ជាតិ
បាក់​ឌុប​៖ ក្រសួង​អប់រំ ចេញ​កាលវិភាគ​វិញ្ញាសា សម្រាប់​ប្រឡង​បាក់​ឌុប​ ​
30, Jul 2017 , 9:19 am        
រូបភាព
បាក់ឌុប រូបភាព​ពី​ ACU
បាក់ឌុប រូបភាព​ពី​ ACU
ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខ​។ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​តារាង​ប្រព្រឹត្តទៅ​នៃ​វិញ្ញាសា (​កាលវិភាគ​) សម្រាប់​ការប្រឡង​នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី ២៩ កក្កដា​នេះ​។​



កាលវិភាគ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ត្រូវបាន​ក្រសួង​អប់រំ បង្ហាញ​នៅ​ថ្ងៃទី ២៩ កក្កដា​នេះ​។ កាលវិភាគ​សម្រាប់​ការប្រឡង​បាក់​ឌុប បាន​បែង​ចែកជា​ពីរ​ថ្នាក់ គឺ​ថ្នាក់​វិទ្យាសាស្ត្រ  និង​វិទ្យាសាស្ត្រ​សង្គម​។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ មាន ៧​វិញ្ញាសា រួមមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា​។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ ថ្នាក់​វិទ្យាសាស្ត្រ នៅ​ថ្ងៃទី ២១ សីហា បេក្ខជន​ទាំងអស់ នឹងត្រូវ​ប្រឡង​លើ​វិញ្ញាសា ប្រវត្តិវិទ្យា និង ជីវវិទ្យា នៅពេល​ព្រឹក និង​ពេល​រសៀល មាន​វិញ្ញាសា គីមីវិទ្យា និង​ភាសាបរទេស​។ ចំណែក​ថ្ងៃទី ២២ សីហា នឹង​ប្រឡង​លើ​វិញ្ញាសា អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា នៅពេល​ព្រឹក និង​ពេល​រសៀល មាន​វិញ្ញាសា គណិតវិទ្យា ដែលជា​វិញ្ញាសា​ចុងក្រោយ​សម្រាប់​ការប្រឡង​។​

ជាមួយគ្នា បេក្ខជន ដែល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​វិញ្ញាសា​ចំនួន ៧​ដូចគ្នា​។ វិញ្ញាសា​ទាំងនោះ រួមមាន ផែនដី​-​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។ ចំពោះ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម នៅ​ថ្ងៃទី ២១ សីហា នឹងត្រូវ​ប្រឡង​លើ​វិញ្ញាសា ផែនដី​-​បរិស្ថានវិទ្យា និង ប្រវត្តិវិទ្យា  នៅពេល​ព្រឹក និង​ពេល​រសៀល មាន​វិញ្ញាសា ភូមិវិទ្យា និង​ភាសាបរទេស​។ ចំណែក​ថ្ងៃទី ២២ សីហា នឹង​ប្រឡង​លើ​វិញ្ញាសា គណិតវិទ្យា និង​សីលធម៌​-​ពលរដ្ឋ​វិជ្ជា នៅពេល​ព្រឹក និង​ពេល​រសៀល មាន​វិញ្ញាសា អក្សរសាស្ត្រ​ខ្មែរ​។​

គួរ​បញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២១-២២ ខែសីហា​។ ការប្រឡង​នេះ មាន​បេក្ខជន​ចំនួន ១០៣ ១១២ នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា ១៧៨ មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥ បន្ទប់ នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត​៕


© រក្សាសិទ្ធិដោយ thmeythmey.com