អន្តរជាតិ
រុស្ស៊ី​រិះគន់​អាមេរិក​ដែល​គ្រោង​បញ្ជូន​អាវុធ​បន្ថែម​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​
02, Aug 2017 , 2:22 pm        
រូបភាព
ទាហានអ៊ុយក្រែនបាញ់សាកល្បងមីស៊ីលប្រឆាំងរថគ្រោះផ្គត់ផ្គង់ដោយអាមេរិក (រូបភាព Russia Insider)
ទាហានអ៊ុយក្រែនបាញ់សាកល្បងមីស៊ីលប្រឆាំងរថគ្រោះផ្គត់ផ្គង់ដោយអាមេរិក (រូបភាព Russia Insider)
​ក្រសួងការបរទេស​រុស្ស៊ី នៅ​ថ្ងៃទី​១ ខែសីហា បាន​រិះគន់​អាមេរិក​ដែល​គ្រោង​បញ្ជូន​អាវុធ​បន្ថែម​ទៅ​ឲ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដើម្បី​ទុក​ការពារ​ខ្លួន​។ រុស្ស៊ី ព្រមាន​ថា​ការបញ្ជូន​អាវុធ​នេះ​អាចធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន​កាន់​យ៉ាប់យ៉ឺន ខណៈ​ស្ថានការណ៍​នៅ​ភាគ​ខាងកើត​កំពុង​ដុនដាប​ស្រាប់​ផង​នោះ​។ រុស្ស៊ី​ក៏​យល់​ដែរ​ថា ការផ្គត់ផ្គង់​អាវុធ​បន្ថែម​មិនជា​រឿង​ចាំបាច់​ឡើយ ព្រោះ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ក៏​គ្មាន​ការចាំបាច់​ដើម្បី​ទទួល​អាវុធ​ពី​អាមេរិក​ឡើយ​។​



​រុស្ស៊ី​បាន​ចោទ​អាមេរិក​ថា​កំពុង​ចាក់​សាំង​លើ​ភ្លើង​តាមរយៈ​ការបញ្ជូន​អាវុធ​ទៅ​ឲ្យ​កម្លាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ក្នុង​គោលដៅ​ទប់ទល់​សកម្មភាព​ពួក​ឧទ្ទាម និង​ការឈ្លានពាន​របស់​រុស្ស៊ី​។ រុស្ស៊ី​និយាយថា ការបន្ត​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​គៀវ នឹងធ្វើ​ឲ្យ​ជម្លោះ​នៅ​ភាគ​ខាងកើត​កាន់តែ​រាលដាល​ខ្លាំង​ឡើង​មិន​ខាន​។ រុស្ស៊ី​ក៏​ព្រមាន​ដែរ​ថា​អាមេរិក​នឹងមិន​អាច​គេច​ផុតពី​ការទទួលខុសត្រូវ​ឡើយ បើ​ស្ថានការណ៍​ធ្លាក់​ទៅរក​ស្ថានភាព​មិនល្អ​នោះ​។​

​លោក Mikhail Ulyanov មន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​បែប​ឌឺដង​ឲ្យ​អាមេរិក​ថា ក្រុង​វ៉ាស៊ីនតោន​សម្រេចចិត្ត​បញ្ជូន​អាវុធ​បន្ថែម​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ព្រោះ​ពួកគេ​យល់ថា​ស្ថានការណ៍​នៅ​ភាគ​កើត​មិនទាន់​អាក្រក់​គ្រប់គ្រាន់​នៅឡើយ ដូច្នេះ​ត្រូវតែ​ចាក់​សាំង​បន្ថែមទៀត​។ បើតាម​សារព័ត៌មាន RT លោក Ulyanov បញ្ជាក់ថា ទោះជា​អាវុធ​ទាំងនោះ​មាន​គោលដៅ​ការពារ​ខ្លួន​មែន តែ​វា​ក៏បាន​រុញច្រាន​ស្ថានការណ៍​កាន់តែ​អាក្រក់​ដែរ​។​

​រដ្ឋាភិបាល​ក្រុង​គៀវ អត់​ត្រូវ​ប្រយុទ្ធ​ជាមួយ​អ្នកណា​ឡើយ ព្រោះ​កម្លាំង​ឧទ្ទាម​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​គ្មាន​គោលដៅ​ពង្រីក​ទឹកដី​ដែល​ពួកគេ​កំពុង​គ្រប់គ្រង​ឡើយ​។ នេះ​គឺជា​ការបញ្ជាក់​បន្ថែមរ​ប​ស់លោក Ulyanov ។ លោក​បន្តទៀតថា ការបញ្ជូន​អាវុធ​លើក​នេះ​អាច​នាំ​ឲ្យ​គេ​គិតថា​អាមេរិក​កំពុង​លើកទឹកចិត្ត​ទង្វើ​បង្ករឿង ក៏ដូចជា​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន​អាច​យ៉ាប់យ៉ឺន​ជាង​មុន ហើយ​ទាំង​អាមេរិក ទាំង​អ៊ុយ​ក្រែ​ន សុទ្ធតែ​ត្រូវ​ទទួលខុសត្រូវ​លើ​រឿងរ៉ាវ​ទាំងនេះ​។​

​ការ​ចេញមក​ទិតៀន​របស់​ក្រសួងការបរទេស​រុស្ស៊ី ធ្វើឡើង​បន្ទាប់​សារព័ត៌មាន​អាមេរិក នៅ​ថ្ងៃទី​៣១ ខែកក្កដា ផ្សាយ​ថា មន្ទីរ​បញ្ច​កោណ និង​ក្រសួងការបរទេស​អាមេរិក​បានរៀបចំ​ផែនការ​ផ្គត់ផ្គង់​អាវុធ​ជាច្រើន​មុខ​ទៅ​ឲ្យ​ទាហាន​អ៊ុយ​ក្រែ​ន​រួមទាំង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ផង​។ មន្ត្រី​អាមេរិក​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​អាមេរិក​និយាយថា ក្រុង​គៀវ​ចង់បាន​អាវុធ​បន្ថែម ដើម្បី​ការពារ​ខ្លួនឯង​ពី​ការឈ្លានពាន​ណាមួយ​របស់​រុស្ស៊ី​។​

​អ៊ុយ​ក្រែ​ន​បាន​ដាក់សំណើ​ផ្គត់ផ្គង់​អាវុធ​ទៅកាន់​អាមេរិក អំឡុងពេល​ទស្សនកិច្ច​របស់​ប្រធានាធិបតី Pedro Poroshenko ទៅកាន់​អាមេរិក​កាលពី​ខែមិថុនា​។ អ៊ុយ​ក្រែ​ន​ចង់បាន​អាវុធ​បន្ថែម ដ្បិត​ពួក​ឧទ្ទាម​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត ដែល​លោកខាងលិច​អះអាងថា​ទទួលបាន​គាំទ្រ​ពី​សំណាក់​រុស្ស៊ី បន្តសកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​គៀវ​។ ពួក​ឧទ្ទាម​ថែមទាំង​ប្រកាស​ផ្ដាច់​រដ្ឋ​នៅ​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ហើយ​ដាក់ឈ្មោះថា «​រុស្ស៊ី​តូច​» ទៀតផង​៕


Tag:
 ​រុស្ស៊ី​
  អាមេរិក​
  អ៊ុយ​ក្រែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com