អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស ធី​ល័​រ​សិន ថា អាមេរិក​មិន​យក​កូរ៉េខាងជើង​ធ្វើ​សត្រូវ​ទេ​
02, Aug 2017 , 10:47 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក រិច ធីល័រសិន ក្នុងសន្និសីទកាសែតថ្ងៃទី១ ខែសីហា (រូបភាពពី Flickr ក្រសួងការបរទេសអាមេរិក)
រដ្ឋមន្រ្តីការបរទេសអាមេរិក រិច ធីល័រសិន ក្នុងសន្និសីទកាសែតថ្ងៃទី១ ខែសីហា (រូបភាពពី Flickr ក្រសួងការបរទេសអាមេរិក)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធី​ល័​រ​សិន (Rex Tillerson) បានប្រកាសថា អាមេរិក​មិនបាន​ព្យាយាម​ទម្លាក់​របប​ដឹកនាំ​របស់លោក គីម ជុង​អ៊ុន ឡើយ ហើយក៏​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ដែរ​។ ប៉ុន្តែ​លោក ធី​ល័​រ​សិន បញ្ជាក់ដែរថា ក្រុង​វ៉ាស៊ីនតោន​នៅតែ​ប្រកាន់​ជំហរ​ចង់​ឲ្យ​ក្រុង​ព្យុងយ៉ាង​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​វ៉ាស៊ីនតោន​សុខចិត្ត​ចរចា បើ​ព្យុងយ៉ាង​ពិតជា​បោះបង់​នុយក្លេអ៊ែរ​ចោល​មែន​។​



​យើង​មិន​ចង់​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ឡើយ​! យើង​មិន​ចង់​ផ្ដួលរំលំ​របប​ដឹកនាំ​ឡើយ​! យើង​មិន​ចង់​បង្រួបបង្រួម​កូរ៉េ​ដោយ​បង្ខំ​ឡើយ​! នេះ​គឺជា​បញ្ជាក់​ច្បាស់ៗ​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន ជុំវិញ​បញ្ហា​កូរ៉េខាងជើង ដែល​ក្បាលរឹង​មិន​ស្ដាប់​នរណា និង​តែង​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្គើន​គេឯង​រហូតមក​។ លោក ធី​ល័​រ​សិន និយាយ​បែបនេះ បន្ទាប់​កូរ៉េខាងជើង​អះអាងថា​ខ្លួន​ពិត​ជាមាន​សមត្ថភាព​បា​ញ់​មី​ស៊ី​ល​ទៅដល់​គ្រប់ផ្នែក​ទាំងអស់​របស់​អាមេរិក​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១ ខែសីហា ប្រមុខ​ការទូត​អាមេរិក​រូបនេះ​និយាយទៀតថា អាមេរិក​ក៏​មិនបាន​រក​លេស​ដើម្បី​បញ្ជូន​ទ័ព​ទៅកាន់​ខ្សែស្រប​ទី​៣៨ ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ដែរ ហើយ​អាមេរិក​ក៏បាន​ប្រាប់​កូរ៉េខាងជើង​ជារឿយៗ​ដែរ​ទាក់ទង​បញ្ហា​នេះ​។ លោក ធី​ល័​រ​សិន អះអាងថា អាមេរិក​មិន​យក​កូរ៉េខាងជើង​ជាស​ត្រូវ​ទេ ហើយក៏​មិនបាន​គំរាម​កូរ៉េខាងជើង​ដែរ ប៉ុន្តែ​កូរ៉េខាងជើង​ទៅវិញ​ទេ ដែល​បង្ក​ការគំរាមកំហែង​ឲ្យ​អាមេរិក​នោះ​។ 

​អាមេរិក​មិន​យក​កូរ៉េខាងជើង​ជាស​ត្រូវ​មែន តែ​លោក ធី​ល័​រ​សិន បញ្ជាក់ថា អាមេរិក​ក៏​មិនអាច​នៅ​ស្ងៀម ហើយ​មិន​តបត​សកម្មភាព​របស់​កូរ៉េខាងជើង​ដែរ​។ យ៉ាងណាក្ដី អាមេរិក​នៅតែ​ប្រកាន់​ជំហរ​ចរចា បើ​របប​ដឹកនាំ​កូរ៉េខាងជើង​យល់ព្រម​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​នោះ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​កាន់តំណែង​បាន​៦​ខែ​រូបនេះ ជឿថា​កូរ៉េខាងជើង​នឹង​យល់​នៅពេល​ណាមួយ ហើយ​ងាក​មក​ដើរ​លើផ្លូវ​ត្រូវ​វិញ ដើម្បី​រក្សា​សន្តិភាព និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ជាដើម​។​

​ទាក់ទង​បញ្ហា​កូរ៉េខាងជើង​នេះដែរ លោក ធី​ល័​រ​សិន ហាក់​ប្រកាន់​ជំហរ​ខុសពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រេសិត​អាមេរិក​នៅ UN លោកស្រី Nikki Haley ជុំវិញ​តួនាទី​របស់​ចិន​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​នេះ​។ លោក ត្រាំ តែង​បន្ទោស​ចិន​ដែល​មិន​ព្រមធ្វើ​អ្វី​លើ​កូរ៉េខាងជើង ប៉ុន្តែ​លោក ធី​ល័​រ​សិន យល់ថា ចិន​មិនមែន​អ្នក​ត្រូវ​ទទួល​ការស្ដីបន្ទោស​ឡើយ តែ​កូរ៉េខាងជើង​ឯណោះ​ទើប​សក្តិសម​ជាង ព្រោះ​អ្វីៗ​ចាប់ផ្ដើម​ពី​មហិច្ឆតា​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​របស់​មេដឹកនាំ​កូរ៉េខាងជើង​តែម្ដង​។​

​បើតាម​ការលើកឡើងរ​ប​ស់លោក ធី​ល័​រ​សិន កូរ៉េខាងជើង​មិនចាំបាច់​ប្រឹងប្រែង​ប្រមូល​ធនធាន​ទាំងអស់​ដែល​ខ្លួន​ដើម្បី​ផលិត​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​រំលង​ទ្វីប​ទុក​ការពារ​ខ្លួន​ពី​ការវាយប្រហារ​របស់​អា​មេ​រិ​ក​ឡើយ ព្រោះ​អាមេរិក​នឹងមិន​ធ្វើសង្គ្រាម​ទេ​។ យ៉ាងណាមិញ កូរ៉េខាងជើង​តែង​អះអាងថា​នុយក្លេអ៊ែរ​របស់ខ្លួន គឺ​ប្រើប្រាស់​ដើម្បី​ទប់ទល់​នយោបាយ​វាតទី​បង្ករឿង​របស់​អា​មេ​រិ​ក ហើយ​ខ្លួន​ក៏​មិន​ទុកចិត្ត​អាមេរិក​ដែរ​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  រិច ធី​ល័​រ​សិន
© រក្សាសិទ្ធិដោយ thmeythmey.com