អន្តរជាតិ
អាមេរិក​ចង់​ផ្ដាច់ដង្ហើម​ការទូត​កូរ៉េខាងជើង ដោយ​ស្នើ​ព្យួរ​សមាជិកភាព​នៅ​កិច្ចប្រជុំ ARF
04, Aug 2017 , 9:19 am        
រូបភាព
កិច្ចប្រជុំ ARF នៅឡាវ (រូបភាព Wikimedia Commons)
កិច្ចប្រជុំ ARF នៅឡាវ (រូបភាព Wikimedia Commons)
​អាមេរិក​កំពុង​ស្វែងរក​ការចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឈានដល់​ការព្យួរ​សមាជិកភាពរ​បស់​កូរ៉េខាងជើង​ក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) ដែលជា​វេទិកា​សន្តិសុខ​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​។ មន្ត្រី​អាមេរិក និង​ហ្វីលីពីន និយាយថា បំណង​ព្យួរ​សមាជិកភាព​របស់​កូរ៉េខាងជើង គឺជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ផ្ដាច់ដង្ហើម​ការទូត​របស់​កូរ៉េខាងជើង និង​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​ឯកោ​មួយ​នេះ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ ក៏ដូចជា​ការ​សាង​ល្បង​មី​ស៊ី​ល​ផង​។​



​ឧបការីរ​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក លោកស្រី Susan Thornton និយាយថា កូរ៉េខាងជើង មិន​សក្តិសម​នឹង​បន្ត​ជា​សមាជិក​វេទិកា​តំបន់​អាស៊ាន (ARF) ឡើយ ព្រោះ​កូរ៉េខាងជើង​បាន​បំពាន​គោលការណ៍​បង្ការ​ជម្លោះ​របស់​វេទិកា​នេះ​។ ចំណុច​បំពាន គឺ​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល និង​បន្ត​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ ដែល​បង្ការ​គំរាមកំហែង​ដល់​សន្តិសុខ​តំបន់ និង​ពិ​ភ​លោក​ផង​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​២ ខែសីហា លោកស្រី Thornton បញ្ជាក់ថា អាមេរិក​ចង់បាន​ការ​ពិភាក្សា​ជុំវិញ​ការព្យួរ​សមាជិកភាព​ប្រទេសមួយ​ពី​អង្គការ​ដែលមាន​គោលការណ៍​បង្ការ​ជម្លោះ​។ លោកស្រី​បន្តថា អាមេរិក​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​ដើម្បី​មាន​ចំណាត់ការ​បន្ថែមទៀត​ក្នុង​ការដាក់​សម្ពាធ​លើ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ក៏ដូចជា​ផ្ដាច់​ផ្លូវ​ការទូត​ដែល​ធ្វើ​ឲ្យ​រដ្ឋ​មួយ​នេះ​កាន់តែ​ឯកោ​ឡើង​។​

​មន្ត្រី​ហ្វីលីពីន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា មន្ត្រី​អាមេរិក​បាន​ជជែក​ជាមួយ​មន្ត្រី​ហ្វីលីពីន​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​បាន​ប្រាប់​អាមេរិក​វិញ​ថា កូរ៉េខាងជើង​គួរតែអនុញ្ញាត​ឲ្យ​បន្ត​នៅក្នុង ARF ទៀត​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​។ នៅមុននេះ មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ក្រុង​ម៉ានីល ដែល​គេ​ជឿថា មាន​គោលដៅ​ចង់​ឲ្យ​ហ្វីលីពីន​ដែលជា​ប្រធាន​អាស៊ាន បិទ​សំណុំរឿង​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​កិច្ចប្រជុំ​វេទិកា​អាស៊ាន ដែលមាន​សមាជិក​២៧​ប្រទេស នឹង​រៀបចំ​ក្នុង​រដ្ឋធានី​ម៉ានីល​នៅ​សប្ដាហ៍​ក្រោយ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន និង​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ ក៏មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះដែរ ប៉ុន្តែ​នឹងមិន​មាន​ជំនួប​ទ្វេភាគី​ឡើយ​។ គេ​រំពឹងថា ក្នុង​កិច្ចប្រជុំ​លើក អាមេរិក កូរ៉េខាងត្បូង ជប៉ុន និង​អូស្ត្រាលី​ជាដើម ប្រាកដជា​ជំរុញ​ឲ្យ​សមាជិក​ផ្សេងទៀត ថ្កោលទោស​ទង្វើ​របស់​កូរ៉េខាងជើង​មិន​ខាន​។​

​យ៉ាងណាក្ដី បំណង​ព្យួរ​សមាជិកភាព​របស់​កូរ៉េខាងជើង​ក្នុង​កិច្ចប្រជុំ ARF មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ ដូច​កិច្ចប្រជុំ​អាស៊ាន​ដែរ ARF សម្រេចចិត្ត​លើ​បញ្ហា​ដោយ​ពឹង​ផ្អែកលើ​គោលការណ៍​ឯកច្ឆន្ទ​។ ពោលគឺ​មានន័យថា បើ​សមាជិក​ណាមួយ​ប្រឆាំង ការសម្រេចចិត្ត​របស់ ARF មិនអាច​លេច​ជា​រូបរាង​បានឡើយ​។ ក្នុងចំណោម​សមាជិក ARF ទាំងអស់ គេ​ឃើញ​មាន​ប្រទេស​ច្រើន​ដែល​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង ដែល​នេះ​នឹង​បង្ក​ការលំបាក​ខ្លាំង​ដល់​ការប្រឹងប្រែង​របស់​អាមេរិក​៕       


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  អាស៊ាន​
  ARF
© រក្សាសិទ្ធិដោយ thmeythmey.com