អន្តរជាតិ
ជប៉ុន​តវ៉ា​វត្តមាន​យន្តហោះ​ចិន​នៅក្បែរ​កោះ​របស់ខ្លួន តែ​ចិន​ប្រាប់​វិញ​ថា យូរ​ទៅ​ស៊ាំ​ហើយ​
14, Jul 2017 , 3:47 pm        
រូបភាព
លោកវរសេនីយ៍ Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន (រូបភាពគេហទំព័រក្រសួងការពារជាតិចិន
លោកវរសេនីយ៍ Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន (រូបភាពគេហទំព័រក្រសួងការពារជាតិចិន
​វត្តមាន​ជា​ញឹកញាប់់​របស់​យន្តហោះ​ចម្បាំង និង​នាវា​របស់​ចិន​នៅក្បែរ​ច្រក​សមុទ្រ Miyako ធ្វើ​ឲ្យ​ជប៉ុន​ជ្រួលច្របល់​យ៉ាងខ្លាំង និង​បាន​ចាត់ទុកជា​សកម្មភាព​មិនធម្មតា​ទៀត​។ យ៉ាងណាមិញ ចិន បាន​ប្រាប់​ឲ្យ​ជប៉ុន​កុំ​បារម្ភ និង​មិនចាំបាច់​ភ័យ​អ្វី​ឡើយ ព្រោះ​វា​ជា​សកម្មភាព​ធម្មតា​ប៉ុណ្ណោះ​។ ចិន​ក៏បាន​ប្រាប់​ជប៉ុន​ទុក​មុន​ដែរ​ថា យន្តហោះ​ចម្បាំង​ជាច្រើន​ទៀត​នឹង​ហោះហើរ​កាត់​តំបន់​នេះ​នៅពេល​ក្រោយៗ​ទៀត​។​



​ក្រសួងការពារជាតិ​ជប៉ុន បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​នៅ​យប់​ថ្ងៃទី​១៣ ខែកក្កដា បន្ទាប់ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​ចិន​ចំនួន​៦​គ្រឿង ធ្វើដំណើរ​កាត់​ច្រក​សមុទ្រ Miyako ដែល​នៅ​ចន្លោះ​កោះ​ភាគខាងត្បូង​ពីរ​របស់​ជប៉ុន​។ ក្រសួងការពារជាតិ​ជប៉ុន ហៅ​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក Xian H-6 ជា​ទង្វើ​មិនធម្មតា ប៉ុន្តែ​ក៏បាន​បញ្ជាក់ដែរថា យន្តហោះ​ចិន​មិនបាន​បំពាន​ដែនអាកាស​របស់ខ្លួន​ទេ​។​

​នៅ​ថ្ងៃទី​១៤ ខែកក្កដា ក្រសួងការពារជាតិ​ចិន ក៏បាន​ចេញមក​ឆ្លើយតប​នឹង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ជប៉ុន ដោយនិយាយ​ការពារ​វត្តមាន​យន្តហោះ​ទាំង​៦​គ្រឿង​នៅ​ចន្លោះ​កោះ Miyako និង​កោះ Okinawa ថា​ជា​រឿង​ត្រឹមត្រូវ​តាមច្បាប់​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Ren Guoqiang និយាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា យន្តហោះ​ចិន​ជាច្រើន​គ្រឿង នឹងត្រូវ​ធ្វើដំណើរ​កាត់​តំបន់​នោះ ដើម្បី​ចូលរួម​សមយុទ្ធ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​។​

​ដោយ​ចង់​សំដៅ​ដល់​ជប៉ុន សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ចិន​បន្ថែមថា ភាគី​ទាំងអស់ មិនចាំបាច់​ខ្វល់ខ្វាយ​ហួសប្រមាណ ឬ​គិត​អ្វី​ផ្ដេសផ្ដាស​ឡើយ​។ ក្រុង​ប៉េកាំង ក៏បាន​ស្នើ​ឲ្យ​ក្រុង​តូ​ក្យូ​រៀន​សម្រប​ខ្លួន​តាម​ស្ថានការណ៍​ទៅ ព្រោះ​ពេលខាងមុខ ក្រុង​ប៉េកាំង​នឹង​រៀបចំ​សមយុទ្ធ​របៀបនេះ​ច្រើនដង​ទៀត​។ នេះ​ក៏​ព្រោះតែ​វា​មិនមែនជា​លើកទីមួយ​ដែល​យន្តហោះ​ចិន​ហោះ​កាត់​ច្រក​សមុទ្រ Miyako ដែលជា​ច្រក​ចេញទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កងទ័ពជើងទឹក និង​ជើង​អាកាស​ចិន បាន​បង្កើន​ការធ្វើ​សមយុទ្ធ​យ៉ាងខ្លាំង​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​នៅ​ឆ្ងាយ​ពី​ដែក​គោក​របស់ខ្លួន ព្រោះ​ដើម្បី​សាកល្បង​អានុភាព​កងទ័ព និង​ដើម្បី​សម្ញែង​ឥទ្ធិពល​របស់ខ្លួន​ន​ផង​។ ដោយសារ​ហេតុនេះ ទើប​គេ​ឃើញ​យន្តហោះ​ចិន​ធ្វើដំណើរ​ជា​ក្រុមៗ ហើយ​ញឹកញាប់​នៅក្បែរ​កោះ​ជប៉ុន ដែល​ធ្វើ​ឲ្យ​ជប៉ុន​បារម្ភ និង​បាន​បញ្ជូន​យន្តហោះ​របស់ខ្លួន​តាមដាន​យន្តហោះ​ចិន​ផងដែរ​។​

​មិនមែន​តែ​ជប៉ុន​ឡើយ សូម្បីតែ​កោះ​តៃវ៉ាន់ ក៏​មិនសូវ​ស្រួល​ចិត្ត​ដែរ ពេល​យន្តហោះ​របស់​ចិន​ហោះ​ក្បែរ​ដែនអាកាស​របស់ខ្លួន​។ នៅ​ថ្ងៃទី​១៣ ខែកក្កដា ក្រសួងការពារជាតិ​តៃវ៉ាន់​ក៏​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ដែរ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ចិន​ហោះ​កៀក​តំបន់​កំណត់​អត្តសញ្ញាណ​អាកាស​របស់​មែនទែន​។ តៃវ៉ាន់​បារម្ភ ព្រោះ​ចិន​តែង​អះអាងថា​នឹង​ដណ្ដើម​គ្រប់គ្រង​តៃវ៉ាន់​ឲ្យ​បាន​ទោះ​ប្រើ​មធ្យោបាយ​អ្វី​ក៏ដោយ រាប់ទាំង​យោធា​ផង​៕


Tag:
 ​ជប៉ុន​
  ចិន​
  Miyako
© រក្សាសិទ្ធិដោយ thmeythmey.com