អន្តរជាតិ
ត្រាំ ចុះហត្ថលេខា​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ទាំង​មិន​សប្បាយចិត្ត​
03, Aug 2017 , 2:50 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ពេលជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅអាល្លឺម៉ង់ (រូបភាព Xinhua)
ប្រធានាធិបតី ដូណាល់ ត្រាំ ពេលជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅអាល្លឺម៉ង់ (រូបភាព Xinhua)
​ទីបំផុត ទណ្ឌកម្ម​លើ​រុស្ស៊ី​នៅតែ​ចេញ​ជា​រូបរាង​ទាល់តែ​បាន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​គ្មាន​ជម្រើស​អ្វី​ផ្សេង បាន​ចុះហត្ថលេខា​លើ​កញ្ចប់​ទណ្ឌកម្ម​ដែល​អនុម័ត​ដោយ​សភា​ទាំងពីរ ទាំង​មិន​សប្បាយចិត្ត ព្រោះ​វា​ប៉ះពាល់​ដល់​ការប្រឹងប្រែង​របស់លោក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​រុស្ស៊ី​។ ឯ​រុស្ស៊ី​វិញ​ចាត់ទុក​ទណ្ឌកម្ម​ថ្មី​នេះ​ថា​បាន​បំផ្លាញ​ទំនាក់ទំនង​ទ្វេភាគី និង​ឈានដល់​ការបង្ក​សង្គ្រាម​ពាណិជ្ជកម្ម​ទៀតផង​។​



​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាង​កញ្ចប់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ឲ្យ​ក្លាយជា​ច្បាប់​ហើយ​នៅ​ថ្ងៃទី​២ ខែសីហា ក្នុង​ពិធី​មួយ​ដ៏​ស្ងប់ស្ងាត់​សោះកក្រោះ​នៅក្នុង​សេត​វិមាន​។ លោក ត្រាំ មិន​ពេញចិត្ត​ទាល់តែ​សោះនឹង​ទណ្ឌកម្ម​ថ្មី​នេះ និង​រិះគន់ថា​បាន​ប៉ះពាល់​នយោបាយ​ការបរទេស​របស់លោក​ទៀតផង​។ ប៉ុន្តែ​លោក​ក៏​មិនអាច​ប្រឆាំង​ការសម្រេច​របស់​សភា​បានដែរ ដ្បិត​សេចក្ដីព្រាង​ទណ្ឌកម្ម​នេះ​ត្រូវ​បានអនុម័ត​ដោយ​សំឡេង​លើសលប់​ឯណោះ​។

​ក្នុង​សារ​ផ្ញើ​ទៅកាន់​សភា​ទាំងពីរ លោក ត្រាំ និយាយថា បើទោះជា​លោក​ចង់បាន​ទណ្ឌកម្ម​ធ្ងន់ៗ​លើ​រុស្ស៊ី ក៏ដូចជា​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ក្ដី ច្បាប់​ដែល​លោក​ទើប​ហត្ថលេខា​នេះ​ពិត​ជាមាន​ចន្លោះប្រហោង​ច្រើនណាស់​។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បាន​ហៅ​សេចក្ដីព្រាងច្បាប់​របស់​ស​ភា​ទាំងពីរ ជាការ​ជ្រៀតជ្រែក​កិច្ចការ​ស្ថាប័ន​នីតិប្រតិបត្តិ​ក្នុងការ​អនុវត្ត​នយោបាយ​ការបរទេស បំពាន​អំណាច​ប្រធានាធិបតី និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ទៀតផង​។​

​បើតាម​ច្បាប់​ថ្មី​ដែល​លោក ត្រាំ ចុះហត្ថលេខា ទណ្ឌកម្ម​ណាមួយ​មិនអាច​ត្រូវបាន​ព្យួរ ឬ​លើកលែង​ឡើយ បើ​គ្មាន​ការសម្រេចចិត្ត​របស់​ស​ភា​ជាមុនសិន​។ នេះ​មានន័យថា នៅពេល​ខាងមុខ បើ​ប្រធានាធិបតី ត្រាំ ចង់​បញ្ចប់​ទណ្ឌកម្ម​លើ​រុស្ស៊ី ឬ​ប្រទេស​ផ្សេង ត្រូវតែមាន​ការឯកភាព​ពី​សភា​សិន មិនមែន​ចេញ​សេចក្ដីសម្រេច​តែម្នាក់ឯង​ឡើយ​។ ត្រង់ចំណុច​នេះហើយ​ដែល​លោក ត្រាំ មិន​ពេញចិត្ត ប៉ុន្តែ​លោក​ត្រូវតែ​បង្ខំចិត្ត​ធ្វើតាម​សភា​ដដែល​។​

​នៅ​រុស្ស៊ី​ឯណោះ​វិញ នាយករដ្ឋមន្ត្រី ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ បាន​បង្ហោះ​វែង​អន្លាយ​ក្នុងន័យ​រិះគន់​ច្បាប់​ថ្មី​នេះ​។ លោក ម៉េ​ដ​វ៉េ​ដេ​វ ចាត់ទុក​ទណ្ឌកម្ម​ថ្មី គឺជា​ប្រកាសសង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី ហើយ​លោក​ថា បើ​គ្មាន​ប​ដិ​ហា​រ្យ​កើតឡើង​ទេ ទណ្ឌកម្ម​នឹង​នៅតែ​ស្ថិតនៅ​រាប់​ទសវត្សរ៍​ទៅមុខទៀត​។ បើតាម​សារព័ត៌មាន RT នាយករដ្ឋមន្ត្រី​រុស្ស៊ី​ក៏បាន​រិះគន់​សេត​វិមាន​ដែល​មិនអាច​ជម្នះ​សម្ពាធ​ក្នុងស្រុក​បាន និង​មាន​ចំណុចខ្សោយ​ដែល​អាច​ឲ្យ​សភា​ប្រើប្រាស់​ដើម្បី​វាយប្រហារ​លើ​រុស្ស៊ី​។​

​ជាមួយគ្នា​នោះ លោក ម៉េ​ដ​វ៉េ​ដេ​វ ក៏​ទស្ស​ទាយ​ដែរ​ថា លោក ត្រាំ ទំនងជា​អង្គុយ​កៅអី​ប្រធានាធិបតី​មិនបាន​យូរ​ឡើយ​។ លោក​បញ្ជាក់ថា រដ្ឋបាល​លោក ត្រាំ បានប្រគល់​អំណាចនីតិប្រតិបត្តិ​ឲ្យ​សភា ដែល​នាំ​ឲ្យ​តុល្យភាព​អំណាច​ក្នុង​នយោបាយ​អាមេរិក​ប្រែប្រួល ហើយ​វា​នឹង​នាំ​ដល់​ការទម្លាក់​លោក ត្រាំ មិន​ខាន​។ បើតាម​លោក ម៉េ​ដ​វ៉េ​ដេ​វ អ្នកនយោបាយ​មានអំណាច​អាមេរិក មិន​ចូលចិត្ត​លោក ត្រាំ ទេ ហើយ​ពួកគេ​បណ្ដេញ​លោក ត្រាំ ចេញពី​តំណែង​មិន​ខាន​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com