អន្តរជាតិ
CIA ឈប់​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​នៅ​ស៊ី​រី ព្រោះ​លោក ត្រាំ ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ស្ស៊ី
20, Jul 2017 , 8:19 pm        
រូបភាព
​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបញ្ចប់​ការគាំទ្រ​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​មជ្ឈិម (CIA) សម្រាប់​ក្រុម​ឧទ្ទាម​ប្រឆាំង ដែល​កំពុង​ប្រយុទ្ធ​តទល់​កម្លាំង​ទ័ព​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ។ មន្ត្រី​អាមេរិក​និយាយថា ការបញ្ឈប់​ការគាំទ្រ​នេះ មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ដែល​ចេញមុខ​ការពារ​របប​លោក Assad ពី​ការផ្ដួលរំលំ​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​គាំទ្រ​ដោយ​អាមេរិក​។​



​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បានសម្រេច​ចិត្ត​ឲ្យ​ភ្នាក់ងារ CIA បញ្ឈប់​ការបំពាក់​អាវុធ និង​ហ្វឹកហ្វឺន​ក្រុម​ឧទ្ទាម​ប្រឆាំង​នៅ​ស៊ី​រី​ហើយ​។ សារព័ត៌មាន​អាមេរិក The Washington Post បាន​ផ្សាយ​ពី​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ដោយ​មន្ត្រី​អាមេរិក​ពីរ​នាក់​និយាយថា រដ្ឋបាល​អាមេរិក​សម្រេចចិត្ត​បែបនេះ ដើម្បី​ងាក​ទៅ​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​រុស្ស៊ី​។ អាមេរិក​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី បើទោះជា​រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ជួយ​លោក Bashar al-Assad ឲ្យ​កាន់តំណែង​មិន​របូត​ក្ដី​។​

​តាំងពី​ឆ្នាំ​២០០៣ ភ្នាក់ងារ​ពិសេស CIA ក្រោម​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានផ្ដល់​ការគាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ប្រធានាធិបតី Assad តាមរយៈ​ការផ្គត់ផ្គង់​អាវុធ និង​ផ្ដល់​ការបណ្ដុះបណ្ដាល​ក្នុងនាម​ជាទី​ប្រឹក្សា​។ នេះ​ក៏​ព្រោះ​អាមេរិក​មិន​ចង់​ចូលរួម​ដោយផ្ទាល់​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​ដែល​ស្ថិតក្នុង​ឆ្នាំ​ទី​៦ ទៅហើយ​។ ប៉ុន្តែ​ជំនួយ​របស់​អាមេរិក​មិនសូវ​ហុច​ផល​មកវិញ​ឡើយ ដ្បិត​លោក Assad បានទទួល​ជំនួយ​ពី​រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​ផ្ដល់ឱកាស​ឲ្យ​លោក​អាច​រក្សា​អំណាច​បាន​។​

​មិន​ត្រឹមតែ​អាច​រក្សា​អំណាច​បានឡើយ ជំនួយ​របស់​រុស្ស៊ី និង​អ៊ីរ៉ង់ ក៏​ជួយ​ឲ្យ​កម្លាំង​លោក Assad អាច​ដណ្ដើមបាន​ទីតាំង​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម យកមក​ត្រួតត្រា​វិញ​បាន​ទៀតផង​។ ក្រៅពីនោះ រដ្ឋាភិបាល​លោក Assad ក៏​អាច​វាយ​បណ្ដេញ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បានដែរ​។ ងាក​ទៅខាង​ក្រុម​ឧទ្ទាម​វិញ ចាប់តាំងពី​លោក ដូ​ណា​ល់់ ត្រាំ ឡើងកាន់តំណែង​មក​នោះ ក្ដីសង្ឃឹម​ក្នុងការ​ផ្ដួល​លោក Assad កាន់តែ​រសាត់​ឆ្ងាយ ដ្បិត​លោក ត្រាំ ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ជាង​។​

​ច្បាស់​ណាស់​ថា ការសម្រេចចិត្ត​របស់​រដ្ឋបាល​លោក ត្រាំ ពិតជា​រឿង​គួរ​ឲ្យ​សប្បាយចិត្ត​សម្រាប់​លោក Assad ក៏ដូចជា​រុស្ស៊ី​ផង​។ លើសពីនេះ វា​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ជំហរ​របស់លោក ត្រាំ ក្នុង​ការកសាង​ចំណង​ការទូត​ឡើងវិញ​ជាមួយ​រុស្ស៊ី ដែល​កំពុង​ចោមរោម​ដោយ​រឿងអាស្រូវ​លូកលាន់​កិច្ចការ​បោះឆ្នោត​នោះ​។ ទាំង​លោក ត្រាំ ទាំង​លោក ពូ​ទីន សុទ្ធតែ​បដិសេធ​ជាប់​ពាក់ព័ន្ធ​រឿងនេះ ប៉ុន្តែ​ការស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​អាមេរិក និង​ក្រុម​ស៊ើបអង្កេត​ពិសេស នៅតែ​បន្តធ្វើ​ដដែល​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ជុំវិញ​ជម្លោះ​នៅ​ស៊ី​រី​នោះ គឺ​លោក ត្រាំ និង​លោក ពូ​ទីន ក៏​ទើបតែ​ឯកភាព​ក្នុងការ​បង្កើត​បទ​ឈប់​បាញ់​នៅ​តំបន់​នីរ​តី​ស៊ី​រី ដែល​គ្រប់​ដណ្ដប់​លើ​ទីតាំង​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​ខ្លះ​ផង​។ យ៉ាងណាក្ដី នេះ​គ្រាន់តែ​ជា​ផែនការ​ជំហាន​ដំបូង​ប៉ុណ្ណោះ ព្រោះ​ទាំង​អាមេរិក និង​រុស្ស៊ី នៅ​មិនទាន់​រកបាន​ចំណុចរួម​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ស៊ី​រី​នៅឡើយ​ទេ ជាពិសេស​អនាគត​លោក Assad តែម្ដង​។ អាមេរិក​ចង់​ឲ្យ​លោក Assad ចាកចេញ តែ​រុស្ស៊ី​ថា​វត្តមាន​លោក Assad គឺជា​រឿង​សំខាន់​៕  


Tag:
 ​អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី​រី​
  CIA
© រក្សាសិទ្ធិដោយ thmeythmey.com