អន្តរជាតិ
សភា​អាមេរិក​អនុម័ត​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង​
26, Jul 2017 , 10:30 am        
រូបភាព
​រដ្ឋសភា​អាមេរិក នៅ​ថ្ងៃទី​២៥ ខែកក្កដា បាន​បោះឆ្នោត​គាំទ្រ​ដោយ​សំឡេង​លើសលប់​លើ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​មួយទៀត​ប្រឆាំង​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង​។ ការអនុម័ត​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី គឺ​ផ្ទុយ​ពី​ជំហរ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ ប៉ុន្តែ​រដ្ឋបាល​លោក ត្រាំ ក៏​ទំនង​សប្បាយចិត្ត ព្រោះ​ទណ្ឌកម្ម​ថ្មី​ក៏មាន​បញ្ចូល​ឈ្មោះ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ផងដែរ ដោយសារតែ​ប្រទេស​ទាំងពីរ​នៅមាន​គោលដៅ​អភិវឌ្ឍ​នុយក្លេអ៊ែរ​ដដែល ។​



​សមាជិក​រដ្ឋសភា​អាមេរិក​ចំនួន​៤១៩​នាក់ បាន​បោះឆ្នោត​គាំទ្រ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង ខណៈ​សមាជិក​ចំនួន​៣​នាក់​ប៉ុណ្ណោះ​បាន​បោះឆ្នោត​ប្រឆាំង​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២៥ ខែកក្កដា​។ សេចក្ដីព្រាងច្បាប់​ដែល​ទើបត្រូវ​បានអនុម័ត​នេះ ក៏បាន​ដាក់​កំហិត​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សុំ​ការអនុញ្ញាត​ពី​សភា​សិន មុននឹង​ព្យួរ ឬ​លុបចោល​ទណ្ឌ​កម្មបាន​។ ចេញពី​រដ្ឋសភា សេចក្ដីព្រាង​នេះ ត្រូវបញ្ជូន​ទៅកាន់​ព្រឹទ្ធសភា មុន​ផ្ញើ​ទៅ​សេត​វិមាន​ចុងក្រោយ​។​

​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង គឺជា​រឿង​ដែល​គេ​រំពឹងទុក ព្រោះ​លោក ត្រាំ ខ្វល់ខ្វាយ​យ៉ាងខ្លាំង​នឹង​សកម្មភាព​របស់​ប្រទេស​ទាំងពីរ​នេះ​លើ​កម្មវិធី​នុយក្លេអ៊ែរ ហើយ​លោក​ក៏​គំរាម​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ទាំងពីរ​យូរ​មកហើយ​ដែរ​។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ទណ្ឌកម្ម​លើ​រុស្ស៊ី​ទៅវិញ ដ្បិត​លោក ត្រាំ កំពុងតែ​ចង់​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​ផង​។ នេះ​មានន័យថា​រដ្ឋសភា​អាមេរិក​កំពុងតែ​ដើរ​លើផ្លូវ​ផ្សេងគ្នា​ជាមួយ​លោក ត្រាំ ហើយ​។

​រដ្ឋសភា​អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ដោយ​ចោទ​រុស្ស៊ី​ថា​បាន​ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦ គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​នៃ​ប្រធានាធិបតី Bashar al-Assad លូកលាន់​កិច្ច​អ៊ុយ​ក្រែ​ន និង​ការ​លេប​យក​តំបន់​គ្រី​មៀ​ជាដើម​។ សេចក្ដីព្រាង​ទណ្ឌកម្ម​ថ្មី​នេះ មាន​គោលដៅ​លើ​បុគ្គល ក្រុមហ៊ុន​ថាមពល និង​ធនាគារ​របស់​រុស្ស៊ី ដែល​អាមេរិក​ចោទថា​បាន​ពាក់ព័ន្ធ​ការបោះឆ្នោត​អាមេរិក​តាមរយៈ​ការ​លួច​យក​ទិន្នន័យ និង​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​។
 
​យ៉ាងណាក្ដី កញ្ចប់​ទណ្ឌកម្ម​មួយ​នេះ​ត្រូវ​ឆ្លង​ឧបសគ្គ​ច្រើន មុននឹង​ចេញ​ជា​ច្បាប់​។ ចេញពី​រដ្ឋសភា ទណ្ឌកម្ម​ថ្មី​នេះ​ត្រូវការ​ការយល់ព្រម​ពី​ព្រឹទ្ធសភា​សិន ដែល​គេ​រំពឹងថា​ការជជែក​ដេញដោល​នឹងធ្វើ​ឡើង​ដោយ​ក្ដៅគគុក​រវាង​ក្រុម​សាធារណរដ្ឋ និង​ក្រុម​ប្រជាធិបតេយ្យ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេត​វិមាន​វិញ​ក៏​និយាយ​ដែរ​ថា លោក ត្រាំ មិនទាន់​សម្រេចចិត្ត​ច្បាស់​ថា​ត្រូវ​ចុះហត្ថលេខា ឬក៏​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង​ទណ្ឌកម្ម​ថ្មី​នៅឡើយ​ទេ​។​

​នៅ​ព្រឹទ្ធសភា​ឯណោះ គេ​ឃើញ​មាន​សមាជិក​ខ្លះ​មិន​ពេញ​ចិត្តនឹង​ទណ្ឌកម្ម​នេះដែរ​។ ខុសពី​លោក ត្រាំ ដែល​មិន​ចង់ឃើញ​ទណ្ឌកម្ម​លើ​រុស្ស៊ី ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​អាមេរិក​ខ្លះ​បែរជា​ជំទាស់​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ទៅវិញ​។ លោក Bob Corker ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​និយាយថា លោក​មិន​ច្បាស់​ថា​ទណ្ឌកម្ម​ថ្មី​នេះ​អាច​ឆ្លង​ផុត​ដំណាក់កាល​ព្រឹទ្ធសភា​ឬ​យ៉ាងណា​ឡើយ​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  អ៊ីរ៉ង់​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com