ជាតិ
សេដ្ឋកិច្ច
បង់​ក្លា​ដែ​ស ទិញ​អង្ករ​ពី​កម្ពុជា​២៥​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគច្រើន​ជា​អង្ក​រស​
02, Aug 2017 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​ទំហំ​អង្ករ​១​លាន ដែល​ភាគី​កម្ពុជា និង​ប្រទេស​បង់​ក្លា​ដេែសបាន​ព្រមព្រៀងគ្នា អង្ករ​ចំនួន ២៥​ម៉ឺន​តោន​នឹងត្រូវ​អនុវត្ត​នៅ​ឆ្នាំ​ដំបូង​ឆ្នាំ ២០១៧ នេះ​។



​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​សន្យា​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​១​លាន​តោន ​សម្រាប់​រយៈពេល​៥​ឆ្នាំ ដែល​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ស្បៀងអាហារ​បង់​ក្លា​ដែស នៅ​ថ្ងៃទី​២​ខែសីហា​។​

​លោក ប៉ាន សូរ​សក្ដិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ បង់​ក្លា​ដែ​សនឹង​ទិញ​អង្ករ ២៥​ម៉ឺន​តោន ដែល​ក្នុងចំណោម​នេះ ២០​ម៉ឺន​តោន​ជា​អង្ក​រស​ធម្មតា និង​៥​ម៉ឺន​តោន​ទៀត​ជា​ប្រភេទ​អង្ករ​ចំហុយ សម្រាប់​ឆ្នាំ​២០១៧ នេះ​។ លោក​បន្តថា ការនាំចេញ​អង្ករ​ឆ្នាំ​ដំបូង​តាម​កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ក្នុងអំឡុង​ខែតុលា​ខាងមុខនេះ​។

​បើតាម លោក សុខ ពុ​ទ្ធី​វុ​ធ ភាគី​បង់​ក្លា​ដែ​ស តាមរយៈ​កិច្ចព្រមព្រៀង​ខាងលើ បានផ្ដល់​ពេលវេលា និង​លក្ខខណ្ឌ​សមស្រប​ដើម្បី​អាច​ឲ្យ​ភាគី​កម្ពុជា ​សម្រេចបាន​តាម​កា​រ​បញ្ជា​ទិញ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​បង់​ក្លា​ដែស​ឲ្យ​ឱកាស ពេលវេលា​គ្រប់គ្រាន់​ដើម្បី​យើង​ធ្វើការ​។ ដូចនេះ​អ្វីៗ​ដែល​យើង​នឹង​រៀប​ចំនេះ ​គឺមាន​ពេលវេលា និង​លក្ខខណ្ឌ​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​សហព័ន្ធ និង​ក្រុមហ៊ុន​គ្រី​ន​ត្រេ​ដ​ ជួយ​ការងារ​នេះ​»​។

​ចំពោះ​តម្លៃ​អង្ករ ភាគី​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ នឹង​ចរចា​គ្នា​នៅពេល​ក្រោយ​។ លោក សុខ ពុ​ទ្ធី​វុ​ធ លើកឡើង​ដូចនេះ​ថា​៖«​វា​ជា​ចំណុច​សំខាន់​ ដែល​នឹងមាន​ការចរចា​បន្ថែម​ទៀត តែ​ខ្ញុំ​ជឿថា បើ​បង់​ក្លា​ដែសមាន​តម្រូវការ​ខ្ពស់ នោះ​យើង​អាច​សម្របសម្រួល​គ្នា​បាន​។​

​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស នឹង​ជួប​ការប្រកួតប្រជែង​នឹង​ប្រទេស​ថៃ និង​វៀតណាម ដ្បិត​បង់​ក្លា​ដែ​សមាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ទាំង​នោះដែរ​។ ប៉ុន្តែ​លោក សុខ ពុ​ទ្ធី​វុ​ធ ជឿជាក់ថា​កម្ពុជា ​នៅតែ​អាច​នាំចូល​អង្ករ​ទៅ​ទីផ្សារ​បង់​ក្លា​ដែសបាន ដោយ​លោក​ថ្លែង​យ៉ាង​ដូចនេះ​ថា​៖«​បង់​ក្លា​ដែស​ក៏​ឆ្លាត​ដែរ ដែលមាន​ប្រភព​ច្រើន​ប្រទេស​។ ខ្ញុំ​ជឿថា​គេ​នៅតែ​បើកទ្វារ​គ្រប់​ប្រទេស​អ៊ីចឹង ទោះ​ទិញ​តិច​ឬ​ច្រើន គឺ​នៅតែ​បើកទ្វារ​»​។

Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com