អន្តរជាតិ
រុស្ស៊ី​ត្រៀម​ឆ្លើយតប ឯ​អឺរ៉ុប​កំពុង​ជ្រួលច្របល់ ខណៈ​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​ធ្លាក់​ដល់ដៃ​លោក ត្រាំ
28, Jul 2017 , 9:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុង Hamburg (រូបភាព Xinhua)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុង Hamburg (រូបភាព Xinhua)
​បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​រដ្ឋសភា​ដោយ​ស្រួល ហើយ​ព្រឹទ្ធសភា​ឯកភាព​ដោយ​សំឡេង​លើសលប់​ទៀត ពេលនេះ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង បាន​ទៅដល់​សេត​វិមាន​ហើយ​។ ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង មិនមែនជា​ស្មុគស្មាញ​ឡើយ តែ​ទណ្ឌកម្ម​លើ​រុស្ស៊ី​ឯណោះ​ទេ ដែល​ធ្វើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ឈឺក្បាល​ខ្លាំង​។ រុស្ស៊ី និង​អឺរ៉ុប បាន​រិះគន់​ទណ្ឌកម្ម​ថ្មី​នេះ​យ៉ាងខ្លាំង និង​ត្រៀម​ចាត់វិធានការ​តប​វិញ​ទៀតផង បើ​លោក ត្រាំ ចុះហត្ថលេខា​មែន​នោះ​។



​នៅ​ថ្ងៃទី​២៥ ខែកក្កដា រដ្ឋសភា​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ដោយ​សំឡេង​៤១៩ ទល់​៣​សំឡេង​។ មកដល់​ថ្ងៃទី​២៧ ខែកក្កដា​ម្សិលមិញ ព្រឹទ្ធសភា​អាមេរិក​ក៏បាន​ឯកភាព​លើ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ​ដោយ​សំឡេង​ស្ទើរតែ​ឯកច្ឆន្ទ​ទៅហើយ គឺ​៩៨​សំឡេង​ទល់នឹង​២​សំឡេង​។ ពេលនេះ ទណ្ឌកម្ម​ថ្មី​នេះ​អាច​លេច​ជា​រូបរាង​ឬ​អត់ គឺ​អាស្រ័យ​លើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ វិញ​ម្ដង​។​

​ព្រឹទ្ធ​អាមេរិក ដែល​កំពុង​ញាប់ដៃ​ក្នុងការ​ពិភាក្សា​លើ​ការលុបចោល​ច្បាប់​សុខាភិបាល​អូ​បា​ម៉ា បែរជា​អាច​ឆ្លៀតពេល​អនុម័ត​ទណ្ឌកម្ម​ថ្មី ដែល​ផ្ដោត​សំខាន់​លើ​រុស្ស៊ី​ទៅវិញ​។ ការណ៍​នេះ​ធ្វើ​ឲ្យ​លោក ត្រាំ ស្ថិតក្នុង​ស្ថានភាព​ទ័លច្រក ដែល​ពិបាក​សម្រេចចិត្ត​បំផុត ព្រោះ​លោក​មាន​ជំហរ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ ប៉ុន្តែ​សមាជិកសភា​ទាំងពីរ ដែល​រួមមាន​សមាជិក​បក្ស​សាធារណរដ្ឋ​ដែរនោះ មិនមាន​ជំហរ​ស្របគ្នា​នឹង​លោក ត្រាំ ឡើយ​។​

​ក្នុង​សេចក្ដីព្រាង​ទណ្ឌកម្ម​ថ្មី​នេះ សភា​ទាំងពីរ​របស់​អាមេរិក​បានដាក់​កំហិត​ច្រើន​ទៅលើ​រដ្ឋបាល​ប្រធានាធិបតី ត្រាំ ។ បញ្ញត្តិ​មួយ​ក្នុង​សេចក្ដីព្រាង​ទណ្ឌកម្ម​បានកំណត់​ឲ្យ​រដ្ឋបាល​លោក ត្រាំ សុំ​ការអនុញ្ញាត​ពី​សភា​សិន មុននឹង​ព្យួរ ឬ​លុបចោល​ទណ្ឌកម្ម​ណាមួយ​។ លោក ត្រាំ មាន​សិទ្ធិ​ទទួល ឬ​វ៉េតូ​ទណ្ឌកម្ម​ថ្មី​នេះ ប៉ុន្តែ​សភា​ក៏មាន​សិទ្ធិ​ទាត់​ចោលការ​វ៉េតូ​របស់​ប្រធានាធិបតី រួច​ប្រកាស​ចេញ​ជា​ច្បាប់​ក៏បាន​ដែរ​។

១. រុស្ស៊ី​លែង​ទ្រាំ​ទៀតហើយ​! ពូ​ទីន ប្រកាស​ឆ្លើយតប​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​

​នៅពេលនេះ រុស្ស៊ី​កំពុង​តាមដាន​យ៉ាង​ដិតដល់​ស្ថានការណ៍​នៅ​អាមេរិក និង​ត្រៀមខ្លួន​ដើម្បី​តបត​ទណ្ឌកម្ម​ថ្មី ក្នុងករណី​លោក ត្រាំ ចុះហត្ថលេខា​ដាក់​ឲ្យ​អនុវត្ត​មែន​នោះ​។ អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ដោយ​ចោទ​បាន​ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦ គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី លូកលាន់​កិច្ច​អ៊ុយ​ក្រែ​ន និង​ការ​លេប​យក​តំបន់​គ្រី​មៀ​ជាដើម​។ សេចក្ដីព្រាង​ទណ្ឌកម្ម​ថ្មី​នេះ មាន​គោលដៅ​លើ​បុគ្គល ក្រុមហ៊ុន និង​ធនាគារ​របស់​រុស្ស៊ី ដែល​អាមេរិក​ចោទថា​បាន​ពាក់ព័ន្ធ​ការបោះឆ្នោត​អាមេរិក​ដែរ​។​

​យ៉ាងណាក្ដី ម្ដង​ជា​ពីរដង រុស្ស៊ី​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា​ខ្លួន​មិនមាន​ពាក់ព័ន្ធ​ការបោះឆ្នោត​របស់​អាមេរិក​ឡើយ​។ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ទាត់ចោល​ការចោទប្រកាន់​តាំងពីដើម​មក បាន​រិះគន់​សមាជិកសភា​អាមេរិក​ថា​បញ្ចេញ​អាកប្បកិរិយា​ព្រហើន និង​ប្រកាស​សងសឹក​អាមេរិក​វិញ បើ​ទណ្ឌកម្ម​ថ្មី​ត្រូវបាន​ចុះហត្ថលេខា​ឲ្យ​ក្លាយជា​ច្បាប់​មែន​។ លោក ពូ​ទីន ក៏​ធ្លាប់​និយាយថា ទណ្ឌកម្ម​អាមេរិក​មិនអាច​សម្លាប់​រុស្ស៊ី​បានទេ​។​

​យោងតាម​សារព័ត៌មាន The Guardian លោក ពូ​ទីន បាន​និយាយ​ក្នុង​សន្និសីទកាសែត​ជាមួយ​សម​ភាគី​ហ្វាំ​ង​ឡង់​នៅ​ថ្ងៃទី​២៧ ខែកក្កដា ថា រុស្ស៊ី​បានបង្ហាញ​ជំហរ​អត់ធ្មត់​ជា​យូរ​មកហើយ តែ​ដល់​ពេលខ្លះ​រុស្ស៊ី​ត្រូវតែ​ឆ្លើយតប​វិញ​មិន​ខាន​។ លោក​បន្តថា វា​ជា​រឿង​មិនអាច​ទៅរួច​ដែល​រុស្ស៊ី​ត្រូវ​ស៊ូទ្រាំ​ដោយ​មិន​តបត​អ្វី​សោះ​ទៅនឹង​សកម្មភាព​ព្រហើន ហើយ​ទ​ណ​កម្ម​ថ្មី​នេះ​ពិតជា​រឿង​ដែល​រុស្ស៊ី​មិនអាច​ទទួលយកបាន​មែន​។ 

២. អឺរ៉ុប​៖ ដល់ពេល​ប៉ះ​ប្រយោជន៍​ខ្លួនឯង ទើប​យល់​


​តាំងពីដើម​មក​នោះ អឺរ៉ុប​បាន​ដើរ​លើផ្លូវ​ជាមួយ​អាមេរិក​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​លើ​សំណុំរឿង​អ៊ុយ​ក្រែ​ន ហើយ​តែង​ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ខ្លាំ​ងៗ​ទៀតផង​។ ប៉ុន្តែ​លើក​នេះ អឺរ៉ុប​បានចេញ​មុខ​ប្រឆាំង​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ព្រោះ​វា​ប៉ះពាល់​ដល់​ផលប្រយោជន៍​អឺរ៉ុប​ដែរ​។ ទណ្ឌកម្ម​ថ្មី ដែល​ផ្ដោតលើ​សកម្មភាព​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​កិច្ចការ​បោះឆ្នោត​អាមេរិក បាន​ប៉ះ​លើ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រកស៊ី​វិស័យ​ថាមពល​ជាមួយ​រុស្ស៊ី​។​

​សហភាព​អឺរ៉ុប បារាំង អាល្លឺម៉ង់ និង​ចុងក្រោយ​អូទ្រីស បាន​បញ្ចេញ​ប្រតិកម្ម​មិន​ធ្លាប់មាន​ប្រឆាំង​ទណ្ឌកម្ម​ថ្មី ដែល​កំពុងស្ថិត​ក្នុង​ដៃ​លោក ត្រាំ ។ អឺរ៉ុប​បាន​ចោទ​អាមេរិក​ថា​គិតតែ​ប្រយោជន៍​ខ្លួន តែ​មិន​គិត​ផលប៉ះពាល់​កើតមាន​លើ​អឺរ៉ុប​ឡើយ​។ អធិការបតី​អូទ្រីស Christian Kern បាន​សរសេរ​លើ Facebook របស់លោក​ថា ទណ្ឌកម្ម​ថ្មី​របស់់​អាមេរិក ជា​រឿង​មិនអាច​ទទួលយកបាន​ទាល់តែសោះ ព្រោះ​អាមេរិក​យក​រឿង​នយោបាយ​ខ្លួនឯង​មក​ឡូកឡំ​បញ្ហា​សេដ្ឋកិច្ច​របស់​អឺរ៉ុប​។​

​រដ្ឋ​សមាជិក​អឺរ៉ុប ខឹងច្រឡោត​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ព្រោះ​ទណ្ឌកម្ម​ថ្មី​នឹង​បង្អាក់​ការកសាង​បណ្ដាញ​ផ្គត់ផ្គង់​ឧស្ម័ន Nord Stream 2 ដែល​បង្ហូរ​ឧស្ម័ន​ពី​រុស្ស៊ី​ទៅកាន់​រដ្ឋ​អឺរ៉ុប​។ ក្រុមហ៊ុន​ថាមពល​រុស្ស៊ី Gazprom និង​ក្រុមហ៊ុន​របស់​រដ្ឋ​អឺរ៉ុប​មួយចំនួន​សហការគ្នា​លើ​គម្រោង​ដ៏​ធំ​មួយ​នេះ ហើយ​ក្រុមហ៊ុន​ទាំងនេះ​នឹងត្រូវ​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​អាមេរិក ព្រោះ​ហ៊ាន​រកស៊ី​ជាមួយ​ជាមួយ​រុស្ស៊ី​។

៣. ត្រាំ ស្ថិត​លើផ្លូវ​បំបែក​
 
​កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ អាចជា​ចេញ​ជា​ច្បាប់​ដើម្បី​អនុវត្ត​ឬ​អត់ គឺ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់លោក ត្រាំ ហើយ​ពេលនេះ​។ វា​ជា​រឿង​ដ៏​លំបាក​ក្នុងការ​សម្រេចចិត្ត​រប​ស់លោក ត្រាំ ខណៈដែល​លោក​កំពុង​ចង់​ស្ដារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ផង​នោះ​។ ប៉ុន្តែ​លោក​ក៏​មិនអាច​បោះបង់​គំនិត​រប​ស់​សមាជិកសភា ដើម្បី​តែ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​បានដែរ ខណៈ​សំណុំរឿង​រុស្ស៊ី​លូកលាន់​កិច្ចការ​បោះឆ្នោត​ឆ្នាំ​២០១៦ មិនទាន់​ចប់​នៅឡើយ​។​

​តាមពិតទៅ លោក ត្រាំ មាន​សិទ្ធិ​មិន​ចុះហត្ថលេខា​លើ​ទណ្ឌ​កម្មនេះ​បាន តែ​លោក​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​សមាជិកសភា​ទាំងពីរ​របស់​អាមេរិក​។ យោងតាម​លទ្ធផល​បោះឆ្នោត​នៅ​សភា​ទាំងពីរ សូម្បីតែ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​របស់លោក ក៏​គាំទ្រ​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែរ ដែល​បញ្ហា​ធ្វើ​ឲ្យ​លោក ត្រាំ ពិបាក​សម្រេចចិត្ត​មែនទែន​។ ទណ្ឌកម្ម​ថ្មី​នេះ ក៏​ជា​ច្បាប់​សំខាន់​មួយ​របស់​សភា​អាមេរិក​ក្រោម​អាណត្តិ​របស់លោក ត្រាំ ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​សេត​វិមាន​និយាយ​ហើយ​ថា​ទណ្ឌកម្ម​ថ្មី​នេះ នឹងត្រូវ​ពិនិត្យ​សិន មុននឹង​លោក ត្រាំ សម្រេចចិត្ត​តាម​ក្រោយ​។ លោក ត្រាំ មាន​ពេល​១០​ថ្ងៃ ដោយ​មិន​គិត​ថ្ងៃអាទិត្យ​ដើម្បី​ពិចារណា​ថា ត្រូវ​ចុះហត្ថលេខា ឬក៏​វ៉េតូ​។ បើ​លោក ត្រាំ វ៉េតូ នោះ​ទណ្ឌកម្ម​ថ្មី​ក៏​អាច​ក្លាយជា​ច្បាប់​ផ្លូវការ​ដែរ នៅពេល​សភា​ទាំងពីរ​បោះឆ្នោត​ដោយ​សំឡេង​ពីរភាគបី​រៀងៗ​ខ្លួន​។ ប៉ុន្តែ​លោក ត្រាំ នៅតែ​អាចដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​បាន​ដដែល តាមរយៈ​ការចេញ​បញ្ជា​ប្រតិបត្តិ​៕


Tag:
 អឺរ៉ុប​
  រុស្ស៊ី​
  អាមេរិក​
  អឺរ៉ុប​
  ទណ្ឌកម្ម​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com