អន្តរជាតិ
អឺរ៉ុប​ថា អាមេរិក​គិតតែ​ខ្លួនឯង ព្រោះ​ទណ្ឌកម្ម​លើ​រុស្ស៊ី​បែរ​ប៉ះពាល់​ក្រុមហ៊ុន​អឺរ៉ុប​ទៅវិញ​
27, Jul 2017 , 10:51 am        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ ក្នុងកិច្ចប្រជុំសភាអឺរ៉ុប (រូបភាព Xinhua)
ប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ ក្នុងកិច្ចប្រជុំសភាអឺរ៉ុប (រូបភាព Xinhua)
​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់​-​ក្លូដ ចាំង​គើ (Jean-Claude Juncker) បាន​រិះគន់​អាមេរិក​ចំៗ បន្ទាប់ពី​សភា​អាមេរិក​បានអនុម័ត​ទណ្ឌកម្ម​ថ្មី​ទៀត​ដាក់​រុស្ស៊ី ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អឺរ៉ុប​ដែរ​។ បារាំង និង​អាល្លឺម៉ង់ ដែលមាន​ក្រុមហ៊ុន​ស្ថិតក្នុង​គោលដៅ​នៃ​ទណ្ឌកម្ម​ថ្មី​នេះ ក៏​បង្ហាញ​ជំហរ​ជំទាស់​អាមេរិក​ដែរ និង​បាន​ប្រាប់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន គិត​ផលប្រយោជន៍​គេឯង​ផង កុំ​គិតតែ​ប្រយោជន៍​ខ្លួនឯង​តែ​ម្នាក់​។​



«​គិត​ប្រយោជន៍​អាមេរិក​មុន មិនមែន​មានន័យថា​ត្រូវ​គិតពី​ប្រយោជន៍​អឺរ៉ុប​ចុងក្រោយ​ឡើយ​»​។ នេះ​គឺជា​សម្ដី​រិះគន់​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ ចំពោះ​ទណ្ឌកម្ម​របស់​អាមេរិក​លើ​រុស្ស៊ី ដែល​សភា​អាមេរិក​ទើប​អនុម័ត​នៅ​ថ្ងៃទី​២៥ ខែកក្កដា​។ សហភាព​អឺរ៉ុប មិន​ពេញចិត្ត​ទាល់តែសោះ​ទណ្ឌកម្ម​ថ្មី​នេះ ទោះជា​ធ្លាប់​ចាប់ដៃ​ជាមួយ​អាមេរិក​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ច្រើនលើក​រួចមកហើយ​ក្ដី​។​

​យោងតាម​សារព័ត៌មាន RT ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូបនេះ ក៏​គំរាម​អាមេរិក​វិញ​ថា បើ​ការព្រួយបារម្ភ​របស់​អឺរ៉ុប​មិនត្រូវ​បាន​ដោះស្រាយ​ឲ្យ​បានល្អ​ទេ នោះ​អឺរ៉ុប​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ចាត់វិធានការ​ឆ្លើយតប​វិញ​មិន​ខាន​។ ចំណែកឯ​សភា​អឺរ៉ុប​វិញ ក៏​បង្ហាញ​ការមិន​សប្បាយ​ដែរ ព្រោះ​ទណ្ឌកម្ម​ថ្មី​នេះ នឹង​ប៉ះពាល់​ការផ្គត់ផ្គង់​ឧស្ម័ន​នៅ​តំបន់​អឺរ៉ុប ដែល​នាំចូល​ឧស្ម័ន​ជាច្រើន​លាន​ម៉ែត្រគូប​ពី​រុស្ស៊ី​ដើម្បី​បំពេញតម្រូវការ​នៃ​រដ្ឋ​សមាជិក​។​

​សូមបញ្ជាក់ថា រដ្ឋសភា​អាមេរិក​បានអនុម័ត​ដោយ​សំឡេង​លើសលប់​ក្នុងការ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី កូរ៉េខាងជើង និង​អ៊ីរ៉ង់​។ ចំពោះ​រុស្ស៊ី ទណ្ឌកម្ម​ថ្មី​នេះ​ធ្វើឡើង​ដោយសារ​រុស្ស៊ី​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​ការ​លេប​យក​តំបន់​គ្រី​មៀ​ជាដើម​។ ទណ្ឌកម្ម​នេះ​ក៏ត្រូវ​ប៉ះពាល់​ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​ប្រតិបត្តិ​ការក្នង​គម្រោង​រួមគ្នា​រវាង​អឺរ៉ុប និង​រុស្ស៊ី​លើ​ការសាងសង់​បណ្ដាញ​ផ្គត់ផ្គង់​ឧស្ម័ន​ពី​រុស្ស៊ី​ទៅ​អឺរ៉ុប​។​

​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​នេះ ធ្វើ​ឲ្យ​ក្រុង​បែរ​ឡាំង​ប្រតិកម្ម​ខ្លាំង ព្រោះ​វា​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អាល្លឺម៉ង់​ដែល​កំពុង​រកស៊ី​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី ជាពិសេស​លើ​វិស័យ​ថាមពល​តែម្ដង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី​២៦ ខែកក្កដា បាន​និយាយថា ទណ្ឌកម្ម​នេះ​ពិតជា​ធ្វើ​ឲ្យ​អាល្លឺម៉ង់​បារម្ភ​មែន ហើយ​អាមេរិក​ក៏​មិន​ត្រូវយក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ធ្វើជា​ឧបករណ៍​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន​ដែរ​។​

​ចំណែកឯ​បារាំង​វិញ​ចាត់ទុក​ទណ្ឌកម្ម​របស់​អាមេរិក​លើ​រុស្ស៊ី ជា​រឿង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ដ្បិត​វា​មាន​អានុភាព​ទូលំទូលាយ​ខ្លាំងពេក​។ ដោយសារ​ទណ្ឌកម្ម​ប៉ះពាល់​ប្រយោជន៍​ខ្លួន​ដូចនេះ អឺរ៉ុប​ទំនងជា​ចាត់វិធានការ​តបត​វិញ បើ​ទណ្ឌ​កម្មនេះ​ត្រូវ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​ឲ្យ​ក្លាយជា​ច្បាប់​មែន​។ ឯ​រុស្ស៊ី​វិញ ក៏​ធ្លាប់​ប្រកាស​ដែរ​ថា ទណ្ឌកម្ម​អាមេរិក​មិនអាច​ធ្វើ​អ្វី​ខ្លួន​បានទេ តែ​អឺរ៉ុប​ទៅវិញ​ទេ​ដែលជា​អ្នករងគ្រោះ​នោះ​៕     


Tag:
 អាមេរិក​
  អឺរ៉ុប​
  រុស្ស៊ី​
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com