ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​កំចាត់​ការ​កង្វះ​គ្រាប់​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​
22, Jul 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងពេល​មាន​ផ្ទៃពោះ គឺ​ពិតជា​ងាយ​កង្វះ​គ្រាប់​ឈាម​ណាស់ ព្រោះតែ​រាងកាយ​ត្រូវការ​ជាតិ​ដែក​កាន់តែច្រើន​។ ដូច្នេះ​អ្នក​ក៏​ត្រូវតែ​បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​ជាតិ​ដែក​ក្នុងពេល​មាន​ផ្ទៃពោះ​ដែរ ដើម្បី​បំពេញតម្រូវការ​របស់​ទារក​ក្នុង​ផ្ទៃ និង​ការលូតលាស់​របស់គេ​។ ការ​អស់កម្លាំង ពិបាក​ដកដង្ហើម ឈឺក្បាល និង​ត្រជាក់​ដៃជើង គឺជា​អាកា​រៈ​មួយចំនួន​នៃ​ការចុះ​ទាប​របស់​ជាតិ​ដែក​ក្នុងពេល​មាន​ផ្ទៃពោះ​។ ករណី​ធ្ងន់ធ្ងរ​វិញ អ្នក​អាច​នឹង​ចង្អោ និង​ញ័រ​ដើមទ្រូង​ថែមទៀត​។ ប៉ុន្តែ​បើសិនជា​មិនបាន​ព្យាបាល​ទាន់ពេលវេលា​ទេ វា​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព​កាន់តែ​ធ្ងន់​។



​បើសិនជា​ទារក​កើត​ពី​ម្តាយ​ដែល​កង្វះ​គ្រាប់​ឈាម គេ​ក៏​នឹង​កង្វះ​គ្រាប់​ឈាម​ក្នុង​ខ្លួន​ដែរ​។ បើសិនជា​អ្នក​មិន​ចង់​មាន​បញ្ហា​កង្វះ​គ្រាប់​ឈាម​ទេ យក​ល្អ​គួរតែ​បញ្ចូល​របប​អាហារ​ខាងក្រោម​ញ៉ាំ​រាល់ថ្ងៃ​ទៅ​៖

​បង្កើន​ការទទួល​ទាន​ជាតិ​ដែក​
​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ជាតិ​ដែក ៣៨​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ប្រភព​បន្លែ​សម្បូរ​ជាតិ​ដែក​បំផុត​មានដូចជា ដូង គ្រាប់​ល្ពៅ បន្លែ​ពណ៌​បៃតង​។ ចំពោះ​សាច់​វិញ​ក៏​សម្បូរ​ជាតិ​ដែក​ខ្ពស់​ដែរ បើសិនជា​អ្នក​អាច​ញ៉ាំ​បាន​។​

​ទទួលទាន​វីតាមីន B9 ឲ្យ​គ្រប់គ្រាន់​
​វីតាមីន​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ម្យ៉ាងទៀត​ហៅថា Folate ដែលជា​តម្រូវការ​រប​ស់រាង​កាយ​ក្នុងការ​បង្កើត​កោសិកា​ថ្មីៗ​ក្នុងពេល​មាន​ផ្ទៃពោះ​រួមទាំង​កោសិកា​គ្រប់​ឈាមក្រហម​ផងដែរ​។ ចូរ​ញ៉ាំ​បន្លែ​ពណ៌​បៃតង គ្រាប់​ផ្កាឈូករ័ត្ន សណ្តែកសៀង និង​ថ្លើម​សត្វ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​មួយ​នេះ​។​

​កុំ​ភ្លេច​វីតាមីន B12
​អ្នក​ក៏ត្រូវ​ការ​វីតាមីន B12 ដើម្បី​ជួយ​ក្នុងការ​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​ដ៏​ល្អ​ផងដែរ​។ ការ​កង្វះ​វីតាមីន B12 ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​ដែល​មិន​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ សាច់​បក្សី ឬ​សាច់សត្វ​។ បើសិនជា​អ្នក​មិន​ញ៉ាំ​សាច់​ទេ យក​ល្អ​គួរតែ​ញ៉ាំ​ស៊ុត​វិញ​ទៅ​ក៏មាន​វីតាមីន B12 ដែរ​។​

​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C
​កុំ​ភ្លេច​បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​វីតាមីន C ផង​ដូចជា ផ្លែក្រូច ឬ​ត្របែក ព្រោះ​វា​នឹង​ជួយ​បង្កើន​ការ​បឺត​ស្រូប​ជាតិ​ដែក​ពី​អាហារ​ផ្សេងៗ​ទៀត​បាន​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com