អន្តរជាតិ
ត្រាំ ខកចិត្ត ព្រោះ​ចិន​បណ្ដែតបណ្ដោយ​ឲ្យ​កូរ៉េខាងជើង​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​
30, Jul 2017 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​ខកចិត្ត​តាម​បណ្ដាញ​សង្គម Twitter បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​មួយទៀត​នៅ​យប់​ថ្ងៃទី​២៨ ខែកក្កដា​។ លោក ត្រាំ ខកចិត្ត ព្រោះ​ចិន​មិនបាន​ធ្វើ​អ្វី​សោះ​លើ​កូរ៉េខាងជើង និង​ទុក​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ឯង មិន​ខ្លាច​នរណា​សោះឡើយ​។ ប្រធានាធិបតី​អាមេរិក ក៏​គំរាម​ប្រើ​ពាណិជ្ជកម្ម​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន ជា​ថ្នូរ​ការប្រើប្រាស់​ឥទ្ធិពល​ចិន​ដើម្បី​បញ្ចប់​មហិច្ឆតា​កូរ៉េខាងជើង​ដែរ​។​



​នៅ​ថ្ងៃទី​២៩ ខែកក្កដា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​ចំនួន​ពីរ​បន្តបន្ទាប់​គ្នា ដោយមាន​អត្ថន័យ​ប្រកបដោយ​ការមិនសប្បាយចិត្ត​លាយឡំ​ការខឹង​សម្បារ​ផង ជុំវិញ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។ លោក ត្រាំ បាន​លើក​ឈ្មោះ​ចិន​ចំៗ ព្រោះ​ចិន​មិនបាន​ធ្វើ​អ្វី​សោះ​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​មកទល់ពេលនេះ​គេ​ជឿថា​កូរ៉េខាងជើង​មាន​មី​ស៊ី​លបាញ់​ដល់​គ្រប់ផ្នែក​ទាំងអស់​របស់​អាមេរិក​។​

​នៅក្នុង​សារ​ទីមួយ លោក ត្រាំ បានសរសេរថា​៖ «​ខ្ញុំ​ពិតជា​ខកចិត្ត​នឹង​ចិន​ខ្លាំងណាស់​។ អតីត​មេដឹកនាំ​ឆ្កួត​ឡប់​របស់​យើង​បានអនុញ្ញាត​ឲ្យ​ចិន​ចំណេញ​រាប់ពាន់​លាន​ដុល្លារ​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​...»​។ លោក​បាន​បន្ត​សរសេរ​សារ​ទី​ពីរ​ថា​៖ «...​ប៉ុន្តែ​ចិន​នៅតែ​មិន​ធ្វើ​អ្វី​សោះ​សម្រាប់​យើង​លើ​ករណី​កូរ៉េខាងជើង បានត្រឹមតែ​និយាយ​ប៉ុណ្ណោះ​។ យើង​មិន​អនុញ្ញាត​ឲ្យ​រឿងនេះ​កើតឡើង​ទៀតឡើយ​។ ចិន​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ស្រួល​»​។​


​តាមពិតទៅ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​លោក ត្រាំ ខកចិត្ត​នឹង​ចិន​នោះ​។ កន្លងមក លោក​តែង​ទទូច​ឲ្យ​ចិន​ប្រើប្រាស់​អំណាច​ដែល​ខ្លួន​មាន​ដាក់​កូរ៉េខាងជើង និង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ក៏ដូចជា​ការសាកល្បង​មី​ស៊ី​ល​ផង​។ លោក ត្រាំ ក៏​ចង់​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ឲ្យ​បាន​ធ្ងន់ធ្ងរ​ថែមទៀត ដើម្បី​ឲ្យ​រាងចាល ប៉ុន្តែ​ចិន​មិនមាន​ជំហរ​គាំទ្រ​ឡើយ និង​បាន​និយាយថា ការចរចា​ជា​ច្រកចេញ​តែមួយគត់​។​

​ភ្លាមៗ​បន្ទាប់​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​នៅ​រាត្រី​ថ្ងៃទី​២៨ ខែកក្កដា រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន ក៏បាន​ចេញមុខ​ចោទ​ចិន និង​រុស្ស៊ី​ថា​មានការ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​កូរ៉េខាងជើង​។ នេះ​ក៏​មិនមែនជា​លើកដំបូង​ដែល​អាមេរិក​ទម្លាក់កំហុស​ឲ្យ​ចិន និង​រុស្ស៊ី​ដែរ ប៉ុន្តែ​ចិន និង​រុស្ស៊ី តែង​ប្រកាសថា បញ្ហា​កើតឡើង​ទាំងអស់​មិនមែន​មកពី​ចិន និង​រុស្ស៊ី​ទេ តែ​មកពី​សកម្មភាព​យោធា​របស់​អាមេរិក និង​កូរ៉េខាងត្បូង​តែម្ដង​។​

​ដោយសារ​កូរ៉េខាងជើង​ចេះតែ​ផ្គើន​អន្តរជាតិ​មិនចេះចប់ អាមេរិក​ប្រុង​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​កូរ៉េខាងជើង​តាមរយៈ​ក្រុមប្រឹក្សាសន្តិសុខ បន្ថែម​ពីលើ​ទណ្ឌកម្ម​ឯកតោភាគី​របស់ខ្លួន​ដែល​ទើប​អនុម័ត​កាលពីពេល​ថ្មីៗ​នេះ​។ ឯ​ចិន​វិញ បាន​ប្រឆាំង​ដាច់ខាត​ទណ្ឌកម្ម​ឯកតោភាគី​ណាមួយ​លើ​កូរ៉េខាងជើង និង​បន្ត​អនុវត្តតាម​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​វិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com