អន្តរជាតិ
ទូត​ចិន​ប្រចាំ UN ៖ ចិន​ជួយ​យ៉ាងម៉េច​ក៏​អត់​ប្រយោជន៍ បើ​អាមេរិក​និង​កូរ៉េខាងជើង​មិន​និយាយ​គ្នា​
01, Aug 2017 , 1:42 pm        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ Liu Jieyi ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការ UN (រូបភាព Xinhua)
អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ Liu Jieyi ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការ UN (រូបភាព Xinhua)
​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ Liu Jieyi បាន​និយាយ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ថា អាមេរិក​និង​កូរ៉េខាងជើង គឺ​ភាគី​ចម្បង​ក្នុង​ការបញ្ចប់​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ មិនមែន​ចិន​ឡើយ​។ អគ្គរដ្ឋទូត​រូបនេះ​បញ្ជាក់ថា ការប្រឹងប្រែង​របស់​ចិន​មិនបាន​ផល​អ្វី​ទេ បើ​អាមេរិក និង​កូរ៉េខាងជើង​មិន​ព្រម​និយាយ​រកគ្នា​ផង​នោះ​។ លោក Liu Jieyi និយាយ​បែបនេះ បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចោទ​ចិន​ថា​មិនបាន​ជួយ​អ្វី​សោះ​។​



​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ហាញ​ការមិនសប្បាយចិត្ត​ដាក់​ចិន​ដែល​មិន​ព្រមធ្វើ​អ្វី​សោះ​លើ​កូរ៉េខាងជើង ចិន​បាន​ឆ្លើយ​ទៅវិញ​ថា ខ្លួន​មិនមែនជា​តួឯក​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​។ ចិន ដែល​ចាត់ទុក​ខ្លួនឯង​មិនមែនជា​តួអង្គ​សំខាន់ បាន​ប្រាប់​ឲ្យ​អាមេរិក និង​កូរ៉េខាងជើង​ជួបគ្នា​ដោះស្រាយ​បញ្ហា​ដើម្បី​ឈានទៅដល់​ការបញ្ចប់​ការសាកល្បង​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ការបញ្ចប់​អាណត្តិ​ជា​ប្រធាន​ប្ដូរ​វេន​ក្រុមប្រឹក្សាសន្តិសុខ លោក Liu Jieyi អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ទម្លាក់​ការទទួល​ខុស​ឲ្យ​អាមេរិក និង​កូរ៉េខាងជើង​ក្នុងការ​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​នេះ​។ លោក Liu និយាយថា អាមេរិក និង​កូរ៉េខាងជើង មាន​ទំនួល​ខុសត្រូវ​ខ្លាំងជាងគេ​ក្នុងការ​ចាប់ផ្ដើម​ការចរចា​ឡើងវិញ ក៏ដូចជា​ការបន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។ នេះ​បើតាម​សារព័ត៌មាន Al Jazeera ។​

​ទំនងជា​ការឆ្លើយ​ទៅនឹង​ការលើកឡើង​របស់លោក ត្រាំ មន្ត្រីការទូត​ចិន​រូបនេះ​បញ្ជាក់ថា បើទោះជា​ចិន​ប្រឹង​ជួយ​យ៉ាងណាក្ដី ការព្យាយាម​របស់​ចិន​នឹងមិន​ទទួលបាន​ផល​ជា​ដុំកំភួន​ឡើយ ព្រោះ​លទ្ធផល​យ៉ាងណា​អាស្រ័យ​លើ​ភាគី​សំខាន់​ទាំងពីរ គឺ​អាមេរិក និង​កូរ៉េខាងជើង​ផ្ទាល់​។ អគ្គរដ្ឋទូត​រូបនេះ​ក៏​ឆ្លៀត​រិះគន់​ប្រទេស​ខ្លះ ដែល​បំពាន​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​តាមរយៈ​ការបង្កើន​ភាព​តានតឹង និង​មិន​ព្រម​ចរចា​បញ្ចប់​បញ្ហា​ទៅទៀត​។​

​យ៉ាងណាមិញ មុននេះ សម​ភាគី​របស់លោក Liu Jieyi គឺ​លោកស្រី Nikki Haley អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN បាន​អះអាងថា​ហើយ​ថា ពេលវេលា​សម្រាប់​ការចរចា​នៅ UN ស្ដីពី​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​អស់​ទៅហើយ​។ លោកស្រី Haley បានស្នើ​ឲ្យ​ចិន​បង្ហាញ​ឆន្ទៈ​ក្នុងការ​គាំទ្រ​ដាក់ទណ្ឌកម្ម​កាន់តែខ្លាំង​លើ​កូរ៉េខាងជើង​ដែល​លើកឡើង​ដោយ​អាមេរិក ជាជាង​ការនិយាយស្ដី​ដែល​មិន​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​បាន​នោះ​។​

​ទោះជា​យ៉ាងណា ប្រេសិត​របស់​ចិន Liu Jieyi បាន​លើកឡើងថា ចិន​បន្ត​ទាក់ទង​ជាមួយ​សមាជិក ក្រុមប្រឹក្សា​ទាក់ទង​បញ្ហា​កូរ៉េខាងជើង​នេះ​។ លោក Liu ក៏បាន​បង្ហើប​ដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​កំពុង​ពិភាក្សា​សេចក្ដីសម្រេច​ថ្មី​មួយទៀត​លើ​ប្រធានបទ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ សេចក្ដីសម្រេច​នេះ ត្រូវបាន​ស្នើ​ដោយ​អាមេរិក បន្ទាប់ពី​កូរ៉េ​ខាង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កនៅ​ថ្ងៃទី​៤ ខែកក្កដា ហើយ​ផ្ដោត​សំខាន់​លើ​វិធានការ​រារាំង​ការសាកល្បង​លើក​ក្រោយ​ទៀត​៕


Tag:
 UN
  ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com