥស្លាម​ដែរ​។ ទាក់ទង​រឿង​ស៊ី​រី​នេះ ប្រធានាធិបតី​អាមេរិក​ក៏​បញ្ជាក់ដែរថា ក្រុង​វ៉ាស៊ីនតោន កំពុង​ចរចា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​បង្កើត​បទ​ឈប់​បាញ់​ថ្មី​មួយទៀត​នៅ​ស៊ី​រី​។  

​ចំណែក​ចំពោះ​អនាគត​ប្រធានាធិបតី បា​សា អាល់​អាសាដ (Bashar al-Assad) លោក ម៉ា​ក្រុង នៅតែ​រក្សា​ជំហរ​ដដែល​។ លោក​ធ្លាប់​លើកឡើងថា លោក​មើលមិនឃើញ​អ្នកណា​អាច​ជំនួយ អាសាដ​ឡើ​។ លោក ប្រាប់​ប្រធានាធិបតី​អាមេរិក​ថា រឿង​សំខាន់​ពេលនេះ គឺ​ប្រយុទ្ធប្រឆាំង​ពួក​ជ្រុលនិយម​រដ្ឋ​ឥស្លាម មិនមែន​បណ្ដេញ​លោក Assad ចេញពី​តំណែង​ឡើយ​។ សម្រាប់​បារាំង លោក Assad នៅតែ​អាច​បន្ត​ដឹកនាំ​ប្រទេស​ដដែល ព្រោះ​បារាំង​កំពុង​យកចិត្តទុកដាក់​ក្រុម​ភេរវ​ករ​ដែល​អុកឡុក​បារាំង​ដល់ផ្ទះ​៕ 

Tag:
 ​អឺរ៉ុប​
  បារាំង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com