អន្តរជាតិ
សភា​អាមេរិក​អនុម័ត​​កញ្ចប់​លុយ ១,២​ពាន់​លាន​ដុល្លារ​សម្រាប់​សង់ «​ជញ្ជាំង​ត្រាំ​»
28, Jul 2017 , 10:39 pm        
រូបភាព
​សភា​អាមេរិក​សម្រេច​បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​យោធា​ឆ្នាំ ២០១៨ ដែល​បង្កើន​ការ​ចំណា​ច្រើនជាង​ឆ្នាំមុន​ប្រហែល ៦៨ ពាន់​លាន​ដុល្លារ​។ កញ្ចប់​ថវិកា​ថ្មី​ក៏​ផ្តល់​ហិរញ្ញវត្ថុ​ជំហាន​ដំបូង​សម្រាប់​ការសាងសង់​ជញ្ជាំង​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​តាម​ការស្នើសុំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផងដែរ​។


​    ​
​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ ខែកក្កដា សមាជិកសភា​អាស​មេ​រិ​ក​បានសម្រេច​បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​ឆ្នាំ ២០១៨ ដោយ​សំឡេងគាំទ្រ ២៣៥ ទល់នឹង ១៩២​។ កញ្ចប់​ថវិកា​ឆ្នាំ ២០១៨​នេះ បង្កើត​ការចំណាយ​យោធា​រហូតដល់ ៦៨ ពាន់​លាន​ដុល្លារ​អាមេរិក ហើយក៏​ផ្តល់ទុន​សម្រាប់​ការសាងសង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេចក្តីព្រាងច្បាប់​កញ្ចប់​ថវិកា​ឆ្នាំ ២០១៨​នេះ មាន​គោលដៅ​បង្កើន​ការចំណាយ​យោធា​ដើម្បី​បង្កើន​សមត្ថភាព​យោធា​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​ខាងក្រៅ ជាពិសេស​លទ្ធភាព​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​លើ​ទឹកដី​អាមេរិក​នោះ​។ អាមេរិក​បារម្ភ​ខ្លាំង​ក្រោយ​ពេលដែល​កូរ៉េខាងជើង​អាច​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​កាលពីដើម​ខែកក្កដា​កន្ល​ង​ទៅ​។​

​ត្រឡប់មកវិញ ថវិកា​សម្រាប់​ចំណាយ​លើ​វិស័យ​យោធា​ដែល​ត្រូវបាន​សភា​អនុម័ត​នេះ​មាន​ទំហំ ៦៥៨, ១ ពាន់​លាន​ដុល្លារ ដែល​កើនឡើង​រហូតដល់ ៦៨​ពាន់​លាន​ដុល្លារ​បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ​។ ម្យ៉ាង​វា​ក៏​កើនឡើង​ការស្នើសុំ​របស់លោក ដូ​ណា​ល់ ត្រាំ  ១៨,៤​ពាន់​លាន​ដុល្លារ​ដែរ​។

​ចំណែក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ដែលជា​គម្រោង​សំខាន់បំផុត​ដែល​លោក ត្រាំ បាន​សន្យា​ក្នុងពេល​ឃោសនា​នោះ​វិញ មាន​ទំហំ ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក​។

​យ៉ាងណាក៏ដោយ​បណ្តា​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​បានចាត់ទុក ថវិកា​ដែល​គេ​កំណត់​សម្រាប់​សាងសង់​ជញ្ជាំង​នេះ​ជា​ថ្នាំពុល ហើយ​គេ​ប្រកាស​ត្រៀម​ទាត់ចោល​ថវិកា​នេះ​នៅពេលដែល​ច្បាប់​រុញ​ដល់​ព្រឹទ្ធសភា​ផងដែរ​។​

​កាលបរិច្ឆេទ​ចុងក្រោយ​សម្រាប់​សភា​ក្នុងការ​បោះឆ្នោត​អនុម័ត​ថវិកាជាតិ​ឆ្នាំ ២០១៨ គឹ​នៅ​ថ្ងៃ ១​ខែតុលា​។ ក្នុងករណីនេះ​សភា​អាច​អនុម័ត​ទទួលយក​ថវិកា​ដែល​ស្នើសុំ ឬក៏​សម្រេច​ទុកពេល​ឲ្យ​មានការ​ពិភាក្សា​បន្ត​សិន ដោយ​ពន្យា​ពេល​អនុម័ត​កញ្ចប់​ថវិកា​ថ្មី​នេះ​បណ្តោះអាសន្ន​។​

​ការកំណត់​ថវិកា​ផ្គត់ផ្គង់​គម្រោង​សាងសង់​ជញ្ជាំង​ត្រូវបាន​គេ​បញ្ចូល​ក្នុង​កញ្ចប់​ថវិកា​សន្តិសុខ​ជាតិ ព្រោះ​សេត​វិមាន​ដឹងថា សមាជិកសភា​អាមេរិក មិន​បោះឆ្នោត​ថា «​ទេ​»​ចំពោះ​ការបង្កើន​ថវិកា​ការពារជាតិ​ឡើយ​។ ប៉ុន្តែ​បញ្ហា​ប្រហែលជា​កើតឡើង​នៅពេល​ច្បាប់​ថវិកា​នេះ​រុញ​ដល់​ព្រឹទ្ធសភា​។

​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ ជាច្រើន​នាក់​បង្ហាញ​ការបញ្ចេញ​ចិត្ត​រួចទៅហើយ​ចំពោះ​ថវិកា​សាងសង់​ជញ្ជាំង​នេះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប៉ុន្មាន​សប្តាហ៍​មុន​សមាជិក​ព្រឹទ្ធសភា​ច្រើនជាង​ប្រាំមួយ​នាក់​ដែល​តំណាង​ឲ្យ​រដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ មានតែ​លោក Ted Cruz ប៉ុណ្ណោះ​ដែល​គាំទ្រ​ការសាងសង់​ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក​នេះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  ថវិកាជាតិ​ឆ្នាំ​២០១៨
© រក្សាសិទ្ធិដោយ thmeythmey.com