កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Man Utd-Man City នៅ​ទឹកដី​អាមេរិក នឹងត្រូវ​ពាក់អាវ​មាន​រូប​ឃ្មុំ​
14, Jul 2017 , 7:39 pm        
រូបភាព
​ក្រុម​កីឡាករ​របស់ Manchester United និង Manchester City នឹងត្រូវ​ផ្តល់​កិត្តិយស​ពាក់​ឯកសណ្ឋាន​ដែលមាន​សញ្ញា​សត្វ​ឃ្មុំ​នៅពេល​ជួបគ្នា​នៅលើ​ទឹកដី​អាមេរិក ដើម្បី​រំលឹក​ដល់​អ្នក​បាត់បង់​ជីវិត និង​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នា​ការប្រគុំ​តន្ត្រី​ក្នុង​កីឡដ្ឋាន Manchester Arena​។



​បើតាម BBC ការប្រកួត​កំដៅ​សាច់ដុំ​ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី​រវាង Man Utd និង Man City ដែលជា​ជំនួប Manchester derby លើកដំបូង​នៅក្រៅ​ទឹកដី​អង់គ្លេស​នេះ ក៏​ជាការ​ប្រកួត​សប្បុរសធម៌​ផងដែរ​ដើម្បី​ប្រមូល​ថវិការ​សម្រាប់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក នា​ការប្រគុំ​តន្ត្រី Ariana Grande កាលពី​ថ្ងៃទី​២២ ខែឧសភា កន្លែង​ទៅ ដែល​សម្លាប់​មនុស្ស​២២​នាក់ និង​ជាច្រើន​នាក់​រងរបួស​។​

​ក្រោយ​ការប្រកួត​ចប់​អាវ​របស់​កីឡាករ​នៃ​ក្រុម​ទាំងពីរ​នឹងត្រូវ​ដាក់​ដេញថ្លៃ ហើយ​ប្រាក់​ដែល​លក់បាន​ត្រូវ​បញ្ចូល​ក្នុង​មូលនិធិ We Love Manchester ខណៈ​ប្រាក់​ដែល​រកបាន​ក្នុង​សកម្មភាព​សប្បុរសធម៌​នេះ កើន​ដល់​ជាង​១៥​លាន​ដុល្លារ​ហើយ​នាពេល​បច្ចុប្បន្ន​។

 ក្រុម​យក្ស​ដែល​មកពី​ក្របខណ្ឌ Premier League ទាំងពីរ​ត្រូវ​ជួបគ្នា​នៅ​ថ្ងៃទី ២០ ខែកក្កដា​ខាងមុខនេះ ក្នុង​ទីក្រុង Houston សហរដ្ឋអាមេរិក ដោយ​ត្រូវ​ពាក់​ឯកសណ្ឋាន​សត្វ​ឃ្មុំ​។ ឃ្មុំ​គឺជា​សត្វ​ដែល​ប្រជាជន​អង់គ្លេស​ចាត់ទុកជា​តំណាង​ឲ្យ​ភាព​សាមគ្គី​គ្នា​នៃ​ប្រទេស​នេះ​៕


Tag:
 បាល់ទាត់​
  Manchester United
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com