អន្តរជាតិ
មេទ័ព​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក​៖ បើ​លោក ត្រាំ ចេញ​បញ្ជា ខ្ញុំ​នឹង​បាញ់​នុយក្លេអ៊ែរ​កម្ទេច​ចិន​ភ្លាម​
28, Jul 2017 , 7:39 pm        
រូបភាព
មេទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឧត្តមនាវី Scott Swift (រូបភាព Xinhua)
មេទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឧត្តមនាវី Scott Swift (រូបភាព Xinhua)
​មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក Scott Swift និយាយថា លោក​នឹង​គោរព​តាម​បទបញ្ជា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ​ទៅលើ​ចិន បើ​លោក ត្រាំ ចង់បាន​មែន​នោះ​។ មេទ័ព​អាមេរិក​នៅ​ប៉ាស៊ីហ្វិក​និយាយ​បែបនេះ បន្ទាប់ពី​នាយក​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) លោក Mike Pompeo លើកឡើងថា ចិន ជាការ​គំរាមកំហែង​ធំជាងគេ​របស់​អាមេរិក ហើយ​មាន​គោលដៅ​ចង់​ជំនួស​អាមេរិក​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​ទៅទៀត​។​



​លោក​ឧ​ត្ត​មនា​វី Scot Swift មេ​ទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​២៧ ខែកក្កដា បាន​និយាយ​បែប​ព្រមាន​ថា លោក​មិន​រួញរា​ក្នុងការ​អនុវត្តតាម​បញ្ជា​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​វាយប្រហារ​ចិន​ឡើយ​។ យ៉ាងណាក្ដី នេះ​ជា​សេណា​រី​យ៉ូ ដែល​មិន​ងាយ​កើតឡើង​ឡើយ ទោះជា​អាមេរិក និង​ចិន ប្រឈមមុខគ្នា​ខ្លាំង​ក្ដី ក៏​មិនអាច​ឈានដល់​ដំណាក់កាល​ធ្វើសង្គ្រាម​បង្ក​មហន្តរាយ​ឲ្យ​ពិភពលោក​ដែរ​។​

​មេទ័ព​អាមេរិក​នៅ​ប៉ាស៊ីហ្វិក បាន​ឆ្លើយ​របៀបនេះ​ទៅនឹង​សំណួរ​បស់​អ្នកចូលរួម​ក្នុង​វេទិកា​សន្តិសុខ​មួយ​នៅ​អូស្ត្រាលី ដែល​ធ្វើឡើង​បន្ទាប់​អាមេរិក​ទើប​បញ្ចប់​សមយុទ្ធ​ដ៏​ធំ​រួមគ្នា​ជាមួយ​អូស្ត្រាលី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP អ្នកចូលរួម​ម្នាក់​បាន​សួរ​លោក Swift ថា លោក​នឹង​វាយប្រហារ​នុយក្លេអ៊ែរ​លើ​ចិន​ដែរឬទេ បើ​លោក ត្រាំ បញ្ជា​ឲ្យ​ធ្វើបែបនេះ​នៅ​សប្ដាហ៍​ក្រោយ​។ លោក​ឧ​ត្ត​មនា​វី Swift បាន​ក៏​តប​វិញ​ថា​៖ ចម្លើយ​ច្បាស់​ជា បាទ​»​។​

​លោក Swift ដែល​កាន់តំណែង​មេ​ទ័ពជើងទឹក​ប្រចាំ​ប៉ាស៊ីហ្វិក​តាំងពី​ឆ្នាំ​២០១៥ មក ក៏បាន​ឆ្លៀត​ពេលនោះ ប្រាប់​ឲ្យ​កងទ័ព​អាមេរិក​ទាំងអស់​គោរព​បទបញ្ជា​ថ្នាក់លើ​ផងដែរ​។ លោក​បញ្ជាក់ថា ទាហាន​គ្រប់ៗ​រូប​សុទ្ធតែ​បាន​ស្បថ​ការពារ​រដ្ឋធម្មនុញ្ញ​អាមេរិក​ប្រឆាំង​រាល់​សត្រូវ​ទាំងអស់ និង​អនុវត្តតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​បញ្ជា​លោក​ប្រធានាធិបតី ត្រាំ ដែល​ត្រូវបាន​តែង​ជា​អគ្គមេបញ្ជាការ​កំពូល​ក​ង​ទ័ព​ទាំងមូល​។​

​យ៉ាងណាមិញ លោក​ឧ​ត្ត​មនា​វី Swift បាន​និយាយថា ការលើកឡើង​របស់លោក​ខាងលើ គឺជា​ភស្តុតាង​បង្ហាញ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​អាមេរិក និង​ការគោរព​ឋានានុក្រម​ប៉ុណ្ណោះ​។ បើតាម​សម្ដី​របស់លោក កងទ័ព​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ស៊ីវិល ហើយ​ក្រិ​ត្យ​ក្រម​នេះ​ត្រូវបាន​ផ្លាស់ប្ដូរ នោះ​មានន័យថា​បញ្ហា​កំពុង​កើតឡើង​ហើយ​។ ឯ​អ្នកនាំពាក្យ​កងទ័ពជើងទឹក​អាមេរិក​នៅ​ប៉ាស៊ីហ្វិក​ពន្យល់​ដែរ​ថា លោក Swift គ្រាន់​ចង់​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​ស៊ីវិល និង​កងទ័ព​ប៉ុណ្ណោះ​។   

​ការអធិប្បាយ​របស់លោក Swift ធ្វើ​ឡើយ ក្រោយ​ប្រមុខ CIA លោក Pompeo លើកឡើងថា មានតែ​ចិន​ប៉ុណ្ណោះ​ដែល​អាច​បង្កបញ្ហា​សម្រាប់​កៅអី​មហាអំណាច​របស់​អាមេរិក​បាន​។ លោក Pompeo យក​ចំនួន​ប្រជាជន​ខ្ទង់ពាន់​លាន​នាក់ និង​ទំហំ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ចិន ធ្វើជា​មូលដ្ឋាន​ក្នុង​ប៉ាន់ស្មាន​សមត្ថភាព​រប​ស់​ចិន ដែល​អាច​ក្លាយជា​មហាអំណាច​ពិភពលោក​ជំនួស​អាមេរិក​។ ប៉ុន្តែ​ចិន​ក៏បាន​ឆ្លើយ​វិញ​ថា ការអភិវឌ្ឍ​របស់ខ្លួន គឺ​ប្រកបដោយ​សន្តិភាព មិនមែន​ជាការ​គំរាម​អ្នកណា​ឡើយ​៕

Tag:
 ​អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  Scott Swift
© រក្សាសិទ្ធិដោយ thmeythmey.com