អន្តរជាតិ
របាយការណ៍​៖ អាមេរិក​ខ្ជះខ្ជាយ​លុយរាប់​រយ​លាន​ដុល្លារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​
01, Aug 2017 , 5:21 pm        
រូបភាព
​របាយការណ៍​ប្រចាំត្រីមាស​ដែល​ចេញផ្សាយ​ដោយ​អធិការកិច្ច​ពិសេស​សម្រាប់​ការកសាង​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើងវិញ (SIGAR) បង្ហាញថា រដ្ឋាភិបាល​បាល​អាមេរិក​បាន​ចំណាយលុយ​រាប់រយ​លាន​ដុល្លារ​លើ​ការស្ថាបនា​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើងវិញ ប៉ុន្តែ​លទ្ធផល​តបស្នង​មិនបាន​ដូច​ចិត្ត​ឡើយ​។ បន្ថែម​ពី​ការ​ខ្ជះខ្ជាយ​លុយរាប់​រយ​លាន​ដុល្លារ​នេះ គេ​បែរជា​ឃើញ​ការកើនឡើង​សកម្មភាព​ក្រុម​តា​លី​បង់ និង​ផលិតកម្ម​អាភៀន​ទៅវិញ​។​



​រយៈពេល​១៥​ឆ្នាំ​នៃ​ការគាំទ្រ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន អាមេរិក​បាន​ចំណាយលុយ​ច្រើនជាង​៧១៤​ពាន់​លាន​ដុល្លារ​ដើម្បី​កសាង​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​។ ទឹកប្រាក់​សន្ធឹកសន្ធាប់​នេះ ត្រូវបាន​ចំណាយ​លើ​ការ​ទ្រទ្រង់​រចនាសម្ព័ន្ធ​រដ្ឋា​ភិ​បាល ពង្រឹងសមត្ថភាព​កង​ទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​។ ប៉ុន្តែ​វប្បធម៌​ពុករលួយ និង​ការខ្វះ​ការត្រួតពិនិត្យ​របស់​អា​មេ​រិ​ក ធ្វើ​ឲ្យ​ការប្រឹងប្រែង​របស់​អាមេរិក​មិនបាន​លទ្ធផល​ដូច​ការរំពឹងទុក​ទេ​។​

​យោងតាម​របាយការណ៍​របស់​អធិការកិច្ច​ពិសេស​សម្រាប់​ការកសាង​អា​ហ្វ​ហ្គា​នី​ស្ថាន (SIGAR) ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ក្រុម​ឧទ្ទាម​តា​លី​បង់​នៅមាន​សមត្ថភាព​វាយប្រហារ​លើ​កងកម្លាំង​រដ្ឋាភិបាល និង​សម្ព័ន្ធមិត្ត​ចម្រុះ​។ ៤០​ភាគរយ​នៃ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​ឧទ្ទាម​តា​លី​បង់ ឬ​ក្រុម​សកម្មប្រយុទ្ធ​ផ្សេង​ដដែល ខណៈដែល​ការ​វាយ​ប្រយុទ្ធ​រវាង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ក៏​កើនឡើង​ខ្លាំង​ដែរ​។​

​ក្នុង​របាយការណ៍​រប​ស់​ខ្លួន SIGAR ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​អាមេរិក​បង្កើន​ការប្រឹងប្រែង​បន្ថែមទៀត និង​ត្រូវ​ហ៊ាន​ប្រឈមមុខ​គ្រោះថ្នាក់ ជាជាង​ធ្វើការ​តែ​ក្នុង​ការិយាល័យ​ដែលមាន​ការការពារ​ខ្វាត់ខ្វែង ហើយ​វាយតម្លៃ​ការចំណាយ​របស់​រដ្ឋាភិបាល​ទាំង​មិនបាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​។ លោក John Sopko ប្រធាន SIGAR និយាយថា ការ​អង្គុយ​ធ្វើការ​តែ​ក្នុង​ការិយាល័យ​មិនបាន​ជួយ​អ្វី​ឡើយ តែ​ក៏​ប៉ះពាល់​ដល់​បេសកកម្ម​យោធា​ទៅទៀត ព្រោះ​ទឹកប្រាក់​រាប់រយ​លាន​ត្រូវ​ចំណាយ​ដោយ​គ្មាន​ការពិនិត្យ​ឡើយ​។​

​តាមពិតទៅ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនសូវ​ពេញចិត្ត​បេសកកម្ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុន្មាន​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម​ស៍ ម៉ា​ធី​ស ធ្លាប់​បង្ហាញ​ការមិន​ពេញចិត្ត​ម្ដង​ហើយ​ទាក់ទង​ការចំនាយ​រាប់លាន​ដុល្លារ​លើ​ការ​ផ្គត់​ផ្គត់​ខោអាវ​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក ម៉ា​ធី​ស ក៏​ប្រកាសថា តាម​ស្ថានភាព​បច្ចុប្បន្ន​អាមេរិក​មិនអាច​ឈ្នះ​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​បានឡើយ ដូច្នេះ​ត្រូវតែ​ប្ដូរ​វិធីសាស្ត្រ​ថ្មី​។​

​រដ្ឋបាល​លោក ត្រាំ ក៏​កំពុង​ពិចារណា​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការចំណាយ ក៏ដូចជា​ឆាប់​បញ្ចប់​បញ្ហា​រ៉ាំ​រៃ​មួយ​នេះ​។ ក្រុង​វ៉ាស៊ីនតោន​ទំនងជា​បញ្ជូន​ទ័ព​បន្ថែមទៀត​ទៅកាន់​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​អាច​ទាហាន​ផ្ដល់​ប្រឹក្សា ឬក៏​ផ្ដល់​ការបណ្ដុះបណ្ដាល​ប៉ុណ្ណោះ​។ អាមេរិក​ក៏​ទំនងជា​ដាក់​សម្ពាធ​បន្ថែម​ទៅលើ​ប៉ា​គី​ស្ថាន​ដើម្បី​ឲ្យ​ប្រទេស​នេះ​បញ្ឈប់​ការផ្ដល់​ជម្រក​ឲ្យ​ក្រុម​ជ្រុលនិយម​លាក់ខ្លួន ហើយ​មាន​សមត្ថភាព​វាយប្រហារ​នៅលើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​៕


Tag:
 អាមេរិក​
  អា​ហ្វ​ហ្គា​នី​ស្ថាន​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com